អានតួអត្ថបទ
អាមេរិក-នីហ្សេ

នីហ្សេ៖ អាមេរិកសម្រេចជម្លៀសបុគ្គលិកស្ថានទូត ដែលមិនចាំបាច់ ចេញពីក្រុងនីអាម៉េ

បន្ទាប់ពីបារាំងបានជម្លៀសប្រជាជនខ្លួន​ដែលស្ម័គ្រចិត្ត​ ឲ្យចាកចេញពីប្រទេសនីហ្សេ កាលពីថ្ងៃពុធទី​២សីហា​ ក្រសួងការបរទេសអាមេរិក បានប្រកាសថាគេបានសម្រេច​ ជម្លៀសបុគ្គលិក​មួយចំនួនធំរបស់ស្ថានទូតអាមេរិក ប្រចាំនៅក្រុងនៅអាម៉េ ឲ្យចាកចេញពីនីហ្សេ ដោយទុកតែបុគ្គលិកចាំបាច់មួយចំនួន​តូចតែ​ប៉ុណ្ណោះ​។

យុវជននីហ្សេដែលគាំទ្រ​រដ្ឋប្រហារយោធា ឡើងចងទង់ជាតិរុស្ស៊ី ដើម្បីអបអរ ខណៈក្រុមប្រទេសលោកខាងលិច ព្រួយបារម្ភអំពីអំពើហិង្សាប្រឆាំងស្ថានទូត និងបុគ្គលិករបស់គេ។ ក្រុងនីអាម៉េ ថ្ងៃទី ៣ សីហា ២០២៣
យុវជននីហ្សេដែលគាំទ្រ​រដ្ឋប្រហារយោធា ឡើងចងទង់ជាតិរុស្ស៊ី ដើម្បីអបអរ ខណៈក្រុមប្រទេសលោកខាងលិច ព្រួយបារម្ភអំពីអំពើហិង្សាប្រឆាំងស្ថានទូត និងបុគ្គលិករបស់គេ។ ក្រុងនីអាម៉េ ថ្ងៃទី ៣ សីហា ២០២៣ AP - Sam Mednick
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ការសម្រេចនេះ គឺដោយសារតែ​ស្ថានការណ៍​កាន់តែចលាចល នាប៉ុន្មានថ្ងៃចុងក្រោយនេះ។ ជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិក បាន​ដំឡើង​ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់សន្តិសុខ​​ នៃប្រទេសនីហ្សេ ពីកម្រិតទី​៣ឡើងទៅទី៤ ហើយ​បាន​ប្រាប់ប្រជាជន​អាមេរិក​ទាំងអស់​ មិនត្រូវធ្វើដំណើរទៅកាន់ប្រទេសនេះ​។

សូមបញ្ជាក់ថា បន្ទាប់ពីក្រុមបាតុករនីហ្សេ ដែល​គាំទ្ររដ្ឋប្រហារ​ បានសម្រុកវាយ​ប្រហារ​ស្ថានទូតបារាំង កាលពីចុងសប្តាហ៍​កន្លងទៅ រដ្ឋាភិបាលសម្រេចចិត្ត​ជម្លៀសប្រជាជនបារាំងចេញ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ប្រតិបត្តិការនេះបានចប់សព្វគ្រប់ហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី​៣សីហា ដោយ​បារាំងបានដឹកតាមយន្តហោះចំនួន​៤គ្រឿង។ ក្រៅពីជនជាតិបារាំង មានជនជាតិអាមេរិកនិងអឺរ៉ុបផ្សេងទៀត ដែលបានឡើងយន្តហោះបារាំងដែរ​។

សូមរំលឹកថា​ ក្រោយ​ការធ្វើរដ្ឋប្រហាររបស់ក្រុមយោធានីហ្សេ កាលពីថ្ងៃទី​២៦កក្កដា​ សហគមអន្តរជាតិបានអំពាវនាវ ឲ្យ​ក្រុមយោធាដោះលែងលោកប្រធានាធិបតីស្របច្បាប់ ឈ្មោះ Mohamad Bazoum ដែលក្រុមយោធាបានចាប់បង្ឃាំងទុក។ កាលពីថ្ងៃពុធទី​២សីហា​ លោក​ប្រមុខការទូតអាមេរិក បាននិយាយទូរស័ព្ទជាមួយលោក​ប្រធានាធិបតី Bazoum និងបានអះអាងថា អាមេរិកក៏ដូចជាក្រុមប្រទេសលោកខាងលិចទាំងអស់ នៅតែបន្តគាំទ្រ​រដ្ឋាភិបាលស៊ីវីលស្របច្បាប់របស់លោក​ជានិច្ច​។

គួរបញ្ជាក់ថា មានការព្រួយបារម្ភជាខ្លាំង ថាថ្ងៃទី​៣សីហា ដែលជាថ្ងៃ​​បុណ្យជាតិ​នីហ្សេ គឺ​​ក្រុមបាតុករគាំទ្ររដ្ឋប្រហារ នឹងធ្វើសកម្មភាពវាយប្រហារ ប្រឆាំងស្ថានទូតប្រទេសមហាអំណាចលោកខាងលិច នៅទីក្រុងនីអាម៉េ​។ ក្នុងក្បួនជួបជុំ​ដែលគេឃើញ ក្រុមបាតុករលើកគ្រវី​ទង់ជាតិរុស្ស៊ី។ ប្រឈមនឹងការព្រួយបារម្ភេនេះដែរ ក្រសួងការបរទេស​អង់គ្លេសក៏បាន​ប្រកាស កាត់​បន្ថយ​ចំនួន​បុគ្គលិក​ប្រចាំស្ថានទូត នៅឯទីក្រុងនីអាម៉េដែរ។ ដោយឡែក សមាគមប្រទេសសហប្រតិបត្តិការ​សេដ្ឋកិច្ចអាហ្វ្រិកខាងលិច បាន​អះអាងថា​ គេ​នឹងប្រើអន្តរាគមន៍យោធានៅ​​នីហ្សេ បើទោះបីជាទទួលស្គាល់ថា វាជាជម្រើសចុងក្រោយ ដើម្បី​ស្តារសណ្តាប់ធ្នាប់ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ