អានតួអត្ថបទ
អាហ្វ្រិក-អាកាសធាតុ

ការកើនឡើងកំដៅផែនដី គឺជាមូលហេតុចំបងនៃគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ នៅតំបន់ស្នែងអាហ្វ្រិក

តំបន់ស្នែងអាហ្វ្រិក ដែលស្ថិតនៅ​ខាងជើងឆៀងខាងកើត​ទ្វីបអាហ្វិ្រក កំពុងតែជួប​នូវគ្រោះរាំងស្ងួត ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានទេ ក្នុងរវាង​៤០ឆ្នាំចុងក្រោយ​។ គ្រោះរាំងស្ងួត ដែលកំពុងតែ​ធ្វើ​ឲ្យ​មនុស្សជាង​២០លាននាក់នៅតំបន់នេះ ប្រឈមនឹងគ្រោះទុរ្ភិក្ស​។ យោងតាម​ របាយការណ៍​ថ្មីមួយ​របស់អង្គការ World Weather Attribution គឺការកើនឡើងកំដៅផែនដី គឺជាមូលហេតុចំបង ដែល​បណ្តាល​ឲ្យ​មាន​គ្រោះរាំងស្ងួតដ៏ចម្លែកមិនធ្លាប់​មាននេះ​។​

ក្មេងៗកំពុងដងទឹក ដែលមានតិចតួចបំផុត នៅ​តំបន់ Samburu ប្រទេសកេនយ៉ា ថ្ងៃទី ១៣ តុលា ២០២២
ក្មេងៗកំពុងដងទឹក ដែលមានតិចតួចបំផុត នៅ​តំបន់ Samburu ប្រទេសកេនយ៉ា ថ្ងៃទី ១៣ តុលា ២០២២ AP - Brian Inganga
ផ្សាយពាណិជ្ជកម្ម

គិតចាប់ពីចុងឆ្នាំ​២០២០មក ពោលគឺរដូវភ្លៀងចំនួន​៥ជាប់គ្នាហើយ ដែលមានភ្លៀងធ្លាក់យ៉ាង​តិចបំផុត នៅតាមប្រទេស​តំបន់ស្នែងអាហ្វ្រិក ៖ អេត្យូពី អេរីត្រេ សូម៉ាលី កេនយ៉ា ស៊ូដង់ និង​ជីប៊ូទី។ ផ្អែកតាមរបាយការណ៍​ របស់អង្គការ World Weather Attribution (WWA) គ្រោះរាំងស្ងួតនេះ មានលក្ខណៈធ្ងន់ធ្ងរ មិនធម្មតាទេ ក្នុងរវាង​៤០ឆ្នាំចុងក្រោយនេះ។ សត្វពាហនៈរាប់លានក្បាលបាន​ស្លាប់ ដោយសារតែគ្មានទឹក និងគ្មានរុក្ខជាតិ​ជាចំណី ក្រោមកំដៅថ្ងៃក្តៅហួតហែង។ ដំណាំ​ដាំដុះឆេះរួញខ្លោច រុញច្រាន​មនុស្ស​ប្រមាណ​២២លាននាក់ នៅ​កេនយ៉ា នៅ​សូម៉ាលី និង​អេត្យូពី ឲ្យ​រស់ក្នុងស្ថានភាព​ប្រឈមនឹង​គ្រោះទុរ្ភិក្ស។ នេះបើផ្អែកតាមតួលេខ​របស់អង្គការសហប្រជាជាតិ។​

របាយការណ៍​ ដែលមានអ្នកជំនាញវិទ្យាសាស្ត្រ​១៩នាក់ចូលរួម​សរសេរនេះ បាន​សន្និដ្ឋានថា បម្រែបម្រួល​អាកាសធាតុសកលលោក​ អាចប្រហែលជា​ជះឥទ្ធិពលតិចតួចមែន ទៅលើ​កម្រិតទឹកភ្លៀងធ្លាក់​ប្រចាំឆ្នាំ នៅ​តំបន់ស្នែងអាហ្វ្រិក​។ ក៏ប៉ុន្តែ បម្រែបម្រួលអាកាសធាតុ បានញ៉ាំងឲ្យ​សីតុណ្ហភាពឡើងក្តៅខ្លាំង ដែលជាមូលហេតុ​ ធ្វើ​ឲ្យហួតចំហាយទឹក ​ហើយ​ដីនិងរុក្ខជាតិស្ងួតកាន់តែខ្លាំង​។ លោកស្រី Joyce Kimoutai អ្នកជំនាញ​កេនយ៉ា ដែលបានចូលរួម​ក្នុងរបាយការណ៍នេះ បាន​អះអាងថា គឺបម្រែបម្រួលអាកាធាតុ ដែលជាអ្នក​ធ្វើ​ឲ្យ​ភាពស្ងួតហួតហែងនេះ មាន​កម្រិត​ធ្ងន់ធ្ងរខ្លាំង​។ អំណេះតទៅ គ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅតំបន់ស្នែងអាហ្វ្រិក អាចមានលទ្ធភាព​កើតឡើងបាន ស្មើនឹង​១០០ដង នៃលទ្ធភាពកាលពីអតីតកាល ដោយ​សារកត្តាបម្រែបម្រួលអាកាសធាតុ​។

សូមបញ្ជាក់ថា អ្នកជំនាញរបស់ WWA បាន​សិក្សាលំអិតទៅលើប្រទេស៣ ដែលជួប​បញ្ហារាំងស្ងួតខ្លាំងបំផុត នៅប៉ុន្មាន​ជិត​៣ឆ្នាំមកនេះ គឺអេត្យូពី កេនយ៉ា និងសូម៉ាលី។ យោងតាមការសង្កេត រដូវភ្លៀងទាំង២ប្រចាំឆ្នាំ បាន​ចុះថយកម្រិតទឹកភ្លៀងយ៉ាងចម្លែក ប្រៀបទៅនឹងឆ្នាំមុនៗ។ ពុំមានភស្តុតាងអ្វីបញ្ជាក់ថា បម្រែបម្រួលអាកាសធាតុ ធ្វើ​ឲ្យ​លែង​មាន​ភ្លៀងមែន ការកើនឡើងកំដៅផែនដី គឺជាមូលហេតុប្រាកដណាស់ នៃ​កំដៅសីតុណ្ហភាព​ក្តៅ​ហួតហែងនៅតំបន់ស្នែងអាហ្វ្រិក ហើយដែលវាបានចូលរួមធ្វើ​ឲ្យ​គ្រោះរាំងស្ងួតនេះ​ធ្ងន់ធ្ងរ។

អ្នកជំនាញ របស់ WWA បានចាត់ចំណាត់ថ្នាក់ គ្រោះរាំងស្ងួតបច្ចុប្បន្ននៅតំបន់ស្នែងអាហ្វ្រិក ក្នុងកម្រិតទី​៤ ដែលជាកម្រិត​ខ្ពស់បំផុត នៃស្តង់ដាររាំងស្ងួងអាមេរិក។ កម្រិតដ៏ធ្ងន់ធ្ងរនេះ កម្រកើតមានណាស់ តែអំណេះតទៅ យោងតាម​ការគុណគូរ របស់អ្នកជំនាញ គឺអាចមានលទ្ធភាពកើតឡើងចំនួន ៥% ជារៀងរាល់ឆ្នាំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ