អានតួអត្ថបទ
គ្រុនចាញ់

អង្គការ​សុខភាព​ពិភពលោក​អំពាវនាវ​​ឲ្យ​ប្រឹងប្រែង​ទ្វេដង ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់

ជម្ងឺ​គ្រុនចាញ់ បន្តសម្លាប់​ជីវិតមនុស្ស​ជាច្រើនម៉ឺនសែន​នាក់ ជារៀងរាល់ឆ្នាំ ដែលភាគច្រើនលើសលុបគឺនៅទ្វីប​អាហ្វ្រិក​។ ថ្វីបើឆ្នាំ២០២១កន្លងទៅ ចំនួនករណីឆ្លងរាលដាល និ​ងករណីស្លាប់បាន​ប្រសើរឡើងបន្តិចជាងឆ្នាំ​២០២០ក៏ដោយ តែអង្គការសុខភាពពិភពលោក បានអំពាវនាវ ឲ្យ​គ្រប់ប្រទេស ព្រមទាំងភ្នាក់ងារពាក់ព័ន្ធទាំងអស់ ត្រូវប្រឹងប្រែង​ ឲ្យ​បានទ្វេដងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់។

ភ្នាក់ងារម្នាក់ កំពុងជិះកង់បាញ់ថ្នាំសម្លាប់សត្វមូស នៅតំបន់ Prayagraj ក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ថ្ងៃទី ១៧ វិច្ឆិកា ២០២២​
ភ្នាក់ងារម្នាក់ កំពុងជិះកង់បាញ់ថ្នាំសម្លាប់សត្វមូស នៅតំបន់ Prayagraj ក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ថ្ងៃទី ១៧ វិច្ឆិកា ២០២២​ AP - Rajesh Kumar Singh
ផ្សាយពាណិជ្ជកម្ម

អង្គការសុខភាពពិភពលោក បានចេញរបាយការណ៍​ប្រចាំឆ្នាំ ស្តីអំពីការប្រយុទ្ធប្រឆាំងនឹង​​​ជម្ងឺគ្រុនចាញ់ នៅទូទាំងពិភពលោក។ យោងតាមរបាយការណ៍នេះ ពិភពលោក​ត្រូវតែ​បង្កើនការប្រឹងប្រែងឲ្យ​បានទ្វេដង តាមរយៈការប្រមូលថវិកា ឲ្យ​បានគ្រប់គ្រាន់ ដើម្បី​ប្រើ​ប្រាស់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរាលដាល និង​ការ​ព្យាបាលថែទាំអ្នកជំងឺ​ជាដើម​។

យោងតាមអង្គការសុខភាពពិភពលោក គឺពិភពលោក​យើង បានដើរចាកឆ្ងាយ ​ពីកម្មវត្ថុ​ដែលកំណត់​កាត់​បន្ថយ​ឲ្យ​បាន​៩០% នូវ​ចំនួន​ឆ្លងរាលដាល និងចំនួន​មនុស្សស្លាប់ នៅរវាងឆ្នាំ​២០៣០។ ក៏ប៉ុន្តែ​វិបត្តិកូវីដ​១៩ នៅឆ្នាំ​២០២០កន្លងទៅ បានធ្វើឲ្យ​រំខានយ៉ាងខ្លាំង ដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹង​ជម្ងឺ​គ្រុនចាញ់។ ការបង្ការ ទប់ស្កាត់​ការឆ្លងរាលដាល ព្រម ការព្យាបាលថែទាំ ត្រូវបានអាក់ខានសឹងទាំងស្រុង ធ្វើឲ្យ​ចំនួន​ករណីឆ្លងជម្ងឺគ្រុនចាញ់ និងចំនួន​មនុស្សស្លាប់ បាន​កើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ​២០២០។

សូមរំលឹកថា នៅរវាង​ពី​ឆ្នាំ​២០០០ ដល់ឆ្នាំ​២០១៩ ចំនួន​មនុស្សស្លាប់ដោយ​ជម្ងឺគ្រុនចាញ់​បានធ្លាក់ចុះគួរ​ឲ្យ​ត្រេកអរ ។​ តែនៅឆ្នាំ​២០២០ ចំនួន​ករណីស្លាប់ដោយ​គ្រុនចាញ់ បាន​កើនឡើង១០% ពោលគឺមានសរុប ៦២៥០០០នាក់ហើយ​នៅឆ្នាំ​២០២១ ​ករណីស្លាប់​ មានចំនួនសរុប ៦១៩០០០នាក់។ ៩៥%នៃចំនួន​ករណីឆ្លងថ្មី និង ៩៦%នៃករណីស្លាប់ដោយ​គ្រុនចាញ់ គឺមាននៅក្នុងទ្វីបអាហ្វ្រិក ដែលក្នុង​នោះ​កុមារអាហ្វ្រិក​គឺជាជនរងគ្រោះ​ធំបំផុត។​

កាលពីឆ្នាំ​២០២១​គេបាន​ប្រមូលថវិកាចំនួន​ ៣,៥ពាន់លាន​ដុល្លារ ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់។​ ជាទំហំថវិកា​ដែលបានកើនឡើងបន្តិច បើប្រៀបធៀបទៅ​២ឆ្នាំមុន តែនៅតែទាបឆ្ងាយ បើប្រៀបធៀបទៅនឹងតម្រូវការដែលមានចំនួន​ ៧,៣ពាន់លានដុល្លារ។ ទន្ទឹមគ្នា​នេះ អង្គការសុខភាព​ពិភពលោក បានអបអរចំពោះការប្រឹងប្រែងនៅតាមប្រទេសខ្លះ ក្នុងការចែក​ចាយ​មុងជ្រលក់ថ្នាំបណ្តេញសត្វមូស ទៅឲ្យ​ប្រជាជននៅតាមទីជនបទ។

ដោយឡែក ក្តីសង្ឃឹមត្រូវបាន​ផ្ញើទៅលើ​ថ្នាំបង្ការថ្មីមួយ​ប្រភេទ ដែលត្រូវបានចាក់ទៅឲ្យ​កុមារចំនួន ប្រមាណ​១លាននាក់ហើយ។ អង្គការសុខភាពពិភពលោកអះអាងថា ថ្នាំវ៉ាក់សាំង​នេះ នឹងត្រូវបាន​ចែកចាយ​ឲ្យ​បានទូលំទូលាយ​ ចាប់ពីឆ្នាំក្រោយ​ទៅ។​ យ៉ាងណាក៏ដោយ លោក Peter Sands អគ្គនាយក​មូលនិធិពិភពលោក ដែល​ចូលរួមចំណែក​ជាង​៦០%ដល់ថវិការចំណាយ​ប្រយុទ្ធនឹងជម្ងឺ​គ្រុនចាញ់ បាន​លើកឡើងថា សត្វមូស ដែលជាភ្នាក់ងារចម្លងជម្ងឺគ្រុនចាញ់ វា​វិវឌ្ឍន៍ខ្លួនជានិច្ច ដើម្បី​បន្សាំខ្លួន​ទប់ទល់ជាមួយថ្នាំសម្លាប់មូស ឬក៏​រកវិធី​រស់ដោយខាំមនុស្ស​នៅពេលថ្ងៃ ដែលគ្មានមុងការងារជាដើម។ ជាងនេះទៀត ជាមួយ​នឹង​ការកើនឡើងកំដៅផែនដី តំបន់ដែលមានសីតុណ្ហភាពក្តៅ ហើយ​ប្រឈមខ្លាំង​នឹង​ការរាតត្បាតរបស់សត្វមូស នឹងកាន់តែរីកធំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ