អានតួអត្ថបទ
បារាំង-នីហ្សេ

បារាំងចាប់ផ្តើមជម្លៀស​ប្រជាជនខ្លួនចេញពីនីហ្សេ បន្ទាប់ពីក្រុមបាតុករនីហ្សេ​វាយកម្ទេច​ស្ថានទូត

រដ្ឋាភិបាលបារាំង បានសម្រេច​ចាប់ផ្តើម​ប្រតិបត្តិការ​ ជម្លៀសប្រជាជនបារាំង ចេញពីប្រទេសនីហ្សេ។ ផ្អែកតាម​ប្រភពពីក្រសួងការបរទេសបារាំង យន្តហោះជើងទី១ បានហោះចេញពី​ទីក្រុងប៉ារីស នៅព្រឹកថ្ងៃអង្គារទី​១សីហា សំដៅទៅរដ្ឋធានីនីអាម៉េ​។ ស្ថានទូតបារាំងប្រចាំនៅនីហ្សេ បានសរសេរនៅលើគេហទំព័ររបស់ខ្លួន ដោយ​បានអំពាវនាវ ឲ្យ​ប្រជាជន​បារាំងមកជួបជុំគ្នាដើម្បីធ្វើដំណើរចាកចេញ ខណៈស្ថានការណ៍​កាន់តែចលាចលក្រោយ​ការធ្វើរដ្ឋប្រហារ និង​បន្ទាប់ពី​ក្រុមបាតុករគាំទ្ររដ្ឋប្រហារ បានវាយ​បំផ្លាញ​ស្ថានទូតបារាំងនៅក្រុងនីអាម៉េ យ៉ាងហិង្សាបំផុត។

ទាហានបារាំង កំពុងការពារសន្តិសុខ នៅប្រលានយន្តហោះក្រុងនីអាម៉េ ដែល​បារាំងកំពុងបើកប្រតិបត្តិការ​ជម្លៀសប្រជាជនខ្លួនចេញ។ នីអាម៉េ នីហ្សេ ថ្ងៃទី ១សីហា២០២៣
ទាហានបារាំង កំពុងការពារសន្តិសុខ នៅប្រលានយន្តហោះក្រុងនីអាម៉េ ដែល​បារាំងកំពុងបើកប្រតិបត្តិការ​ជម្លៀសប្រជាជនខ្លួនចេញ។ នីអាម៉េ នីហ្សេ ថ្ងៃទី ១សីហា២០២៣ AP - Sam Mednick
ផ្សាយពាណិជ្ជកម្ម

ក្រសួងការបរទេសបារាំង បានអះអាងដែរ ថាប្រតិបត្តិការជម្លៀសមនុស្ស​ចេញពីនីហ្សេនេះ គឺបារាំង​នឹងដឹកផងដែរ នូវប្រជាជនអឺរ៉ុបផ្សេងទៀត ដែលចង់ចាកចេញ​។ យ៉ាងណាមិញ ក្រោយ​ការប្រកាសនេះ រដ្ឋភិបាលអាល្លឺម៉ង់ និងអ៊ីតាលី បានចេញលិខិតប្រកាសប្រាប់​ប្រជាជនខ្លួន ឲ្យចាកចេញពីនីហ្សេ តាមរយៈយន្តហោះរបស់បារាំង​។

គិតមកទល់ពេលនេះ មិនទាន់​មានការបញ្ជាក់ណាមួយ ថាប្រតិបត្តិការនេះ នឹងដំណើរការទៅរយៈពេល​ប៉ុន្មានថ្ងៃនោះទេ។ ក្រសួងការបរទេសបារាំងគ្រាន់ តែបាន​ឲ្យដំណឹងថា ប្រតិតបត្តិការនេះ ត្រូវបាន​ធ្វើឡើងដោយ​មានការសហការ អនុញ្ញាត ពីអាជ្ញាធរនីហ្សេព្រោះថា​ដែនអាកាសនីហ្សេត្រូវបិទជិតឈឹង ក្រោយ​ថ្ងៃរដ្ឋប្រហារ​។​

សូមបញ្ជាក់ថា បច្ចុប្បន្នមាន​ប្រជាជនបារាំងចំនួន​ប្រមាណ​៦០០នាក់ ដែល​កំពុងស្ថិតនៅ​ប្រទេសនីហ្សេ។ ប្រតិបត្តិការជម្លៀស​នេះ គឺឈរលើការស្ម័គ្រចិត្តរបស់ប្រជាជនម្នាក់ៗ ដោយ​គ្មានការបង្ខិតបង្ខំទេ។ ជនជាតិបារាំងខ្លះ បានអះអាង​ប្រាប់អ្នកយកព័ត៌មាន​បារាំង AFP ប្រចាំនៅក្រុងនីអាម៉េ ថាពួកគេនឹងមិនចាកចេញទេ។

សូមរំលឹកថា ២ថ្ងៃមកនេះ ក្រុមបាតរនីហ្សេ ដែលគាំទ្ររដ្ឋប្រហារយោធា បាននាំគ្នា​ជួបជុំនឹងវាយ​បំផ្លាញយ៉ាងហិង្សាបំផុត ទៅលើ​ស្ថានទូតបារាំង​ ប្រចាំក្រុងនីអាម៉េ។ ក្រុម​ក្រុមបាតុរ ខ្លះ​បានលើកគ្រវីទង់ជាតិ​រុស្ស៊ី ខ្លះទៀត​​ស្រែកជេរបារាំង​និងដុតទង់ជាតិបារាំង និង​​ចោទថាបារាំង មានគម្រោង​បើកអន្តរាគមន៍យោធានៅនីហ្សេ ដើម្បីផ្តួលរំលំរបបសិក​។ ជាការចោទដែលលោកស្រី Catherine Colonna រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង បានច្រានចោលទាំងស្រុង។​ លោស្រីក៏បានបរិហារផងដែរ អំពីការចែក​ចាយ​ព័ត៌មានប្រឌិតក្លែងក្លាយតាមបណ្តាញសង្គម​នៅនីហ្សេ ដែល​សុទ្ធសឹងជាព័ត៌មាន​មួរបង្កាច់ ញុះញង់​ឲ្យស្អប់បារាំង​

ក្រោយពាក្យ​ចចាមអារ៉ាមថាបារាំងគ្រោង​បញ្ជាទ័ពទៅ​ផ្តួលរំលំរបបសិកនៅនីហ្សេនេះ បួគីណាហ្វាសូ និងម៉ាលី ដែលសុទ្ធតែគ្រប់គ្រងដោយ​របបសិកដែរនោះ បាន​ចេញសេចក្តីថ្លែងការណ៍ព្រមៗគ្នា កាលពីយប់ថ្ងៃ៣១កក្កដា​ ថាបើបារាំងធ្វើមែន​ គឺគេនឹងចាត់ទុកថាបារាំង ប្រកាសសង្គ្រាមជាមួយប្រទេសគេដែរ។ របបសិកបួគីណាហ្វាសូ និង​ម៉ាលី ក៏បានគំរាមទៀតដែរ ថានឹង​ចាកចេញពីសហគមន៍សេដ្ឋកិច្ចប្រទេសអាហ្វ្រិកខាងលិច ហៅកាត់ថា CEDEAO៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ