អានតួអត្ថបទ
បារាំង-ម៉ាលី-ចំណាប់ខ្មាំង

អ្នកកាសែតបារាំងOlivier Dubois ដែល​ក្រុម​ជីហាត​តំបន់​សាហ៊ែល​ចាប់​ចំណាប់ខ្មាំង ត្រូវរំដោះ​បាន​មកវិញ

អ្នកកាសែតបារាំង ឈ្មោះ Olivier Dubois ដែលត្រូវបាន​ក្រុមជីហាតអ៊ីស្លាមតំបន់សាហ៊ែល ចាប់ធ្វើជា​ចំណាប់​ខ្មាំង កាលពី​ឆ្នាំ​២០២១ ពេលនេះ ត្រូវបានរំ​ដោះមកវិញហើយ។ អ្នកកាសែតរូបនេះ បានធ្វើដំណើរទៅទៅដល់ទីក្រុងប៉ារីសហើយ នៅព្រឹកថ្ងៃអង្គារ ទី​២១មីនានេះ ដោយ​មានលោក​ប្រធានាធិបតី​ម៉ាក្រុង ទៅរងចាំទទួល​នៅ​ឯព្រលានយន្តហោះ​។

អ្នកកាសែតបារាំង លោក Olivier Dubois (ឆ្វេង) និងបុគ្គលិកអង្គការមនុស្សធម៌ជនជាតិអាមេរិក Jeffery Woodke (កណ្តាល) ពេល​មកដល់​ព្រលានយន្តហោះក្រុង Niamey។ អ្នកទាំង២ត្រូវបាន​រំដោះមកវិញ ពីដៃក្រុមជីហាត​អ៊ីស្លាមខាងលិចអាហ្វ្រិក បណ្តាញរបស់អាល់កៃដា
អ្នកកាសែតបារាំង លោក Olivier Dubois (ឆ្វេង) និងបុគ្គលិកអង្គការមនុស្សធម៌ជនជាតិអាមេរិក Jeffery Woodke (កណ្តាល) ពេល​មកដល់​ព្រលានយន្តហោះក្រុង Niamey។ អ្នកទាំង២ត្រូវបាន​រំដោះមកវិញ ពីដៃក្រុមជីហាត​អ៊ីស្លាមខាងលិចអាហ្វ្រិក បណ្តាញរបស់អាល់កៃដា AP - Judith Besnard
ផ្សាយពាណិជ្ជកម្ម

លោក Olivier Dubois ត្រូវបាន​គេឃើញ​ ក្នុងទឹកមុខញញឹម តែមាន​អាការៈហត់ហេវខ្លាំង នៅពេលចុះពីយន្តហោះ នៅក្រុង Niamey កាលពីរសៀលថ្ងៃចន្ទ ដើម្បីឡើងយន្តហោះបន្តមកទីក្រុងប៉ារីស។ លោកត្រូវបាន ប្រតិបត្តិការពិសេសចូលទៅរំដោះមកវិញ ជាមួយ​នឹងបុគ្គលិក​អង្គការ​រមនុស្សធម៌ជនជាតិអាមេរិកម្នាក់ទៀត ឈ្មោះ Jeffery Woodke ដែលត្រូវបាន​ចាប់ជាចំណាប់ខ្មាំង កាលពី​ថ្ងៃទី​១៤ តុលា ឆ្នាំ​២០១៦ នៅ​ប្រទេសនីហ្សេ។

សូមបញ្ជាក់ថា លោក Olivier Dubois លោកគឺជាអ្នកកាសែតឯករាជ្យ​ តែងតែសរសេរព័ត៌មាន​ឲ្យ​បណ្តាញព័ត៌មានបារាំងមួយចំនួន ដូចជាកាសែត Libération និងទស្សនាវត្តី Le Point ជាដើម។ លោករស់នៅ និងធ្វើការ​នៅ​ប្រទេសម៉ាលី តាំងតែពីឆ្នាំ ២០១៥ មុននឹងត្រូវ​បានក្រុមជីហាត​អ៊ីស្លាម GSIM ដែលជាបណ្តាញមួយរបស់​ក្រុមអាល់​កៃដា ចាប់យកទៅធ្វើជាចំណាប់ខ្មាំង កាលពីថ្ងៃទី​៨ មេសា ឆ្នាំ​២០២១ នៅតំបន់ GAO ភាគខាងជើងម៉ាលី​។

ថ្លែងប្រាប់អ្នកកាសែតមុននឹងឡើងយន្តហោះ​ លោក Olivier Dubois បានបញ្ជាក់ថា លោក​សុខសប្បាយទេ ទោះហេវហត់បន្តិច តែលោកសប្បាយចិត្តណាស់ ដែល​បានរួចខ្លួនមានសេរីភាពឡើងវិញ។ លោកបាន​ថ្លែងអរគុណចំពោះអាជ្ញាធរប្រទេសនីហ្សេ ដែល​បានបើក​ប្រតិបត្តិការរំដោះដ៏​លំបាកលំបិននេះ ដោយសហការជាមួយ​កងកម្លាំងបារាំង។​

អមដំណើរជាមួយលោក Olivier Dubois ចំណាប់ខ្មាំងជនជាតិអាមេរិក ឈ្មោះ Jeffery Woodke សក់ស្កូវ ដៃកាន់ឈើច្រត់ ក៏បានថ្លែងអំណរគុណដែរ ដល់រដ្ឋាភិបាលប្រទេសនីហ្សេ និង​បារាំង ដែលបានជួយជ្រោមជ្រែងរំដោះខ្លួន​មកវិញ​។​ មុននឹងត្រូវក្រុមជីហាតចាប់ខ្លួននៅឆ្នាំ​២០១៦ លោក Jeffery Woodke បានធ្វើការក្នុង​អង្គការមនុស្សធម៌ ABALAK ជួយប្រជាជន​រស់នៅក្នុងចរភាព នៅភាគកណ្តាល​ប្រទេសនីហ្សេ។

លោកម៉ាក្រុង​និងលោកអង់តូនីប្លីងកិន​ បានថ្លែងអរគុណផងដែរ ដល់រដ្ឋាភិបាលនីហ្សេ ដែលបានជួយជ្រោមជ្រែង បើកប្រតិបត្តិការដ៏គ្រោះថ្នាក់ ដើម្បីរំដោះចំណាប់ខ្មាំងពីដៃក្រុមជីហាតអ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ