អានតួអត្ថបទ
អ៊ីរ៉ង់-អាហ្វ្រិក

ប្រធានាធិបតី​អ៊ីរ៉ង់ បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅអាហ្វ្រិក

តាំងពី​ជាង​មួយ​ទសវត្សរ៍​មក ទើប​តែ​នៅ​ថ្ងៃ​នេះ​ប៉ុណ្ណោះ ដែលប្រធានាធិបតី​អ៊ីរ៉ង់ ចេញ​ទៅ​ធ្វើ​ទស្សនកិច្ច​មួយ​ជុំ​នៅ​ក្នុង​ប្រទេស​បី នៃទ្វីប​អាហ្វ្រិក។ នៅថ្ងៃពុធ​ទី ១២ កក្កដា​នេះ លោក អេប្រាហ៊ីម រ៉ៃស៊ី បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​កេនយ៉ា បន្ទាប់​មក​លោក​នឹង​បន្ត​ដំណើរទៅប្រទេស អ៊ូហ្កង់ដា និង​ចុងក្រោយ​គឺ​ស៊ីមបាវ៉េ។ អមដំណើរ​ដោយប្រតិភូ​ជាសហគ្រិន ប្រមុខ​រដ្ឋ​អ៊ីរ៉ង់ ត្រូវ​ជួប​ពិភាក្សា​ជាមួយ​សមភាគី​​នៃ​ប្រទេសនីមួយៗ ប៉ុន្តែ​ពុំ​មាន​ការ​លម្អិត​កម្មវិធី​ទស្សនកិច្ច​នេះទេ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក  Ebrahim Raïssi បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅកេនយ៉ាង ថ្ងៃទី ១២​ក្កដា ២០២៣
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raïssi បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅកេនយ៉ាង ថ្ងៃទី ១២​ក្កដា ២០២៣ AFP - SIMON MAINA
ផ្សាយពាណិជ្ជកម្ម

ដល់​វេលា​ដែល​អ៊ីរ៉ង់​ចាប់​ផ្តើម​យុទ្ធនាការ​ការទូត​ហើយឬ ? បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​អ៊ីរ៉ង់ លោក​ប្រធានាធិបតីធ្វើដំណើរទៅ​​អាហ្វ្រិកជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ក្រុមសហគ្រិន​មួយ​ចំនួន​ធំ ដែល​សបញ្ជាក់​ឱ្យ​ឃើញ​ថា​ អ៊ីរ៉ង់មាន​ឆន្ទៈ​ពង្រឹងពង្រីកភាព​ជា​ដៃគូ​នយោបាយ​ ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​អាហ្វ្រិក ដើម្បី​សាកល្បង​ពង្វាង​ទណ្ឌកម្ម​របស់​បស្ចិមលោក ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ។

ប្រទេស​ទាំងបី​ដែល​លោកប្រធានាធិបតី អេប្រាហ៊ីម រ៉ៃស៊ី បាន​ជ្រើសរើស​ធ្វើ​ដំណើរ​ទៅ​ជា​លើក​ទីមួយ​នេះ​ ​មាន​ទស្សនៈវិស័យ​​នយោបាយរួម និង​ស្រែក​ឃ្លាន​ចង់​អភិវឌ្ឍប្រទេស​ជាមួយ​អ៊ីរ៉ង់។ នេះ​បើ​តាម​ការ​អះអាង​របស់​លោកប្រមុខ​ការទូត​អ៊ីរ៉ង់។

តាំងពី​ប៉ុន្មាន​ខែចុងក្រោយ​​មក​នេះ អាហ្វ្រិក​បាន​ក្លាយ​ជា​សមរភូមិ​ការទូត​រវាង​ក្រុម​បស្ចិមលោក​និង​រុស្ស៊ី​ ដើម្បី​អូសទាញ​អាហ្វ្រិក​ឱ្យ​មកគាំទ្រឬ ប្រឆាំង​នឹង​សង្គ្រាម​អ៊ុយក្រែន។ ចំណែក​អ៊ីរ៉ង់ ដែល​បាន​ឆ្លងកាត់​វិបត្តិ​សេដ្ឋកិច្ច​ជា​ពិសេស​វិបត្តិ​អតិផរណា​យ៉ាង​ធ្ងន់ធ្ងរ ដូច​បណ្តា​ក្រុមប្រទេស​នៅអាហ្វ្រិក​ដែរ​នោះ សង្ឃឹម​លើ​យុទ្ធនាការ​ការទូតក្រែង​អាច​ទម្លាយ​ភាពប្រឈម​បាន​ខ្លះ។ បើ​តាម​អ្នក​វិភាគ​ និង​អ្នក​ជំនាញ​ ជាង​ពីរ​ទសវត្សរ៍​មក​ហើយ ដែលអ៊ីរ៉ង់​សាកល្បង​អភិវឌ្ឍ​ទំនាក់ទំនង​ការ​ទូត​និង​សេដ្ឋកិច្ច​ជាមួយ​អាហ្វ្រិក។

ទន្ទឹម​គ្នា​នេះ អ៊ីរ៉ង់​ក៏​បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន-​រុស្ស៊ី​ទៀត ក្នុង​ក្របខ័ណ្ឌយុទ្ធសាស្ត្រ​បើក​ចំហ​ទៅ ទិស​ខាង​កើត ព្រោះ​តែ​គ្មាន​ភាព​ធូរ​ស្រាល​ជាមួយ​ក្រុម​លោក​ខាង​លិច​និង​សហរដ្ឋ​អាមេរិក។ កាលពី​សប្តាហ៍​មុន អ៊ីរ៉ង់​បាន​ក្លាយ​ជា​សមាជិក​អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ ដែល​មាន​ចិន​រុស្ស៊ី ជា​ស្ថាបនិក។ បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ខែ​ឧសភា លោកប្រធានាធិបតី​រ៉ៃស៊ី បាន​ទៅ​លេង​ក្រុម​ប្រទេស​ជា​មិត្ត​នៅអាមេរិកឡាទីន កាលពី​ខែ​មិថុនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ