អានតួអត្ថបទ
សូម៉ាលី-កុមារ​-អត់ឃ្លាន

សូម៉ាលី ៧ខែ​ស្លាប់​ក្មេង​ប្រមាណ​៣៧០​នាក់​ ដោយជំងឺ​ខ្វះ​​អាហារូបត្ថម្ភ

នៅ​រវាងពី​ខែ​មករា​ដល់​ខែ​កក្កដា មាន​កុមារ​ប្រមាណ​៣៧០​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត នៅក្នុង​មជ្ឈមណ្ឌល​សង្គ្រោះ​ របស់​អង្គការ​យូនីសេហ្វ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​មូលនិធិ​អង្គការ​សហប្រជាជាតិ​​ដើម្បីកុមារ​ ដែល​យល់​ថា ​អត្រា​ក្មេង​ស្លាប់​ដោយជំងឺ​ខ្វះ​​អាហារ​ ​អាច​មាន​ចំនួន​ច្រើន​ជាង​នេះ​ខ្លាំង​ដោយ​ជាក់ស្តែង។

កុមារ​សូម៉ាលីប្រមាណ​៣៧០នាក់ បាន​ស្លាប់ ដោយ​ជំងឺ​ខ្វះអាហារ ពី​ខែមករា​ដល់​ខែកក្កដា​២០២២
កុមារ​សូម៉ាលីប្រមាណ​៣៧០នាក់ បាន​ស្លាប់ ដោយ​ជំងឺ​ខ្វះអាហារ ពី​ខែមករា​ដល់​ខែកក្កដា​២០២២ ®MaratSoszynska
ផ្សាយពាណិជ្ជកម្ម

សូម៉ាលី​កំពុង​ស្ថិត​នៅ​លើ​មាត់​ជ្រោះ​នៃ​​គ្រោះ​ទុរ្ភិក្ស។ ចំនួន​កុមារ​ខ្វះ​អាហារូបត្ថម្ភ​ បាន​ឡើង​ដល់​កំរិត​កំពូល​ មិន​ធ្លាប់​មាន​ពីមុន​មក​ទេ។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​លោកស្រី​ Wafaa Saeed តំណាង​អង្គការ​យូនីសេហ្វប្រចាំ​សូម៉ាលី ពី​ទីក្រុង​ហ្សឺណែវទៅ​កាន់​អ្នកសារព័ត៌មាន។

​ជា​សរុប​មាន​ក្មេង​ប្រមាណ​៣៧០នាក់​បាន​ស្លាប់ នៅក្នុង​មណ្ឌល​សង្គ្រោះ​នៅទូទាំង​ប្រទេស គិត​ចាប់​ពី​ខែ​មករា​ដល់​ខែ​កក្កដា​២០២២។ ​អត្រា​ស្លាប់​ដោយ​ជំងឺ​ខ្វះ​អាហារ មាន​កំរិត​តែ ១%​ទេ បើ​ប្រៀប​ទៅ​ចំនួន​ក្មេង​ដែល​ចូល​មក​ព្យាបាល​នៅក្នុង​មជ្ឈមណ្ឌល​ ប៉ុន្តែតួលេខ​​ពិត​ជាក់ស្តែង​ក្នុង​ប្រទេសច្បាស់​ជា​ខ្ពស់​ខ្លាំងជាង​នេះ​ឆ្ងាយ​ ព្រោះមានករណី​ស្លាប់ច្រើន ដែល​មិន​បាន​ចុះ​ក្នុង​​បញ្ជី។ បើ​តាម​ការ​ពន្យល់​របស់​លោកស្រី សាអ៊ីដ កុមារ​សូម៉ាលី អាយុ​ក្រោម​៥ឆ្នាំ​​ ចំនួន​ពាក់​កណ្តាល ពោល​គឺ​ស្មើ​នឹង​ប្រមាណ ​១លាន​នាក់​កន្លះ​ កំពុងមាន​ជំងឺ​ខ្វះ​​អាហារូបត្ថម្ភ​​ស្រួចស្រាវ​ ហើយ​ក្នុង​ចំណោម​នោះ កុមារ​ជាង​៣៨៥០០០នាក់ ត្រូវ​ការថ្នាំ​ព្យាបាល​ ប្រឆាំង​នឹង​ជំងឺ​ខ្វះអាហារធ្ងន់ធ្ងរ។

បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត ទោះបី​ជា​ក្មេង​សូម៉ាលី បាន​ទទួល​ទាន​អាហារ​ក្នុង​បរិមាណ​ប៉ុនណា​ក៏​ដោយ ក៏​ក្មេង​ទាំង​នោះ​ពុំ​អាច​ជា​ពី​ជំងឺ​បាន​ដែរ បើ​គ្មាន​ទឹក​ស្អាត​បរិភោគ​ទេ​នោះ។ ​នេះ​ជា​ការ​អះអាង​របស់​លោកស្រី សាអ៊ីដ ដោយ​បន្ថែម​ថា កុមារ​​សូម៉ាលី​ប្រមាណ​ជាង​៤លាន​នាក់​កន្លះ​កំពុង​ត្រូវការ​ទឹកស្អាត​​ជា​បន្ទាន់។

ដោយ​ហេតុ​ភាព​រាំងស្ងួត ប្រភព​ទឹកជា​ច្រើន​​បាន​រីង  ឯច្រើន​ទៀត​ត្រូវ​​ស្ងួត​ព្រោះ​តម្រូវ​ការ​ខ្លាំងពេក​។ រាំង​ស្ងួ​ត​កាន់​តែ​ខ្លាំង តម្លៃ​ទឹក​កាន់​តែ​ឡើង​ពី​៥៥ទៅ​៨៥%​ តាំងពី​មករាមក។ បើ​តាម​អង្គការ​សហប្រជាជាតិ ប្រជាជន​សូម៉ាលីជិត​ពាក់​កណ្តាល (៧,៨លាន​នាក់) កំពុង​រងគ្រោះ​ពីភាព​រាំងស្ងួត​ជា​ប្រវត្តិសាស្ត្រ​នេះ ក្នុង​នោះ ២១៣០០០​នាក់ ក្នុង​ប្រឈម​នឹង​គ្រោះ​ទុរ្ភិក្ស។ កាលពី​ឆ្នាំ​២០១១-១២ គ្រោះ​ទុរ្ភិក្ស​បាន​ផ្តាច់​ជីវិតជនសូម៉ាលី​អស់​២៦០០០០នាក់ ក្នុង​នោះ​ពាក់​កណ្តាល​ជា​ក្មេង​អាយុ​ក្រោម​៥​ឆ្នាំ។

ក្តី​ព្រួយ​បារម្ភ​ដ៏ធំ​មួយ​ទៀត សម្រាប់​យូនីសេហ្វ​ គឺ​​នៅពេលក្មេង​មាន​គ្រោះ​ខ្វះ​អាហារ​ស្រួចស្រាវ​កាន់​តែ​ច្រើន អត្រា​មរណៈ​កុមារ​ដោយ​ជំងឺ​ឆ្លង​និង​រាតត្បាត​ក៏​ឡើង​ខ្ពស់​ទៅ​តាម​នោះ​ដែរ។ ជាក់ស្តែង​ ពេល​នេះ សូម៉ាលី សង្កេត​ឃើញ​មានកុមារ​កើត​ជំងឺរាករូស​លើស​ធម្មតា ៨៤០០ករណី និង​ជំងឺ​កញ្ជ្រិល​១៣០០០ករណី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ