អានតួអត្ថបទ
ស៊ូដង់

ស៊ូដង់៖ ក្បួនរថយន្ត​មន្ត្រីការទូតអាមេរិក​ បានរងនូវការបាញ់ប្រហារ

ស្ថានការណ៍​ផ្ទុះអាវុធ ប្រយុទ្ធដណ្តើមអំណាចគ្នា រវាងមេទ័ព​ពីរក្រុមនៅប្រទេសស៊ូដង់ បានឈានចូល​ដល់ថ្ងៃទី​៤ហើយ។ យោងតាមតួលេខ​អង្គការសហប្រជាជាតិ​ គិតត្រឹមពេលនេះ ការផ្ទុះអាវុធនេះ​​បានសម្លាប់ជីវិតជនស្លូតត្រង់ស៊ូដង់ ប្រមាណជិត​២០០នាក់។ ជាងនេះ​ទៀត​ ផ្អែកតាម​លោក​អង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក គឺកាលពីថ្ងៃចន្ទទី​១៧មេសា ក្បួ​នរថយន្តមន្ត្រីការទូតអាមេរិក បានរងនូវការបាញ់​ប្រហារ ពី​ក្រុមប្រដាប់អាវុធស៊ូដង់។

ផ្សែងខ្មៅឆាបឆេះ នៅក្រុងកាទូមប្រទេសស៊ូដង់ យប់ថ្ងៃអាទិត្យ ទី​១៦មេសា ២០២៣
ផ្សែងខ្មៅឆាបឆេះ នៅក្រុងកាទូមប្រទេសស៊ូដង់ យប់ថ្ងៃអាទិត្យ ទី​១៦មេសា ២០២៣ AP - Abdullah Moneim
ផ្សាយពាណិជ្ជកម្ម

ជាសំណាងល្អ ពុំមាន​បុគ្គលិក​មន្ត្រីទូតអាមេរិក រងរបួសទេ នៅក្នុងហេតុការណ៍​វាយប្រហារមកលើក្បួនរថយន្តនៅស៊ូដង់។ ថ្លែងបញ្ជាក់ពី​ក្រុង Karuizawa ប្រទេសជប៉ុន ក្រោយ​ចប់ការប្រជុំរដ្ឋមន្ត្រីការបរទេសក្រុមប្រទេស G7 លោក អង់តូនី ប្លីងកិន បាន​អះអាងថា ក្បួនរថយន្តរបស់​មន្ត្រីទូតអាមេរិក ដែលរងការបាញ់រះនៅស៊ូដង់នោះ គឺមាន​ពាក់ផ្លាកលេខសំគាល់យ៉ាងត្រឹមត្រូវ។ លោក​បញ្ជាក់ថា នឹងមាន​​ការស៊ើបអង្កេតស៊ីជំរៅស្តីពី​ហេតុការណ៍នេះ តែបើតាម​ប្រភពព័ត៌មានបឋម ដែលភាគីអាមេរិកទទួលបាន គឺក្រុមកងប្រដាប់អាវុធប្រតិបត្តិការរហ័ស FSR ក្រោមបង្គាប់ របស់​លោក​មេបញ្ជាការ Mohamed Hamdane Daglo ជាអ្នក​បង្ក។

ដោយឡែក កាលពីល្ងាចថ្ងៃចន្ទ លោក​ប្រមុខការទូតសហភាពអឺរ៉ុប Josep Borrell បានអះអាងថា តំណាងអង្គទូត​អឺរ៉ុបប្រចាំនៅ​ស៊ូដង់ បានរងនូវ​ការគំរាមកំហែង មក​លើរូបរាងកាយ​ នៅគេហដ្ឋានក្នុងរដ្ឋធានីកាទូម។

សូមបញ្ជាក់ ការប្រទូស្តរាយ ផ្ទុះអាវុធ រវាងមេបញ្ជាការកងទ័ពដ៏មានអំណាចទាំង២ នៅស៊ូដង់ បានចាប់ផ្តើម​កាលពីថ្ងៃសៅរ៍​ចុងសប្តាហ៍​កន្លងទៅ។ គឺជាការប្រយុទ្ធដណ្តើមអំណាច រវាង​ក្រុម​កម្លាំង​​ប្រតិបត្តិការរហ័ស ក្រោមបង្គាប់​លោកមេបញ្ជាការ Mohamed Hamdane Daglo ហៅកាត់ថា Hamedti ជាមួយ​និងកងទ័ពជាតិស៊ូដង់ ដឹកនាំដោយលោក​អគ្គ​មេបញ្ជាការ​ ​Abdel Fattah al-Burhane។ មេបញ្ជាការទាំង២នេះ ធ្លាប់បានសហការគ្នាកាលពីឆ្នាំ​២០២១ ក្នុងការធ្វើរដ្ឋប្រហារយោធាប្លន់អំណាចពី​រដ្ឋាភិបាលអន្តរកម្មស៊ីវីល។

ថ្លែងពីប្រទេសជប៉ុន រដ្ឋមន្ត្រីការបរទេសក្រុមប្រទេស G7 បានអំពាវនាវ ឲ្យ​គូបដិបក្ស​កងទ័ពស៊ូដង់ទាំង២នេះ ទម្លាក់អាវុធឈប់ប្រយុទ្ធ ដោយត្រូវគិតពី​អាយុជីវិតរបស់ប្រជាជនស្លូតត្រង់ និង​មន្ត្រីបេសកម្មបរទេស ដែលស្ថិតនៅកណ្តាល។ យោងតាម​អង្គការសហប្រជាជាតិ ការវាយ​ប្រយុទ្ធគ្នា៣ថ្ងៃមកនេះ បាន​បណ្តាល​ឲ្យស្លាប់ជីវិតជនស៊ីវីល ​ចំនួន ជិត​២០០នាក់ និងរបួសប្រមាណ​១៨០០នាក់ ភាគច្រើនលើសលុប នៅ​ទីក្រុង​កាទូម។​

លោក​អង់តូនី ប្លីងកិន បានឲ្យដឹងផងដែរថា លោកទើប​​បានទូរស័ព្ទទៅនិយាយជាមួយ​ មេបញ្ជាការកងទ័ពស៊ូដង់ទាំង២នេះ ដែលកំពុងតែ​ប្រយុទ្ធដណ្តើមអំណាចគ្នា ដើម្បីបញ្ចុះបញ្ចូលឲ្យទម្លាក់អាវុធ ហើយចរចាគ្នា​។ លោកប្រមុខការទូតអាមេរិក​លើកឡើងទៀតថា ប្រជាជនស៊ូដង់ចង់​ឲ្យកងទ័ពចូលបន្ទាយវិញ ហើយ​ចង់​បាន​រដ្ឋាភិបាល​មួយដែលដឹកនាំដោយ​ជនស៊ីវីល មិន​មែនជារដ្ឋាភិបាល​ទាហានកាមមន់កាំភ្លើងពេញ​ដៃនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ