អានតួអត្ថបទ
អាកាសធាតុ

លោក​អគ្គលេខាធិការ អ.ស.ប ៖ ពិភពលោក​មាន​ជម្រើស​តែ២ទេ សាមគ្គីគ្នា ឬ ស្លាប់​ទាំងអស់​គ្នា

វិបត្តិអាកាសធាតុ គឺជា​ភាពអាសន្ន ដែលកំពុងចោទឡើងមកលើមនុស្សជាតិយើងឲ្យដោះស្រាយ។​ យោងតាម​អង្គការ​ឧតុនិយមពិភពលោក ៨ឆ្នាំ​កន្លងមកនេះ ផែន​ដីយើងបាន​ឡើងកំដៅជាខ្លាំងមិនធ្លាប់មាន ធ្វើ​ឲ្យ​ប្រែប្រួលក្រឡាប់ចាក់ ដល់ប្រព័ន្ធអាកាធាតុសកល។ “ពិភពលោក​យើង មានជម្រើសតែ២ទេ ទីមួយ គឺការសាមគ្គីគ្នា ទីពីរគឺ​​ស្លាប់ទាំងអស់គ្នា”។ នេះគឺជាសំដីថ្លែងរន្ធាន់ របស់​លោក​អង់តូនីញ៉ូ ហ្គូទែរស៍ អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងឱកាស​បើកសន្និសីទពិភពលោកស្តីពីអាកាសធាតុ COP27 កាលពីថ្ងៃចន្ទ ទី​៧វិច្ឆិកា​។​

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងពេល​ថ្លែង​សុន្ទរកថាបើកសន្និសីទ COP27 នៅទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប ថ្ងៃទី៧ វិច្ឆិកា ២០២២
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងពេល​ថ្លែង​សុន្ទរកថាបើកសន្និសីទ COP27 នៅទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប ថ្ងៃទី៧ វិច្ឆិកា ២០២២ REUTERS - MOHAMMED SALEM
ផ្សាយពាណិជ្ជកម្ម

លោក​អង់តូនីញ៉ូ ហ្គូទែរស៍ បាន​អំពាវនាវ ឲ្យ​ក្រុមប្រទេសអភិវឌ្ឍន៍​ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវរួមសាមគ្គីគ្នា បង្កើតជា “កតិកាសញ្ញាសាមគ្គី​ដើម្បី​អាកាសធាតុ” ប្រសិនបើមិនចង់ស្លាប់ទាំងអស់គ្នា ដោយសារ​គ្រោះ​មហន្តរាយ​អាកាសធាតុ​ទេ​នោះ។ វាគឺជាកតិកាសញ្ញា​​ដើម្បីជួយគ្នា ចាកចេញពី​ថាមពល​ហ្វូស៊ីល ដែលជាដើមហេតុចង្រៃ ធ្វើ​ឲ្យ​ផែនដី​ឡើងកំដៅ​។

01:29

សម្រង់​ប្រសាសន៍​លោក អង់តូនីញ៉ូ ហ្គូទែរស៍ ថ្លែងបើកសន្និសីទCOP27

“ខ្ញុំសូមអំពាវនាវ ឲ្យ​មាន​ការបង្កើត កាតិកាសញ្ញា​​ជាប្រវត្តិសាស្ត្រមួយ រវាង​ក្រុមប្រទេសអ្នកមាន និង​ក្រុមប្រទេសកំពុងអភិវឌ្ឍន៍។ ជាកាតិកាសញ្ញា​​​សាមគ្គីភាព ដើម្បីដោះស្រាយ​វិបត្តិ​​អាកាសធាតុ។ តាមរយៈកាតិកាសញ្ញា​នេះ ប្រទេសទាំងអស់នឹងរួមគ្នា ប្រឹងប្រែងបន្ថែមទៀត ក្នុងរយៈពេល​១០ទៅមុខ ដើម្បីកាត់បន្ថយ​ការបញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់។​

ជាមួយកតិកាសញ្ញា​នេះ ប្រទេស​អ្នកមានជីវភាព​ល្អ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ នឹងជួយ​ផ្តល់ជាជំនួយថវិកា ព្រមទាំងជំនួយចំណេះដឹងបច្ចេកទេស ឲ្យ​ដល់​ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បី​ឲ្យ​ពួកគេ អាច​បន្ថែម​ល្បឿន ដល់ការធ្វើអន្តរកម្ម​ថាមពល​។

កតិកាសញ្ញា​​នេះ នឹងជម្រុញ​ឲ្យ​ពិភពលោក បានប្រើប្រាស់ថាមពល​ស្អាតស្អំ ថាមពលកកើតឡើងវិញទាំងអស់គ្នា។ មហាអំណាច​សេដ្ឋកិច្ច​ដ៏ធំជាងគេទាំង២ គឺចិននិងសហរដ្ឋអាមេរិក គួរតែមានការទទួលខុសត្រូវជាពិសេសជាងកេ ក្នុង​ការ​សម្រេច​ឲ្យ​បាននូវ​សម្ព័ន្ធសាមគ្គីភាពនេះ។ ព្រោះថាសេចក្តីសង្ឃឹមរបស់​យើងទាំងអស់គ្នា ក្នុងការឈានទៅសម្រេចកម្មវត្ថុដោះស្រាយវិបត្តិអាកាសធាតុ គឺវាស្ថិតនៅលើកតិកាសញ្ញា​​នេះ​ហើយ​។ យើងមានជម្រើសតែ២ទេ រវាង​ កាតិកាសញ្ញាសាមគ្គីភាព​អាកាសធាតុ ឬពុំដូច្នោះទេ គឺកតិកាសញ្ញាធ្វើអត្តឃាត ស្លាប់​រួមគ្នា៕”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ