អានតួអត្ថបទ
ម៉ាលី-បារាំង-ភេរវកម្ម

ម៉ាលី​​ទាមទារ​កិច្ចប្រជុំបន្ទាន់​នៅក្រុមប្រឹក្សា​សន្តិសុខ ដោយ​​ចោទ​បារាំង​ថា​រំលោភ​អធិបតេយ្យភាព

របបសិកម៉ាលី បាន​ធ្វើលិខិតមួយ​ ទាមទារឲ្យ​មានការប្រជុំបន្ទាន់ នៅក្រុម​ប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ​ដោយ​ចោទថា​​បារាំង បាន​ធ្វើសកម្មភាព “​គំរាមកំហែង​” និង “​រំលោភអធិបតេយ្យភាព” ​របស់ខ្លួន​។ លិខិត​របស់​​ក្រសួង​ការបរទេស​ម៉ាលីនេះ បាន​អះអាងថាកងទ័ពបារាំង បានធ្វើសកម្មភាពឈ្លប​យក​ការណ៍ ​មកលើម៉ាលី ហើយ​ថែម​ទាំងបានឃុបឃិត ជាមួយ​​ក្រុមជីហាតភេរវកម្ម ថែមទៀតផង។

រូបថតថ្ងៃទី ១៩ មេសា ២០២២ តំណាង​ទាហានបារាំង កំពុងចុះហត្ថលេខាជាមួយទាហានម៉ាលី លើសំណុំឯកសារដក​កម្លាំង​និង​សម្ភារៈចេញពីមូលដ្ឋាន Gossi
រូបថតថ្ងៃទី ១៩ មេសា ២០២២ តំណាង​ទាហានបារាំង កំពុងចុះហត្ថលេខាជាមួយទាហានម៉ាលី លើសំណុំឯកសារដក​កម្លាំង​និង​សម្ភារៈចេញពីមូលដ្ឋាន Gossi AP
ផ្សាយពាណិជ្ជកម្ម

នេះគឺជាការបោះជំហានថ្មី​មួយទៀត នៃការរករឿង ចោទប្រកាន់ប្រឆាំងបារាំង ពីសំណាក់របបសិកម៉ាលី បន្ទាប់ពី​របបសិកនេះ បានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីខែសីហាឆ្នាំ​២០២០ ហើយ​បានបណ្តេញ​កងទ័ព​បារាំង​ចេញពី​ប្រទេស​ខ្លួន។

គួររំលឹកថា កងទ័ពបារាំង​មានវត្តមាន​នៅម៉ាលី តាំងតែពី​​ឆ្នាំ​២០១២មក​ ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​​ក្រុមជីហាតភេរវកម្ម​ នៅតំបន់សាហ៊ែល។ លោក ប្រ៊ុយណូ បារ៉ាតស៍ (Bruno Baratz) មេបញ្ជាការកងទ័ពបារាំង ទទួល​បន្ទុក​ប្រតិបត្តិការ​នេះ បាន​ប្រតិកម្ម​​លើកឡើងថា ការចោទ​ពីសំណាក់របបសិកម៉ាលី ថាបារាំងឃុបឃិតជាមួយក្រុមជីហាតនេះ វាគឺ​ជាការជេរប្រមាថមួយ មកលើ​កងទ័ពបារាំង ព្រមទាំងកងទ័ពមួកខៀវនៃ​អង្គការសហប្រជាជាតិ និងជាពិសេសនោះគឺវា​ជាការ​​​ជេរប្រមាថដ៏ធ្ងន់ធ្ងរ​​  មក​លើ​វិញ្ញាណក្ខន្ធ​របស់​ទាហានបារាំងទាំង​៥៩​នាក់ ដែល​បានស្លាប់បាត់បង់ជីវិត ក្នុងបុព្វហេតុ​​ការពារ​ម៉ាលី​ ពីក្រុ​​ម​ជីហាត​ភេរវកម្ម​។​

01:05

សម្រង់ប្រសាសន៍របស់ លោក Bruno Baratz មេបញ្ជាការកងទ័ពបារាំងនៃប្រតិបត្តិការ​ប្រឆាំងជីហាតភេរវកម្មនៅសាហ៊ែល

“ក្នុងនាមយើងជា​កងទ័ពបារាំង យើងតែងតែ​មានតម្លាភាព​ច្បាល់លាសជានិច្ច ជាមួយនឹងអាជ្ញាធរម៉ាលី។ យើងយល់ថា ការចោទប្រកាន់នេះ វាគឺជាការជេរប្រមាថ មកលើវិញ្ញាណក្ខន្ធរបស់ទាហានបារាំងទាំង​៥៩នាក់​ ដែលបាន​ស្លាប់ពលីជីវិត ក្នុងបុព្វហេតុជួយ​ការពារប្រទេសម៉ាលី ព្រមទាំង​ទាហានម៉ាលីដែលបានជួយវាយ​ប្រយុទ្ធជាមួយយើង ក៏ដូចជាកងទ័ព​ Manusma អាហ្វ្រិក​ នៃអង្គការសហប្រជាជាតិ ដែលបាន​ស្លាប់បាត់បង់ជីវិត នៅក្នុង​ប្រតិបត្តិការជួយប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតភេរវកម្ម​។​

វាជាការជេរប្រមាថ មកលើកយើង។ ជាងនេះទៀត យើងបាន​ប្តេជ្ញាចិត្ត ធ្វើគ្រប់យ៉ាង តស៊ូប្រយុទ្ធរហូតដល់ទីបំផុត មិនទំលាក់ដៃទេ បើទោះបីជាស្ថិតក្នុងកាលៈទេសៈ កំពុងតែ​ដកទ័ពចេញពីម៉ាលី ទៅតាម​ការទាមទាររបស់​របបសិកនេះក៏ដោយ​។ ជាក់ស្តែងដូចយើងបានដឹងហើយ ថាចុងក្រោយ​បំផុតនេះ កងទ័ពយើង​បាន​ប៉ះដៃគ្នាជាមួយ​ក្រុម​ជីហាតអ៊ីស្លាម​សាហ៊ែល ហើយយើងបាន​សម្លាប់​សមាជិក​ក្រុមនេះ​ចំនួន​២នាក់។ ដូច្នេះវាគឺជារឿងដ៏ចម្លែកណាស់ ដែដែល​មកចោទយើងថាឃុបឃិត​ជាមួយ​ក្រុមជីហាត​ភេរវកម្ម បែបនេះទៅវិញ។”

លោក​ប្រធានាធីបតី ម៉ាក្រុង ឈរគោរពវិញ្ញាណក្ខន្ធទាហានបារាំង ឈ្មោះ​ Maxime Blasco ដែលបានស្លាប់​នៅក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំងនឹង​ក្រុមជីហាតភេរវកម្មក្នុងប្រទេសម៉ាលី។ ថ្ងៃទី ២៩ កញ្ញា ២០២១
លោក​ប្រធានាធីបតី ម៉ាក្រុង ឈរគោរពវិញ្ញាណក្ខន្ធទាហានបារាំង ឈ្មោះ​ Maxime Blasco ដែលបានស្លាប់​នៅក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំងនឹង​ក្រុមជីហាតភេរវកម្មក្នុងប្រទេសម៉ាលី។ ថ្ងៃទី ២៩ កញ្ញា ២០២១ AP - Stephane Mahe

សូមបញ្ជាក់ដែរថា យោងតាមប្រភពព័ត៌មានជាច្រើន គឺ​របបសិកម៉ាលី កំពុងតែព្យាយាមបណ្តេញកងទ័ពសម្ព័ន្ធមិត្តដឹកនាំ​ដោយ​​បារាំង ហើយ​ងាកទៅសហការជាមួយ​នឹង​រុស្ស៊ីវិញ។ កងទ័ពបារាំងដកចេញមិនទាន់ផុតផង គេឃើញវត្តមានរបស់ជំនាញ​ការទ័ពរុស្ស៊ី ចាប់ផ្តើមទៅដល់ម៉ាលីហើយ​។ កាលពីថ្ងៃពុធម្សិលមិញ ប្រភពពី​រដ្ឋាភិបាល​អាល្លឺម៉ង់ អះអាងថា​ យ៉ាងហោចណាស់ មាន​ទាហានរុស្ស៊ីពាក់ឯកសណ្ឋាន ប្រមាណ​២០ ទៅ៣០នាក់ ត្រូវបាន​គេប្រទះឃើញ​ កំពុងតែទំលាក់សម្ភារៈពីលើយន្តហោះ នៅឯព្រលានយន្តហោះតំបន់ GAO មិនឆ្ងាយ​ប៉ុន្មានពី​មូលដ្ឋានទ័ពបារាំង និង​បន្ទាយរបស់​កងបេសកកម្មពិសេស នៃអង្គការសហប្រជាជាតិ។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ