អានតួអត្ថបទ

អង្គការ​សហប្រជាជាតិ បារម្ភពីគ្រោះ​មហន្តរាយ​មនុស្សធម៌​នៅស៊ូដង់

នៅស៊ូដង់ ការប្រយុទ្ធគ្នា​ ការវាយប្រយុទ្ធដណ្តើមអំណាចគ្នា រវាង​ក្រុមយោធាគូបដិបក្ស កំពុងតែបន្តយ៉ាងសកម្ម បើទោះបី​ជាមានការប្រកាស​ថាឈប់បាញបណ្តោះអាសន្ន​ក្តី។ អង្គការ​សហប្រជាជាតិ បានទាញសញ្ញាអាសន្ន ថាប្រទេសស៊ូដង់កំពុងស្ថិតនៅមាត់ជ្រោះ គ្រោះមហន្តរាយ​មនុស្សធម៌ ខណៈប្រជាជនគ្មានស្បៀងអាហារ មន្ទីរពេទ្រគ្មានថ្នាំ និងសម្ភារៈ​ព្យាបាលអ្នកជំងឺ​។

ផ្សែងខ្មៅឃ្លួលខ្មាញ់ នៅក្រុងខាទុំ ថ្ងៃទី ១ ឧសភា ២០២៣ ថ្វីបើក្រុមយោធា​​អះអាងថាផ្អាកការប្រយុទ្ធ។
ផ្សែងខ្មៅឃ្លួលខ្មាញ់ នៅក្រុងខាទុំ ថ្ងៃទី ១ ឧសភា ២០២៣ ថ្វីបើក្រុមយោធា​​អះអាងថាផ្អាកការប្រយុទ្ធ។ AFP - -
ផ្សាយពាណិជ្ជកម្ម

កាលពីយប់ថ្ងៃអាទិត្យ លោក​អគ្គ​មេបញ្ជាការ Abdel Fattah al-Burhane និង​លោក​មេបញ្ជាការកងអាវុធហត្ថ Mohamed Hamdane Daglo ដែលជាគូបដិបក្សប្រជែងអំណាចគ្នានោះ បានសុខចិត្តថាបន្តផ្អាកការប្រយុទ្ធគ្នារយៈពេល​៣ថ្ងៃទៀត បន្ទាប់ពីអាមេរិក និង​អារ៉ាប៊ីសាអូឌីត បាននិយាយសម្របសម្រួល។ ក៏ប៉ុន្តែ នៅរសៀលថ្ងៃចន្ទ នៅទីក្រុងខាទុំ គេសង្កេតឃើញថា​នៅតែមានសំឡេងគ្រាប់កាំភ្លើង​ផ្ទុះ អមដោយ​ការបាញ់ប្លោងទំលាក់គ្រាប់ពីលើអាកាសផង។

លោក Ahmed Al-Mandhari តំណាងអង្គការសុខភាពពិភពលោក​ប្រចាំតំបន់ម៉េឌីទែរ៉ាណេខាងកើត បាន​ថ្លែងការបារម្ភថា ស្ថានភាព​មនុស្ស​ធម៌នៅស៊ូដង់ កំពុងតែ​ស្ថិតនៅ​មាត់ជ្រោះ​មហន្តរាយ​ ដ៏គ្រោះថ្នាក់​។ ប្រជាជនស៊ូដង់ជាច្រើនលាននាក់ កំពុងក្លាយជាចំណាប់ខ្មាំង ដោយសារតែ​ការប្រយុទ្ធគ្នា រវាងក្រុមយោធា​។ មន្ទីរពេទ្យ​ទូទាំងប្រទេស អស់ថ្នាំព្យាបាលអ្នកជំងឺ គ្មានសម្ភារៈចាំបាច់ និងជាពិសេសនោះគឺខ្វះគ្រូពេទ្យជំនាញ​។

ដោយសង្កេតឃើញស្ថានការណ៍អាសន្ននេះ​អង្គការសហប្រជាជាតិ បានប្រញាប់ប្រញាល់បញ្ជូន​លោក Martin Griffiths ប្រេសិតពិសេសទទួលបន្ទុក​​កិច្ច​ការ​​មនុស្សធម៌ ទៅកាន់ស៊ូដង់។ យោងតាមលោក Martin Griffiths ស្ថានការណ៍​ពេលនេះកំពុងតែអាសន្នខ្លាំងណាស់ ដោយសារតែប្រជាជន​ចលាចលដណ្តើម​ប្រញ៉ាយគ្នា ប្រមូលយក​ស្បៀងចំណីអាហារ របស់អង្គការមនុស្សធម៌​។​

សូមរំលឹកថា មុននឹងមានការផ្ទុះអាវុធនៅថ្ងៃទី​១៥មេសា ស៊ូដង់គឺជាប្រទេសក្រី​ក្របំផុតមួយ ដែលខ្វះមុខខ្វះក្រោយ​ខ្លាំងរួចទៅហើយ។ ១ភាគ៣នៃប្រជាជនស៊ូដង់ រស់នៅជាមួយ​គ្រោះអត់ឃ្លាន គ្មានស្បៀងអាហារ ហើយរំពឹងទាំងស្រុងទៅ​លើ​ជំនួយស្បៀង ពីអង្គការកម្មវិធីស្បៀងអាហារពិភពលោក​ PAM។ អង្គការគ្រូពេទ្យគ្មានព្រំដែន ដែលធ្វើប្រតិបត្តិការនៅតំបន់ដាកហ្វួរ បានបង្ខំចិត្តផ្អាកបេសកកម្មទាំងស្រុង ដោយសារតែការវាយប្រយុទ្ធគ្នា។

កាលពីថ្ងៃអាទិត្យ​ អង្គការកាកបាតក្រហមអន្តរជាតិ បានបញ្ជាក់ថា គេបានបញ្ជូន​ស្បៀងនិងសម្ភារៈមនុស្សធម៌ចំនួន៨តោន ជាលើកដំបូងបង្អស់ បន្ទាប់ពីការប្រយុទ្ធគ្នាបានចាប់ផ្តើម។ យោងតាមតួលេខអង្គការ​សហប្រជាជាតិ គិតចាប់​ពីថ្ងៃទី​១៥មេសាមក ​ការវាយ​ប្រយុទ្ធដណ្តើមអំណាចគ្នា រវាង​ក្រុម​​យោធាស៊ូដង់​​​ទាំង​២​ក្រុម​នេះ ​បាន​បណ្តាល​​ឲ្យ​ស្លាប់ជីវិត​ជនស៊ីវីលចំនួន ៥២៨នាក់ និងរបួសជិត​៥០០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ