អានតួអត្ថបទ
នីហ្សេ

សហគមន៍​Cedeao លើក​ពេល​ប្រជុំ​យោធា ក្រោយមាន​បាតុកម្ម​ប្រឆាំង​​បារាំងនៅនីហ្សេ

ក្រុមប្រទេសជា​សហគមន៍អាហ្វ្រិក​ខាង​លិច​ Cédeao ត្រូវ​​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​នៅ​ថ្ងៃ​សៅរ៍ទី​១២​សីហា​នេះ ប៉ុន្តែបែរ​ជា​​​ត្រូវអាក់ខាន និង​​លើក​ពេល​ទៅថ្ងៃ​ក្រោយ​វិញ​ ដោយ​គ្មាន​កាល​កំណត់។ ​ជា​ជំនួបប្រជុំ​ដ៏​សំខាន់​ ស្តីពី​ការ​រៀប​​ចំ​ពង្រាយ​កង​កម្លាំងទ័ព​ដើម្បី​ស្តារ​សណ្តាប់ធ្នាប់​ធម្មនុញ្ញ​ឱ្យ​ប្រទេស​នីហ្សេ ដែល​នៅ​ថ្ងៃសុក្រ​ម្សិលមិញ ក្រុម​សកម្មជន​គាំទ្រ​របប​សឹក​ ព្រមទាំង​ក្រុម​យោធា​ផង បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​យ៉ាង​ធំ​នៅក្បែរ​មូលដ្ឋាន​ទ័ព​បារាំង។

បាតុកម្ម​របស់​សកម្មជនគាំទ្រ​របប​សឹកនីហ្សេ នៅក្រុង​មីអាម៉េ នៅក្បែរ​មូលដ្ឋាន​ទ័ព​បារាំង ថ្ងៃសុក្រទី ១១​សីហា
បាតុកម្ម​របស់​សកម្មជនគាំទ្រ​របប​សឹកនីហ្សេ នៅក្រុង​មីអាម៉េ នៅក្បែរ​មូលដ្ឋាន​ទ័ព​បារាំង ថ្ងៃសុក្រទី ១១​សីហា © AFP
ផ្សាយពាណិជ្ជកម្ម

ក្រោយ​សេចក្តីសម្រេច​របស់​សហគមន៍អាហ្វ្រិក​ខាងលិច​Cedeao អនុញ្ញាត​ឱ្យ​ប្រើ​កម្លាំង​ទ័ព​ទៅ​ស្តារ​ស្ថានភាព​នៅ​នីហ្សេ របប​សឹក​ដែល​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំងអស់ ប៉ុន្តែ​ក្រុម​ទាហាន​អម​ដោយ​សកម្មជន​ជា​ច្រើនពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​​នៅ​ក្បែរ​មូលដ្ឋាន​ទ័ព​បារាំង​ជា​ថ្មី​នៅថ្ងៃ​សុក្រ​ទី​១១​សីហា។ ​ បារាំងអតីត​ប្រទេស​អាណានិគមន៍​លើ​នីហ្សេ បានក្លាយ​ជា​ផ្ទាំង​ស៊ីប​បាតុកម្ម ដោយ​​ក្រុមយោធា​នីហ្សេ​ ចោទ​​បារាំង​ថា​ជា​ដើមហេតុ​នាំ​ឱ្យ​សហគមន៍អាហ្វ្រិក​ខាង​លិច​សម្រេច​ប្រើ​កម្លាំង​ទ័ព​។

ម្យ៉ាង​វិញ​ទៀត ក្តី​ព្រួយ​បារម្ភ​ជុំ​វិញ​សុវត្ថិភាព​​លោក​​ប្រធានាធិបតី​ បាហ្ស៊ូម ដែល​ក្រុមយោធា​នីហ្សេ​បានចាប់​ឃុំ​ឃាំង​តាំងពីពីរ​សប្តាហ៍​មក​ហើយ កំពុង​រីក​ធំធាត់​ជា​លំដាប់។ បើ​តាម​អង្គការ​សហប្រជាជាតិ លោកបាហ្ស៊ូម​និង​ភរិយា​ព្រមទាំង​កូន រង​ការ​ធ្វើ​បាប​យ៉ាង​អមនុស្សធម៌​ អត់​​អាហារ​ គ្មានភ្លើង​ប្រើប្រាស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ។ ជំនិត​របស់​ប្រធានាធិបតី​រូប​នេះ​បាន​អះអាង​ថា របប​សឹក​នីហ្សេ​ថ្មី បាន​គំរាម​ជីវិត​លោក​បាហ្ស៊ូម​តែ​ម្តង​ប្រសិន​បើ​សហគមន៍អាហ្វ្រិក​ខាង​លិច​ពិត​ជា​ធ្វើ​អន្តរាគមន៍​យោធា​នៅ​នីហ្សេមែន។

ប្រឈម​នឹង​ស្ថានភាព​បែប​នេះ ជំនួប​ប្រជុំ​ជា​ថ្មី​របស់​សហគមន៍អាហ្វ្រិកខាង​លិច​​ មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​​នៅ​ថ្ងៃ​សៅរ៍​ទី ១២សីហា​នេះទេ។ បើ​តាម​ប្រភព​យោធា​តំបន់ កិច្ចប្រជុំ​ដ៏​សំខាន់ថ្នាក់​នាយអគ្គសេនាធិការ​សមាគមន៍អាហ្វ្រិក​ខាង​លិច​ដើម្បី​រិះរកវិធី​ដាក់​ឱ្យ​ដំណើរការ​គម្រោង​ពង្រាយ​កម្លាំងទ័ពនោះ ​​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ​ដោយ​គ្មាន​កាល​កំណត់ ​ដោយ​ហេតុ​តែ​បញ្ហា​បច្ចេកទេស។ ក្រុមប្រតិភូ​ជា​​នាយ​អគ្គសេនាធិការ​នៃ​ប្រទេសក្នុង​​សហគមន៍​អាហ្វ្រិក​ខាង​លិច​ គ្មាន​ពេល​និង​មធ្យោបាយ​គ្រប់គ្រាន់​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ធានី​ប្រទេស​ហ្កាណា​ដើម្បី​ជួប​ប្រជុំ​គ្នា​ទេ។ ប្រភព​ច្បាស់ការណ៍​មួយ​បញ្ជាក់​ថា ជំនួប​ប្រជុំ​នេះ​ទំនង​ត្រូវ​ធ្វើ​នៅ​ដើម​សប្តាហ៍​ក្រោយ។

​នៅ​​ក្នុង​សេចក្តី​សម្រេច​ ​កាលពី​ថ្ងៃ​ទី​១០សីហា សមាគមន៍អាហ្វ្រិក​ខាង​លិចCedeao មិន​បាន​បញ្ជាក់​អំពី​ពេលវេលា​និង​ចំនួន​ទ័ព​សម្រាប់​ចូលធ្វើ​ប្រតិបត្តិការ​នៅ​នីហ្សេទេ ប៉ុន្តែ​សហគមន៍​មាន​កង​កម្លាំងទ័ពបម្រុង​ ​ ដែល​មាន​សមាសភាព​ជា​ទាហាន​ ជា​ប៉ូលិស និង​ជាជន​ស៊ីវិល អាច​ចេញ​ធ្វើ​អន្តរាគមន៍​បាន​ភ្លាម​​ចំនួន​ប្រមាណ​២៥០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ