អានតួអត្ថបទ
រដ្ឋប្រហារនីហ្សេ

សហគមន៍អាហ្វ្រិកខាងលិច Cedeaoចេញបញ្ជាឲ្យពង្រាយកម្លាំងទ័ពត្រៀមសម្រាប់វិបត្តិនីហ្សេ

មេដឹកនាំរបស់ប្រទេសសមាជិកសហគមន៍អាហ្វ្រិកខាងលិច Cedeaoបាន​យល់ព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍​ឲ្យមានការពង្រាយកម្លាំងទ័ពអាហ្វ្រិកខាងលិចដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ​នៅប្រទេស​នីហ្សេ។ បារាំង និងអាមេរិក​ ដែលមាន​ទ័ពប្រចាំការ​នៅនីហ្សេ បង្ហាញជំហរគាំទ្រ​គ្រប់ចំណាត់ការរបស់​សហគមន៍អាហ្វ្រិកដើម្បីដោះស្រាយវិបត្តិនយោបាយនៅនីហ្សេ ដោយផ្តោតសំខាន់​លើ​សេចក្តីសម្រេចសន្តិភាព។

មេធ្វើរដ្ឋប្រហារនីហ្សេ លោកAbdourahmane Tchiani នៅទីក្រុង​នីអាម៉េថ្ងៃទី ២៨​កក្កដា ២០២៣
មេធ្វើរដ្ឋប្រហារនីហ្សេ លោកAbdourahmane Tchiani នៅទីក្រុង​នីអាម៉េថ្ងៃទី ២៨​កក្កដា ២០២៣ © REUTERS/Balima Boureima/File Photo
ផ្សាយពាណិជ្ជកម្ម

នៅក្នុងជំនួបកំពូលបន្ទាន់នៅប្រទេស​នីហ្សេរីយ៉ា កាលពីថ្ងៃ​ព្រហស្បតិ៍ មេដឹកនាំរបស់ប្រទេសសមាជិកសហគមន៍សេដ្ឋកិច្ចអាហ្រ្វិកខាងលិច Cedeao បានយល់ព្រមព្រៀងគ្នាឲ្យមានការពង្រាយកងទ័ពត្រៀមដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅនីហ្សេ។

មេដឹកនាំរបស់​ក្រុមប្រទេស​Cedeaoមិនបានបញ្ជាក់ពីពេលវេលា​និង​ចំនួនទ័ពដែលគេត្រូវពង្រាយសម្រាប់ទប់ទល់នឹង​ក្រុមយោធានីហ្សេដែលធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល កាលពីចុងខែ​កក្កដា។ ប៉ុន្តែ តាមប្រធានាធិបតីរបស់ប្រទេស​កូតឌីវ័រ លោក​អាឡាសាន វ៉ាត់តារ៉ា មេដឹកនាំរបស់ប្រទេស​សមាជិកCedeaoបានបើកភ្លើងខៀវ​ឲ្យ​មាន​ប្រតិបត្តិការយោធាដែលនឹង​អាច​ចាប់ផ្តើម​ក្នុងពេលដ៏ខ្លីខាងមុខ។

ប្រធានាធិបតី​កូតឌីវ័រ​បន្ថែមដែរថា កូតឌីវ័រ​នឹង​បញ្ជូន​ទាហានមួយកងពលដែលមានចំនួនពី ៨៥០នាក់ទៅ ១១០០នាក់ ទៅចូលរួមជាមួយ​កងទ័ពនីហ្សេរីយ៉ា និង​បេណាំង។ ចំណែក​ប្រទេស​ដទៃទៀត​នឹង​ចូលរួមជាបន្តបន្ទាប់។

នៅថ្ងៃព្រហស្បតិ៍ បារាំង​ដែលមាន​ទាហាន១៥០០នាក់​ឈរជើងប្រចាំការនៅមូលដ្ឋានទ័ព​ក្នុងរដ្ឋធានី នីអាម៉េ បាន​និយាយគាំទ្រ​ពេញទំហឹង​គ្រប់ចំណាត់ការរបស់​Cedeao។ ចំណែក​ប្រមុខការបរទេស​អាមេរិក​លោក​អង់តូនីប្លីងកិន អំពាវនាវឲ្យមានដំណោះស្រាយដោយ គ្មានប្រើអំពើហិង្សា ដើម្បី​ផ្តួលរបបសឹកនីហ្សេ។

ភ្លើងខៀវឲ្យមានការពង្រាយកម្លាំងទ័ពត្រៀមរបស់​សហគមន៍អាហ្វ្រិកខាងលិច Cedeao ធ្វើឡើង​នៅ​៥ថ្ងៃ​ក្រោយ របបសឹកនីហ្សេ​បដិសេធ​មិនព្រមធ្វើតាមការដាក់ឱសានវាទរបស់​Cedeao ដែលបាន​គំរាមប្រើកម្លាំងយោធា ក្នុងករណី​របបសឹកមិនព្រមដោះលែង និងប្រគល់អំណាច​ទៅ​ឲ្យប្រធានាធិបតី លោក​បាហ្ស៊ូម។

ទោះឱសានវាទចប់ទៅ កាលពីថ្ងៃ​អាទិត្យ ទី ៦​សីហា ដោយគ្មានលទ្ធផលអ្វី ប៉ុន្តែថ្នាក់ដឹកនាំ​អាហ្វ្រិកខាងលិច​​នៅតែផ្តល់អាទិភាពដោះស្រាយវិបត្តិនីហ្សេតាមផ្លូវចរចាការទូត ប៉ុន្តែ មិនទាត់ចោល​អន្តរាគមន៍យោធាដែលជាជម្រើសចុងក្រោយបំផុត។

នៅរដ្ឋធានីនីអាម៉េ ក្រុមយោធា​នីហ្សេ​មិនត្រឹមតែបិទផ្លូវ មិនព្រមចរចាទទួលជួប​គណៈប្រតិភូCedeao សហភាពអាហ្វ្រិក និង​អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ប៉ុន្តែ នៅបាន​ប្រកាស​បង្កើតរដ្ឋាភិបាលនីហ្សេ​ថ្មី នៅយប់ថ្ងៃពុធ ប៉ុន្មានម៉ោង​មុនជំនួបកំពូលរបស់​Cedeao។ ការបង្កើតរដ្ឋាភិបាលស៊ីវិលថ្មីដែលមានសមាជិក២០រូប ដឹកនាំដោយ​សេដ្ឋកិច្ចវិទូ បញ្ជាក់យ៉ាងច្បាស់ការប្តេជ្ញាចិត្ត​របស់​របបសឹកនីហ្សេ ដែលមិនព្រមចុះចាញ់ ប្រគល់អំណាចទៅឲ្យប្រធានាធិបតីទៅតាមការគំរាម និងការដាក់សម្ពាធរបស់សហគមន៍អាហ្វ្រិកខាងលិចCedeao៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ