អានតួអត្ថបទ
ជប៉ុន-អាហ្វ្រិក

នាយករដ្ឋមន្ត្រីជប៉ុន​ផ្តើមទស្សនកិច្ច​នៅ​អាហ្វ្រិក​ ដើម្បីប្រជែងឥទ្ធិពលវិនិយោគរបស់ចិន

លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា កំពុងស្ថិតនៅ​ទីក្រុងគែរប្រទេសអេហ្ស៊ីប នៅថ្ងៃចន្ទទី​១ឧសភានេះ។ ជាដំណើរទស្សនកិច្ច ផ្លូវរដ្ឋនៅតាមបណ្តាប្រទេសអាហ្វ្រិក​មួយចំនួន ដែល​លោកនាយករដ្ឋមន្ត្រីជប៉ុន មានបំណងចង់អះអាងពីវត្តមានរបស់ជប៉ុន នៅក្នុងតំបន់នេះ ​ខណៈចិននិងរុស្ស៊ីកំពុងតែប្រើប្រាស់ឥទ្ធិពលកាន់តែខ្លាំង​ នៅលើទ្វីបអាហ្រ្វិក។ 

រូបភាពប្រគល់​ឲ្យ​ដោយ​វិមានប្រធានាធិបតីអេហ្ស៊ីប៖ លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា ក្នុងពេលសំណេះសំណាល​ជាមួយ​លោក​ប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហ្វាតាហ អាល់ស៊ីសី ។ ទីក្រុងគែរ ថ្ងៃទី ៣០មេសា ២០២៣
រូបភាពប្រគល់​ឲ្យ​ដោយ​វិមានប្រធានាធិបតីអេហ្ស៊ីប៖ លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា ក្នុងពេលសំណេះសំណាល​ជាមួយ​លោក​ប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហ្វាតាហ អាល់ស៊ីសី ។ ទីក្រុងគែរ ថ្ងៃទី ៣០មេសា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី​៣០មេសា នៅទីក្រុងគែរ លោកនាយករដ្ឋមន្ត្រីជប៉ុន បានជួប​ប្រជុំជាមួយ​លោកប្រធានាធិបតីអេហ្ស៊ីប ព្រមជាមួយ​អគ្គលេខាធិការអង្គការ​សម្ព័ន្ធអារ៉ាប់ និងតំណាងប្រទេសសមាជិកទាំង​២២នៃអង្គការនេះ​។ យោងតាមអ្នករាយការណ៍ព័ត៌មានវិទ្យុបារាំងអន្តរជាតិ RFI ប្រចាំនៅទីក្រុងគែរ គឺលោក​នាយករដ្ឋមន្ត្រីជប៉ុន បាន​ព្យាយា​ម​អូសទាញអេហ្ស៊ីប ព្រមទាំង​ប្រទេស​អារ៉ាប់​ក្នុងតំបន់ ឲ្យ​យល់ព្រមចាក​ចេញពី​គោលការណ៍អព្យាក្រិត្យ ក្នុង​សំណុំរឿងសង្រ្គាមនៅអ៊ុយក្រែន​ ហើយងាកមករួមកម្លាំងគ្នាជាមួយសម្ព័ន្ធមិត្តលោក​ខាងលិច ដើម្បីប្រឆាំងថ្កោលទោសរុស្ស៊ី។

ក្រុមប្រទេសអារ៉ាប់ បានស្តាប់យ៉ាងយកចិត្តទុកដាក់ នូវសុន្ទរកថារបស់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន មុននឹងបាន​ឆ្លើយតបទៅវិញ។ ក្រុមប្រទេសអារ៉ាប់ បាន​អំពាវនាវ ថាក្រុមប្រទេសអ្នកមាន ត្រូវតែរួមគ្នាជួយ​ផ្នែកសេដ្ឋកិច្ច ដល់ប្រទេសកំពុង​លូតលាស់ ដើម្បីធ្វើយ៉ាងណាបន្ធូរបន្ថយការលំបាក ដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន​។

គួរបញ្ជាក់ថា ក្រុមប្រទេសអារ៉ាប់ បានប្រកាន់ជំហរអព្យាក្រិត្យដោយសារតែចង់រក្សា​ទំនាក់ទំនងល្អជាមួយរុស្ស៊ី។ សម្រាប់អេហ្ស៊ីប រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ស្រូវសាឡីដ៏ធំបំផុត ហើយ​រុស្ស៊ីក៏ជាសមាជិក​ម្នាក់ដ៏មានឥទ្ធិពលដែរ នៅក្នុងអង្គការក្រុមប្រទេសផលិត​ប្រេង OPEP+។ យ៉ាងណាមិញ ឆ្លៀតក្នុងឱកាសនេះ អេហ្ស៊ីបបានស្នើទៅលោកនាយករដ្ឋមន្ត្រីជប៉ុនថាត្រូវតែ​ជំរុញឲ្យ​សហគ្រាសជប៉ុនមកបោះទុនវិនិយោគឲ្យ​បានច្រើននៅ​អេហ្ស៊ីប​។​

ផ្អែកតាមការបញ្ជាក់ពីលោក ប្រធានាធិបតីអេហ្ស៊ីប ហ្វាតាហ អាល់ស៊ីស៊ី គឺលោក​នាយករដ្ឋមន្ត្រីជប៉ុន បាន​និយាយពិភាក្សា អំពី​បញ្ហាអស្ថិរភាព ជម្លោះ​ប្រដាប់អាវុធ​ក្នុងតំបន់ ដូចជានៅលីប៊ី និង​នៅ​ស៊ូដង់ ជាពិសេស។ ក្នុងឱកាសនេះ ទំនាក់ទំនងរវាង​អេហ្ស៊ីបនិងជប៉ុន ត្រូវបាន​ថ្នាក់ដឹកនាំទាំងពីរ ចាត់ទុកក្នុងចំណាត់ថ្នាក់ “សហប្រតិបត្តិការយុទ្ធសាស្ត្រ”។

សូមបញ្ជាក់ថា លោកហ្វូមីអូ គីស៊ីដា បានចាប់ផ្តើមធ្វើទស្សនកិច្ច​ពេញមួយសប្តាហ៍​នៅតាមប្រទេសអាហ្វ្រិកចំនួន៤ គឺអេហ្ស៊ីប ហ្កាណា កេនយ៉ា និងមួរហ្សំប៊ិក មុននឹងបញ្ចប់ដំណើរនៅ​សិង្ហបុរី។ ជាទស្សនកិច្ច​ដ៏សំខាន់ នៅ៣សប្តាហ៍​មុននឹងជប៉ុន​ចាប់ផ្តើម​បើកកិច្ចប្រជុំ​ជំនួបកំពូល G7 នៅទីក្រុង​ហ៊ីរូស៊ីម៉ា។ ជប៉ុនកំពុងតែព្យាយាមឈានជើងមានវត្តមាន​នៅអាហ្វ្រិក​ ខណៈតំបន់នេះត្រូវស្ថិតក្នុង​កណ្តាប់​ដៃវិនិយោគ កាន់តែធំទៅៗរបស់ចិន។​ កាលពីឆ្នាំ​២០២២ រដ្ឋាភិបាលជប៉ុន​បានសន្យាវិនិយោគនៅអាហ្វ្រិកក្នុងទំហំទឹកប្រាក់ ប្រមាណ ៣០ពាន់លានដុល្លារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ