អានតួអត្ថបទ
អាហ្វ្រិក-វជំងឺអាសន្នរោគ

អង្គការ​សុខភាព​ពិភពលោក​ទាញ​សញ្ញា​អាសន្ន​ពី​កង្វះ​វ៉ាក់សាំង​ប្រឆាំង​ជំងឺអាសន្នរោគ

ខណៈពេល​ដែលជំងឺអាសន្ន​កាន់​តែ​រីករាតត្បាត នៅក្នុង​ពិភពលោក អង្គការ​សុខភាព​ពិភពលោក​បានទាញ​សញ្ញា ព្រមាន​ពីកង្វះ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺដ៏មរណៈ។ នៅក្នុង​សន្និសីទ​កាសែត នៅទីក្រុង​ហ្សឺណែវ កាលពីថ្ងៃ​សុក្រ ប្រធាន​ក្រុមទទួល​បន្ទុកជំងឺអាសន្នរោគ​របស់​អង្គការ​សុខភាព​ពិភពលោក បានអំពាវនាវ​ឲ្យ​គេ​បង្កើនការផលិត​ វ៉ាក់សាំង បន្ថែមដើម្បី​ប្រឈម​នឹង​កំណើនជំងឺអាសន្នរោគ​គួរឲ្យព្រួយបារម្ភ។

កុមារយេមែន​ទទួលវ៉ាក់សាំង​បង្ការជំងឺអាសន្នរោគ
កុមារយេមែន​ទទួលវ៉ាក់សាំង​បង្ការជំងឺអាសន្នរោគ AP - Hani Mohammed
ផ្សាយពាណិជ្ជកម្ម

ក្នុងកាលៈទេសៈដែល​ពិភពលោក​ប្រឈម​នឹង​សន្ទុះកំណើន​ជំងឺអាសន្នរោគ ដែលអំណោយផល ដោយ​ការប្រែប្រួលអាកាសធាតុ អង្គការ​សុខភាពពិភពលោកហៅកាត់ជាភាសាបារាំងថា OMS​ ត្រូវ​ខ្វល់ខ្វាយ ទាញ​សញ្ញា​អាសន្ន ពីរឿងខ្វះ​វ៉ាក់សាំង​ប្រឆាំង​ជំងឺអាសន្នរោគ។

អង្គការ​សុខភាពពិភពលោក​មាន​ វ៉ាក់សាំង ចំនួន ៣៦លានដូស ក្នុង​មួយឆ្នាំៗ នៅក្នុងស្តុករបស់ខ្លួន។ ប៉ុន្តែ តាម​លោក Philippe Barboza ប្រធាន​ក្រុម​ទទួល​បន្ទុក​ជំងឺ​អាសន្នរោគ និង​ជំងឺ​រាគរូស របស់​OMS ចំនួនវ៉ាក់សាំង​ក្នុងស្តុក​របស់​អង្គការ​សុខភាពពិភពលោក​បានធ្លាក់ចុះ មកនៅ​ចំនួនតិចតួច​ស្តួចស្តើងមែនទែន បន្ទាប់ពីចែកចាយ ទៅប្រទេស​ចំនួន ២៩ ដែលកំពុងផ្ទុះកើតមានជំងឺរាតត្បាតអាសន្នរោគ ជាពិសេស ហៃទី។

បើតាម​អ្នកទទួលខុសត្រូវ​ដដែល កង្វះ​វ៉ាក់សាំង​បង្ការជំងឺអាសន្នរោគ មានមួយផ្នែក ជាប់ពាក់ព័ន្ធ​នឹងការសម្រេចចិត្ត​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ឥណ្ឌា ដែល​សម្រេច​ឈប់​នាំចេញ​វ៉ាក់សាំង។ អាហ្រ្វិកខាងត្បូង​ធ្លាប់អះអាង ចង់​ផលិតវ៉ាក់សាំង​បង្ការ​ជំងឺអាសន្នរោគ ប៉ុន្តែ នៅក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខ។ សម្រាប់​លោក Philippe Barboza ផ្ទុយពីវ៉ាក់សាំង បង្ការជំងឺកូវីដ ដែល​ផ្តល់ប្រាក់ចំណេញ​ដ៏ក្រាស់ក្រែល គម្រោង​ការផលិត​វ៉ាក់សាំង​ជំងឺអាសន្នរោគ មិនសូវទាក់ទាញខ្លាំងសម្រាប់អ្នកផលិត ក្នុងហេតុផលថា អាសន្នរោគ ជាជំងឺនៅ​ប្រទេស​ក្រីក្រ។

ដោយសារ​ចំនួន​រោងចក្រ​ផលិតវ៉ាក់សាំង មានមិនច្រើន ការផលិតវ៉ាក់សាំង សម្រាប់​ស្តុក​របស់​អង្គការ​សុខភាពពិភពលោក មាន តែ ២,៥លានដូស​ប៉ុណ្ណោះ ក្នុងមួយខែ ពោល ប្រមាណ​២៥លានដូសក្នុងមួយឆ្នាំ។ តាម​មន្រ្តី​អង្គការ​សុខភាពពិភពលោក គេត្រូវ​ពេលវេលាជា​ច្រើនឆ្នាំ ដើម្បីអាច​បំពេញស្តុក វ៉ាក់សាំង​ប្រឆាំង​ជំងឺអាសន្នរោគ។

ក្នុងពេល​រង់ចាំ អង្គការ​សុខភាព​ពិភពលោក​ត្រូវបង្ខំចិត្ត​កាត់បន្ថយ ការផ្តល់​វ៉ាក់សាំង ពី​២ ដូស មកនៅ​១ដូស វិញ ដើម្បី​ធានា​ការចែកចាយ​វ៉ាក់សាំងដល់​អ្នកប្រឈម​ជំងឺរាតត្បាត​អាសន្នរោគ។

ជំងឺ​អាសន្នរោគ ដែល​ឆ្លង​ដោយ​ការបរិភោគ​ទឹក​មិន​ស្អាត និង​ចំណីអាហារ​ដែល​មាន​បាក់តេរី កំពុងផ្ទុះរាតត្បាត​នៅ​ក្នុង​ប្រទេស​ចំនួន ២៩ ដែលមាន​ដូចជា ហៃទី ប៉ាគីស្ថាន លីបង់ ស៊ីរី អេត្យូពី​និង​កេនយ៉ាជាដើម។ នៅហៃទី ជំងឺអាសន្នរោគ​រីករាតត្បាត​យ៉ាង​ឆាប់រហ័ស និង​សម្លាប់​មនុស្ស​២៨០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ