អានតួអត្ថបទ
ម៉ាលី

ប្រជាជនម៉ាលីបោះឆ្នោតប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មី ដែល​ពង្រឹងអំណាច​របបសិក

ថ្ងៃអាទិត្យទិ​១៨មិថុនានេះ ប្រជាជនម៉ាលី ត្រូវចូលរួម​បោះឆ្នោតប្រជាមតិ ដើម្បីសម្រេចទទួល​យល់ព្រម ឬមិនយល់ព្រម ទៅលើ​រដ្ឋធម្មនុញ្ញថ្មី ដែល​ក្រុមយោធាម៉ាលីបានរៀបចំតាក់តែង។ របបសិកម៉ាលី បាន​អះអាងថា រដ្ឋធម្មនុញ្ញថ្មីនេះ នឹងនាំម៉ាលីទៅកាន់​លទ្ធិប្រជាធិបតេយ្យ ដោយ​រដ្ឋ​នឹងមានអំណាចរឹងមាំ ដើម្បីការពារ​អធិបតេយ្យភាពម៉ាលី​។

បុរសម្នាក់ កំពុងដាក់សន្លឹកឆ្នោត​ប្រជាមតិ ចូលហិបឆ្នោត។ ក្រុងបាម៉ាកូ ថ្ងៃទី ១៨ មិថុនា ២០២៣
បុរសម្នាក់ កំពុងដាក់សន្លឹកឆ្នោត​ប្រជាមតិ ចូលហិបឆ្នោត។ ក្រុងបាម៉ាកូ ថ្ងៃទី ១៨ មិថុនា ២០២៣ AP - Baba Ahmed
ផ្សាយពាណិជ្ជកម្ម

ប្រជាជនម៉ាលីជាង​៨លាននាក់ ត្រូវសម្រេចចិត្តតាមរយៈសន្លឹកឆ្នោត ព្រម ឬ មិនព្រម ទទួលយករដ្ឋធម្មនុញ្ញថ្មី​។ រដ្ឋធម្មនុញ្ញដែលត្រូវបាន​តាក់តែងឡើង ដោយ​ក្រុមយោធាដឹកនាំដោយ​លោកមេបញ្ជាការ Assimi Goïta ។ រដ្ឋធម្មនុញ្ញថ្មីនេះ មានខ្លឹមសារ​ពង្រឹងអំណាចប្រធានាធិបតី ឲ្យកាន់តែណែនក្នុងដៃ។ តាមការវិភាគ តាមរយៈរដ្ឋធម្មនុញ្ញថ្មីនេះ គឺលោកមេបញ្ជាការ Assimi Goïta ដែលបានធ្វើរដ្ឋប្រហារយោធាកាលពី​២០២០ នឹងឈរឈ្មោះបោះឆ្នោតប្រធានាធិបតី នៅខែ​កុម្ភៈឆ្នាំ២០២៤។​

លទ្ធផល​ប្រជាមតិនេះ នឹងត្រូវប្រកាស នៅរវាង​៣ថ្ងៃទៀត។ ប៉ុន្តែតាមការរំពឹងទុក គឺសន្លឹកឆ្នោត​ យល់ព្រម ទំនង​ជាអាច​បាន​ជ័យជំនះ។ តែយ៉ាងណា អ្នកសង្កេតការណ៍​កំពុងតាមដានអំពីទំហំចំនួន​នៃអ្នកទៅបោះឆ្នោត​។ អត្រាចំនួន​អ្នកទៅបោះឆ្នោត អាចជាតួលេខបញ្ជាក់ថា តើប្រជាជន​ម៉ាលី គាំទ្រការគ្រប់គ្រងអំណាចរបស់​ក្រុមយោធាកម្រិតណា។​ ជានេះទៀត រដ្ឋធម្មនុញ្ញថ្មីនេះ គឺប្រាកដណាស់ ដែលវាជាមធ្យោបាយដើម្បី​អនុញ្ញាតឲ្យ​ក្រុមយោធា បន្តដឹកនាំម៉ាលីតទៅទៀត ក្រោមរូបភាពសន្យាថានឹងពង្រឹងលទ្ធិប្រជាធិបតេយ្យ​។

ការពង្រឹង “អធិបតេយ្យភាពជាតិម៉ាលី” លែងស្ថិតនៅក្រោម​ឥទ្ធិពលរបស់មហាអំណាចបរទេស គឺជាអ្វីដែលក្រុមយោធាម៉ាលី តែងតែ​ប្រកាសក្តែងក្តែង ដើម្បី​ប្រមូលអូសទាញ​ប្រជាជនម៉ាលី ឲ្យ​គាំទ្រ​រដ្ឋធម្មនុញ្ញថ្មីនេះ​។ តែទន្ទឹមនឹងនេះ ប្រទេសម៉ាលី នៅតែប្រឈមនឹងបញ្ហា​អសន្តិសុខដ៏គ្រោះថ្នាក់​បំផុត ដោយសារតែក្រុមជីហាតភេរវកម្ម​។  បន្ថែមពីនេះ ប្រទេសនេះប្រឈមនឹងបញ្ហាច្រើនជំពូកទៀត ដូចជាសេដ្ឋកិច្ចក្រីក្រ ខ្វះស្បៀងអាហារ បញ្ហាសុខាភិបាលទន់ខ្សោយ និង​ប្រព័ន្ធអប់រំ​​​ដែល​បាក់ស្រុត។

លោក​មេបញ្ជាការ​ Assimi Goita មេដឹកនាំរបបសិកម៉ាលី នៅក្រុងបាម៉ាកូ ថ្ងៃទី ២២ កញ្ញា ២០២២
លោក​មេបញ្ជាការ​ Assimi Goita មេដឹកនាំរបបសិកម៉ាលី នៅក្រុងបាម៉ាកូ ថ្ងៃទី ២២ កញ្ញា ២០២២ AP

សូមរំលឹកថា របបសិកម៉ាលីបានបណ្តេញ​កងទ័ពបារាំង ដែលទៅធ្វើប្រតិបត្តិការទប់ស្កាត់ក្រុមជីហាតអ៊ីស្លាម ឲ្យចាកចេញពីទឹកដីខ្លួន។ ផ្អែកតាម​ប្រភពព័ត៌មានច្បាស់ការណ៍​ជាច្រើន​ បានអះអាងថា ធាតុពិតគឺក្រុមយោធាម៉ាលី បាន​ងាកទៅសហការ ជាមួយក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី ហើយរកលេសបណ្តេញកងទ័ពបារាំងចេញ​​។ ជាងនេះទៀត ការបោះឆ្នោត​ប្រជាមតិនៅថ្ងៃអាទិត្យទី​១៨មិថុនានេះ ធ្វើឡើង១ថ្ងៃក្រោយ ដែលរបបសិកម៉ាលី​នេះ បានប្រកាសបណ្តេញ​កងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ ឲ្យចេញពីទឹកដីខ្លួន ដោយ​អះអាងថា ខ្លួនអាចមាន​សមត្ថភាព​ការពារសន្តិសុខ​ ដោយ​មធ្យោបាយ​ផ្ទាល់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ