អានតួអត្ថបទ
អេហ្ស៊ីប-ឥណ្ឌា

បន្ទាប់ពីអាមេរិក នាយករដ្ឋមន្រ្តីឥណ្ឌាលោកណារិនដ្រា ម៉ូឌីបំពេញទស្សនកិច្ចនៅអេហ្ស៊ីប

បន្ទាប់​ពី​សហរដ្ឋអាមេរិក នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។ នៅ​ក្នុង​ទីក្រុង​គែរ លោក​ម៉ូឌី​បាន​ជួប​ថ្នាក់ដឹកនាំ​អេហ្ស៊ីប ពិសេស​ប្រធានាធិបតី​លោក​អាល់ស៊ីស៊ី​ក្នុង​ថ្ងៃ​អាទិត្យ ទី២៥ មិថុនា។ ទស្សនកិច្ច​របស់​លោក​ម៉ូឌី​មាន​សារៈសំខាន់​ចំពោះ​ប្រទេស​ទាំង​ពីរ។ នៅ​ម្ខាង ឥណ្ឌា​ចង់​ពង្រឹង​ការ​នាំ​ចេញ​របស់​ខ្លួន​ទៅ​កាន់​អាហ្រ្វិកខាងជើង។ នៅ​ម្ខាង​ទៀត អេហ្ស៊ីប​ចង់​បញ្ចូល​ខ្លួន​ទៅ​ក្នុង​ក្លិប BRICS ដែល​មាន​​ឥណ្ឌា​ជា​សមាជិក​ម្នាក់។

 នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី (រូបឆ្វេង) ​និងប្រធានាធិបតី​អេហ្ស៊ីបលោក​អាល់ស៊ីស៊ី​ក្នុងទីក្រុងគែរ ​ថ្ងៃ​អាទិត្យ ទី២៥ មិថុនា។
នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី (រូបឆ្វេង) ​និងប្រធានាធិបតី​អេហ្ស៊ីបលោក​អាល់ស៊ីស៊ី​ក្នុងទីក្រុងគែរ ​ថ្ងៃ​អាទិត្យ ទី២៥ មិថុនា។ AP
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី​បាន​បន្ត​ទស្សនកិច្ច​នៅ​អេហ្ស៊ីប​ដែល​លោក​បាន​ទៅ​ដល់​ក្នុង​ថ្ងៃ​សៅរ៍ ទី២៤ មិថុនា។ នេះ​ជា​លើកទី១ ក្នុង​រយៈពេល ២៥ឆ្នាំ​ដែល​មាន​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​ម្នាក់​ដាក់​ជើង​ជាន់​ទឹកដី​អេហ្ស៊ីប។ កម្មវិធី​នៃ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​គែរ លោក​ម៉ូឌី​ជួប​ជាមួយ​សហគមន៍​ឥណ្ឌា​នៅ​អេហ្ស៊ីប ជួប​ជាមួយ​មេដឹកនាំ​សាសនា​អ៊ីស្លាម​អេហ្ស៊ីប​នៅ​វិហារ​ប្រវត្តិសាស្រ្ត Al-Hakim ជួប​ជាមួយ​នាយករដ្ឋមន្រ្តី និង​ជួប​ជាមួយ​ប្រធានាធិបតី​លោក​អាល់ស៊ីស៊ី។

ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​នៅ​អេហ្ស៊ីប​ពេល​នេះ​បាន​ធ្វើ​ឡើង ៥ខែ​ក្រោយ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អេហ្ស៊ីប​លោក​អាល់ស៊ីស៊ី​នៅ​ឥណ្ឌា​កាល​ពី​ខែ​មករា។ តាម​រយៈ​ទស្សនកិច្ច​ទៅ​វិញ ទៅ​មក​នេះ ក្រុង​ញូដែលី និង​ក្រុង​គែរ​ចង់​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការទូត​រវាង​គ្នា។ មួយ​វិញ​ទៀត ប្រទេស​ទាំង​ពីរ​ក៏​បាន​សំឡឹង​ឃើញ​ប្រយោជន៍​រៀងៗ​ខ្លួន​ដែរ។ នៅ​ម្ខាង អេហ្ស៊ីប​សង្ឃឹម​ទទួល​បាន​ការ​គាំទ្រ​ពី​ឥណ្ឌា​ដើម្បី​ចូល​រួម​ជាមួយ​ក្លិប BRICS ដែល​មាន​ប្រទេស​ប្រេស៊ីល រុស្ស៊ី ចិន អាហ្រ្វិកខាងត្បូង និង​ឥណ្ឌា​ជា​សមាជិក។

ចំណែក​នៅ​ម្ខាង​ទៀត ឥណ្ឌា​ចង់​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​អេហ្ស៊ីប​ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ទី១ នៅ​អាហ្រ្វិកខាងជើង ពិសេស​នៅ​ក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ឬ​មួយ​ក៏​កសិចំណីអាហារ។ ចូរ​កុំ​ភ្លេច​ថា តាំង​ពី​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​មក ឥណ្ឌា​បាន​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​ស្រូវសាលី​ឲ្យ​អេហ្ស៊ីប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ