អានតួអត្ថបទ
ម៉ាលី-បារាំង

បារាំង ដកទ័ពចេញទាំងស្រុងពីប្រទេសម៉ាលី

ក្រុមទាហានបារាំង​ចុង​ក្រោយ​​បាន​ចាក​ចេញ​ពី​ប្រទេសម៉ាលីកាលពីថ្ងៃចន្ទនេះ បញ្ចប់​ការអន្តរាគមន៍​យោធារបស់បារំង​​ដែលមានរយៈពេល៩​ឆ្នាំ​មកហើយ។ កងកម្លាំងបារាំងបានគាំទ្ររដ្ឋាភិបាលប្រទេសម៉ាលីប្រឆាំងនឹងពួកបះបោរជិតមួយទសវត្សរ៍មកហើយ ប៉ុន្តែប្រធានាធិបតីលោក អេម៉ានុយអែល ម៉ាក្រុងបានសម្រេចចិត្តដកទព័ចេញ បន្ទាប់ពីរបបយោធាម៉ាលីឡើងកាន់អំណាចកាលពីខែសីហាឆ្នាំទៅនេះ។

ទាហាន​បារាំង​បញ្ចប់បេសកកម្ម ហើយឡើង​យន្តហោះ​ក្នុង​ទីក្រុង Gao ប្រទេស​ម៉ាលី កាលពី​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។
ទាហាន​បារាំង​បញ្ចប់បេសកកម្ម ហើយឡើង​យន្តហោះ​ក្នុង​ទីក្រុង Gao ប្រទេស​ម៉ាលី កាលពី​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។ © Jerome Delay/AP
ផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនងរវាងប្រទេសម៉ាលី និងទីក្រុងប៉ារីសបានបែកបាក់ បន្ទាប់ពីរបបយោធាបានឡើងកាន់អំណាចហើយ អំពើហឹង្សារបស់ពួកជីហាដនិយមបានកើនឡើងនៅក្នុងតំបន់។ ជនស៊ីវិលជាង ២ពាន់ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសម៉ាលី នីហ្សេរីយ៉ា និងប្រទេស បួគីណា ហ្វាសូ អាហ្រ្វិកខាងលិចចាប់តាំងពីដើមឆ្នាំនេះមក ផ្អែកលើការរកឃើញរបស់អង្គការមិនមែនរដ្ឋាភិបាលមួយ។

ភាពមិនពេញចិត្តរបស់ប្រទេសបារាំងបានកើតមានពេលដែរ របបយោធានេះបានពន្យារពេលផ្ទេរសិទ្ធគ្រប់គ្រងដល់រដ្ឋាភិបាលស៊ីវិល និងបានទទួលយកទាហានស៊ីឈ្នួលរុស្ស៊ីចូលមកក្នុងប្រទេស។

ប្រធានាធិបតីបារាំង កាលពីថ្ងៃចន្ទនេះបានធ្វើការអបអរសាទកោតសរសើរទៅលើកងកម្លាំងបារាំង ដែលក្នុងរយៈពេលប្រាំបួនឆ្នាំកន្លងមកនេះបានជួយ រារាំងការគ្រប់គ្រងរបស់ក្រុមជីហាដ ហើយបានប្រយុទ្ធប្រឆាំងនឹងភេរវជន ដែលបានវាយប្រហារប្រជាជនក្នុងតំបន់ និងបានគំរាមកំហែងដល់សន្តិភាពរបស់សហភាពអឺរ៉ុប។ លោកក៏បន្ថែមទៀតថា ទោះមានទាហានបារាំង ៥៩ នាក់បានស្លាប់នៅក្នុងប្រទេសម៉ាលីក៏ដោយ សមាជិកជាន់ខ្ពស់ភាគច្រើននៃក្រុមភេរវកម្មត្រូវបាន លុបបំបាត់។

យ៉ាងណាមិញប្រទេសបារាំងនឹងរក្សាទាហានជាង ១ពាន់នាក់នៅក្នុងប្រទេសនីហ្សេរីយ៉ា​ដែលប្រទេសជិតខាងរបស់ម៉ាលី​ ហើយក៏ជា ប្រទេសក្រីក្របំផុតនៅក្នុងពិភពលោក តែងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ពីក្រុមជីហាដនិយម ដែលបានចាប់ផ្តុំគ្នាឡើងនៅភាគខាងជើងប្រទេសម៉ាលីកាលពីឆ្នាំ ២០១២។ ប្រទេសនីហ្សេរីយ៉ានេះ បានទទួលជំនួយដ៏ធំបំផុតពីបារាំង ចំនួនជាង​ មួយរយសែសិបលានអឺរ៉ូ កាលពីឆ្នាំមុន។

រដ្ឋមន្ត្រីការបរទេសបារាំង បានប្រាប់សមាជិកសភាថា ហានិភ័យលទ្ធិប្រជាធិបតេយ្យនៅអាហ្រ្វិកខាងលិចកំពុងតែមានការកើនឡើង ហើយបញ្ជាក់ថាទោះជាយ៉ាងណាក៏ដោយ បារាំងនឹងនៅតែបន្តជួយកងទ័ពនៅក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវជនដដែល។

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង កាលពីខែមិថុនានេះ ក៏បានស្នើឱ្យរដ្ឋាភិបាល និងប្រមុខយោធា គិតឡើងវិញអំពីវត្តមានទាំងមូលរបស់បារាំងនៅលើទ្វីបអាហ្រ្វិក។ គាត់បានអំពាវនាវឱ្យ គួរមានការ បង្កើនទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ ជាមួយកងកម្លាំងតាមតំបន់ តែគួរកាត់បន្ថយវត្តមានយោធាកុំឲ្យមានភាពធំដុំពេក។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ