អានតួអត្ថបទ
ស៊ូដង់

ស៊ូដង់៖ កាកបាទក្រហមបង្ខំចិត្ត បញ្ចុះសាកសពមនុស្ស​​១៨០នាក់ ទោះជាមិនអាចស្គាល់អត្តសញ្ញាណ

ការប្រយុទ្ធ​​ដណ្តើមអំណាចនៅស៊ូដង់ រវាងក្រុមយោធាទាំង២ក្រុម នៅតែបន្តឆេះយ៉ាងក្តៅងំ បើទោះបីជាមាន​ការប្រកាស ឈប់បាញ់បណ្តោះអាសន្ន​ យ៉ាងណាក្តី។ ប្រជាជនស៊ីវីលស៊ូដង់កំពុងតែរងទុក្ខលំបាកជាខ្លាំង។ យោងតាមអង្គការកាកបាទក្រហមស៊ូដង់ គឺគេទើបតែបានសម្រេចចិត្ត​ បញ្ចុះសាកសពមនុស្ស ចំនួន​១៨០នាក់ ដែលស្លាប់ដោយ​ការវាយ​ប្រយុទ្ធគ្នានេះ បើទោះបីជាគេ មិនអាចដឹងអត្តសញ្ញាណ​នៃសាកសពទាំងនេះក្តី​។

ប្រជាជនស៊ូដង់ ធ្លាក់ខ្លួនឈឺធ្ងន់ និងគ្មានស្បៀងអាហារ ក្រោយ​ពេល​បានភៀសខ្លួនទៅកាន់ព្រំដែនខាងត្បូង ក្បែរប្រទេស​ស៊ូដង់ខាងត្បូង ដើម្បីគេចចេញពីការប្រយុទ្ធគ្នារវាងក្រុងមយោធា។ ថ្ងៃទី ១៦ ឧសភា ២០២៣
ប្រជាជនស៊ូដង់ ធ្លាក់ខ្លួនឈឺធ្ងន់ និងគ្មានស្បៀងអាហារ ក្រោយ​ពេល​បានភៀសខ្លួនទៅកាន់ព្រំដែនខាងត្បូង ក្បែរប្រទេស​ស៊ូដង់ខាងត្បូង ដើម្បីគេចចេញពីការប្រយុទ្ធគ្នារវាងក្រុងមយោធា។ ថ្ងៃទី ១៦ ឧសភា ២០២៣ AP - Sam Mednick
ផ្សាយពាណិជ្ជកម្ម

កាកបាទប្រហម​ស៊ូដង់ បាន​បញ្ជាក់នៅថ្ងៃទី​៣មិថុនាថា គេបានប្រមូលសាកសពមនុស្ស ចំនួន​១៨០នាក់ ហើយ​បានប្រាប់ទៅក្រុម​ស្ម័គ្រចិត្ត​ ឲ្យ​បញ្ចុះសាកសពទាំងនោះ ដោយគ្មានជម្រើសអ្វីផ្សេង បើទោះបីជាមិនដឹងអំពីអត្តសញ្ញាណ​។ សាកសពទាំងនោះ គឺមាន១០២នាក់ ត្រូវគេប្រមូល​បាន​នៅតំបន់ទីក្រុង​កាទូម និងមាន៧៨នាក់ នៅ​តំបន់ដាកហ្វួរ។ តំបន់ទាំង​២នេះ ជាទីដែលក្រុម​យោធាគូបដិបក្សទាំង២ក្រុម បាញ់ប្រយុទ្ធគ្នា យ៉ាងក្តៅគគុក ប្រមាណ​ជាង​១ខែមកនេះ។

សូមរំលឹកថា ចាប់តាំងពីថ្ងៃទី១៥មេសាមក ក្រុមយោធាស៊ូដង់២ក្រុមបានប្រយុទ្ធគ្នា ដើម្បីដណ្តើមអំណាចគ្រប់គ្រងប្រទេសដ៏ក្រីក្រមួយនេះ។ គិតមកត្រឹមពេលនេះ យ៉ាងហាចណាស់ មានប្រជាជនស៊ីវីលស៊ូដង់ ស្លាប់ចំនួន យ៉ាងហោច ១៨០០នាក់ និង​ប្រមាណ​៥សែននាក់ បានបង្ខំចិត្តភៀសខ្លួន គេចចេញពីសមរភូមិប្រយុទ្ធ។

គួរបញ្ជាក់ដែរថា មេបញ្ជាការកងកម្លាំងទាំង២ក្រុម បានប្រកាសពីបទឈប់បាញ់ជាបណ្តោះអាសន្ន ជាច្រើនដងមកហើយ តែការពិត គ្មានភាគីណាមួយគោរពនោះទេ។ ស្ថានភាពអាសន្នផ្នែកមនុស្សធម៌ កំពុងតែចោទឡើងយ៉ាងខ្លាំង សម្រាប់ប្រជាជនស៊ីវីលស៊ូដង់ បើទោះបីជាមានការចរចាគ្នានៅទីក្រុងចេដដា ប្រទេសអារ៉ាប៊ីសាអូឌីត ដែល​ភាគី​ជម្លោះទាំង២ បានសន្យាថានឹងការពារ​អាយុជីវិតជនស៊ីវីល បើកផ្លូវឲ្យ​មានការចូលទៅប្រមូលសាកសព និងសង្គ្រោះអ្នករបួសជាដើម។

ក៏ប៉ុន្តែ អង្គការមនុស្សធម៌ បានថ្អូញថ្អែរថា សាកសពមនុស្សដែលស្លាប់ដោយ​ការប្រយុទ្ធនេះ ពិតជាមាននៅរាយប៉ាយ​​ច្រើនកន្លែងទៀត តែគេមិនអាចមានលទ្ធភាព​ទៅប្រមូល និងស្រង់ស្ថិតិបានអស់ទេ ដោយសារតែការវាយប្រយុទ្ធគ្នានៅតែបន្ត ហើយ​ក្រុមយោធាមិនបើកផ្លូវ។ ចំណែកច្រកផ្លូវមនុស្សធម៌ ឲ្យ​ប្រជាជន​ស៊ីវីលធ្វើដំណើរចាកចេញពីតំបន់ប្រយុទ្ធគ្នា ដែលអាមេរិកនិងអារ៉ាប៊ីសាអូឌីតបាន​ជួយ​សម្រុះសម្រួលនោះ គឺមាននៅតែលើក្រដាសតែប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មាន នៅរដ្ឋធានី​កាទូម ប្រជាជនស៊ីវីលត្រូ​វជាប់គាំងមិនអាចចេញ​ទៅណាបាន ដោយ​គ្មានចំណីអាហារ និងដោយ​គ្មានទឹកបរិភោគ។ មន្ទីរពេទ្យវិញ មានតែមនុស្សរបួស តែគ្មានឧបករណ៍ សម្ភាៈ និងថ្នាំសង្កូវ ព្រមទាំងចរន្តអគ្គិសនី។ ស្ថានការណ៍កាន់តែដុនដាបខ្លាំងជាងនេះទៀត នៅតំបន់ដាកហ្វួរ ដែលជាតំបន់ដ៏ក្រីក្របំផុត។ ប្រជាជនក្នុងតំបន់នេះ ប្រឈមនឹងគ្រោះទុរ្ភឹក្ស ព្រមទាំងជំងឺគ្រុនចាញ់ ខណៈកុមារវិញខ្វះអាហារូបត្ថម្ភ ដ៏ធ្ងន់ធ្ងរបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ