អានតួអត្ថបទ
នីហ្សេ-អាហ្វ្រិក

នីហ្សេ៖ ក្រោយ​រដ្ឋប្រហារយោធា សហគមន៍អន្តរជាតិ ទាមទារឲ្យដោះលែងប្រធានាធិបតី

កាលពីថ្ងៃទី​២៧កក្កដា ព្រឹត្តិការណ៍​ចលាចលបាន​កើតឡើង នៅប្រទេសនីហ្សេ បន្ទាប់ពីក្រុមយោធា បានអះអាងថា បាន​ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល​ បានសម្រេច​ និងបានឈានទៅ​កាន់កាប់អំណាចទាំងស្រុង។ ផ្អែកតាមប្រភពច្បាស់ការ គឺលោក ម៉ូហាម៉េដ បាហ្ស៊ូម ប្រធានាធិបតីនីហ្សេ ព្រមទាំងមន្ត្រីខ្លះនៃរដ្ឋភិបាល ត្រូវបាន​ក្រុមយោធាចាប់ឃាត់ខ្លួន។ អង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យ​ក្រុមយោធាត្រូវតែដោះលែង ​លោក​ប្រធានាធិបតី ​នីហ្សេ ជាបន្ទាន់។

បាតុករជាច្រើនរយនាក់ ជុំគ្នានៅខាងមុខ​សភានីហ្សេ ដើម្បីគាំទ្រការធ្វើរដ្ឋប្រហារយោធា។ បាតុករខ្លះបាន​លើកគ្រវីទង់ជាតិរុស្ស៊ី ស្រែកអរគុណនិងស្វាគមន៍រុស្ស៊ី។ ក្រុងនីអាម៉េ ថ្ងៃទី ២៧កក្កដា២០២៣
បាតុករជាច្រើនរយនាក់ ជុំគ្នានៅខាងមុខ​សភានីហ្សេ ដើម្បីគាំទ្រការធ្វើរដ្ឋប្រហារយោធា។ បាតុករខ្លះបាន​លើកគ្រវីទង់ជាតិរុស្ស៊ី ស្រែកអរគុណនិងស្វាគមន៍រុស្ស៊ី។ ក្រុងនីអាម៉េ ថ្ងៃទី ២៧កក្កដា២០២៣ REUTERS - SOULEYMANE AG ANARA
ផ្សាយពាណិជ្ជកម្ម

ស្ថានការណ៍ចលាចលបានផ្ទុះឡើងនៅទីក្រុងនីអាម៉េ រដ្ឋធានី​នីហ្សេ កាលពីយប់ថ្ងៃពុធ​ទី​២៦កក្កដា។ ក្រុមយោធាមួយក្រុមបានលេចមុខតាមទូរទស្សន៍ជាតិ​ ហើយបានប្រកាសថា ក្រុមខ្លួន​បានផ្តួលរំលំ​រដ្ឋាភិបាលរបស់​លោក ប្រធានាធិបតី ម៉ូហាម៉េដ បាហ្ស៊ូម (Mohamed Bazhoum) ដោយ​សារតែរដ្ឋាភិបាល​នេះ គ្មានសមត្ថភាព​ការពារសន្តិសុខរបស់​ប្រទេស​។ នៅក្នុង​ការថ្លែងនេះ មេបញ្ជាការម្នាក់ឈ្មោះ Amadou Adramane បាន​បញ្ជាឲ្យ​បិទផ្អាកទាំងអស់ នូវស្ថាប័នរដ្ឋ បិទព្រំដែនចេញចូលទាំងស្រុង។ មេ​ក្រុមយោធានេះ បានអះអាងថា ខ្លួនបាន​ទទួលការគាំទ្រទាំងស្រុង ពីកងប្រដាប់អាវុធទាំងអស់ ដោយរាប់ទាំងកងទ័ពជាតិ កងអាវុធហត្ថ និង​នគរបាល​នីហ្សេង​។​

ប៉ុន្មានម៉ោងក្រោយ​ការផ្សាយ​នេះ​ លោករដ្ឋមន្ត្រី​ក្រសួងការបរទេសនីហ្សេ បានអះអាងតាមកញ្ចក់ទូរទស្សន៍​បារាំង France 24 ថា លោក​ប្រធានាធិបតី​ ម៉ូហាម៉េដ បាហ្ស៊ូម ត្រូវបានក្រុមយោធាចាប់ឃាត់ខ្លួន តែស្ថិតនៅ​កន្លែង​មាន​សុវត្ថិភាព​ល្អទេ​។ តែយ៉ាងណា លោក​ម្នាក់នេះបានអះអាងថា អំណាចគ្រប់គ្រងទាំងស្រុងនៅតែស្ថិតក្នុងដៃរដ្ឋាភិបាល​​ដដែលទេ និងបានអំពាវនាវឲ្យ​ពួកយោធាចូល​បន្ទាយ​វិញ​។​ ស្រាប់តែ​នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ អគ្គបញ្ជាការដ្ឋានកងទ័ពជាតិ​នីហ្សេ បានប្រកាសថា កងទ័ពសូមចូលរួមគាំទ្រ​ ជាមួយក្រុមយោធាដែលធ្វើរដ្ឋប្រហារ ដើម្បី​បញ្ចៀសការបង្ហូរឈាម រវាងក្រុមប្រដាប់អាវុធទាំងអស់​។​

ក្រោយទទួល​បាន​ដំណឹងស្តីពី​រដ្ឋប្រហារនៅ​នីហ្សេ រសៀលថ្ងៃព្រហស្បតិ៍​ លោក​ Volker Türk ឧត្តមស្នងការទទួល​បន្ទុកសិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ បាន​ទាមទារឲ្យ ក្រុមយោធានីហ្សេ ត្រូវតែដោះលែង លោក​ប្រធានាធិបតី ម៉ូហាម៉េដ បាហ្ស៊ូម ព្រមទាំងមន្ត្រីផ្សេងទៀត ជាបន្ទាន់ និងដោយ​ឥតលក្ខខណ្ឌ។ ដូចគ្នាដែរ លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេសអាមេរិក ព្រមទាំង​តំណាងកិច្ចការបរទេស​នៃសហភាពអឺរ៉ុប បានថ្លែងសារព្រមៗគ្នា ថ្កោលទោស​ការធ្វើរដ្ឋប្រហារយោធានៅនីហ្សេ​ និងទាមទារ​ឲ្យ​ដោះលែងលោក​ប្រធានាធិបតីនីហ្សេជាបន្ទាន់​។

សូមបញ្ជាក់ថា នីហ្សេ គឺជាប្រទេសចុងក្រោយ​គេ ដែលជាសម្ព័ន្ធមិត្តរបស់​ក្រុមប្រទេសលោក​ខាងលិច​ នៅក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹង​ក្រុមចលនាភេរវកម្ម​អ៊ីស្លាម តំបន់សាហ៊ែល បន្ទាប់ពីរដ្ឋាភិបាល​​ប្រទេសម៉ាលី និងបួគីណាហ្វាសូ ត្រូវបាន​​រដ្ឋប្រហារយោធា​ផ្តួលរំលំជា​បន្តបន្ទាប់។ បច្ចុប្បន្ន បារាំងមានកងទ័ពខ្លួននៅនីហ្សេ ចំនួន​ ១៥០០នាក់ ដើម្បីបោសសំអាតក្រុមជីហាតអាល់កៃដា។​

ដោយឡែក ព្រឹកថ្ងៃព្រហស្បតិ៍​ ក្រុមបាតុករជាច្រើនរយនាក់ បានជួបជុំគ្នានៅ​ទីក្រុងជាច្រើននៃប្រទេសនីហ្សេ ដោយ​ពួកគេ​បាន​ប្រកាសគាំទ្រការធ្វើ​រដ្ឋប្រហាររបស់​ក្រុមយោធា​ និងបាន​ស្រែកជេរបារាំង បណ្តេញកងទ័ពបារាំងថែមទៀត។ យោងតាមអ្នករាយការណ៍​ព័ត៌មានបារាំង AFP នៅ​ក្នុងក្បួនបាតុកម្ម គេឃើញក្រុមបាតុករនីហ្សេ លើកគ្រវីទង់ជាតិរុស្ស៊ី ស្វាគមន៍អរគុណរុស្ស៊ី​។ យោងតាមការវិភាគខ្លះ គេសង្ស័យថា ចលចលរដ្ឋប្រហារ​នៅនីហ្សេនេះ វាអាចជាស្នាដៃ​កកូរកកាយ របស់រុស្ស៊ី ព្រោះថា​នៅម៉ាលី និងបួគីណាហ្វាសូ​ វត្តមាន​របស់​ក្រុមទាហានស៊ីឈ្នួលWagner របស់រុស្ស៊ីកំពុងតែមានវត្តមានយ៉ាងសកម្ម​រួចទៅ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ