អានតួអត្ថបទ
នីហ្សេ-បារាំង

នីហ្សេ៖ ក្រុមយោធារដ្ឋប្រហារ ដាក់ឱសានុវាទ៤៨ម៉ោង ឲ្យ​ឯកអគ្គរដ្ឋទូតបារាំងចាកចេញ

១ខែគត់បន្ទាប់ពីក្រុមយោធានីហ្សេ បានធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់ របស់លោក​ប្រធានាធិបតី​ ម៉ូហាម៉េដ បាហ្ស៊ូម នៅថ្ងៃទី២៦សីហា​ របបសិកបានបណ្តេញឯក​អគ្គរដ្ឋទូតបារាំងឲ្យចាកចេញ​ជាបន្ទាន់ ពីទឹកដីនីហ្សេ។ យោងតាមលិខិតប្រកាសមួយ របស់​ក្រសួង​ការបរទេសនៃរបបសិកនីហ្សេ ចេញផ្សាយ​កាលពីល្ងាចថ្ងៃសុក្រ ទី​២៥សីហា ក្រុមយោធាធ្វើរដ្ឋប្រហារបាន​ដាក់ឱសានុវាទ​៤៨ម៉ោង ឲ្យ​លោក​ Sylvain Itté ឯកអគ្គរដ្ឋទូតបារាំងប្រចាំនីហ្សេ ត្រូវតែចាកចេញជាបន្ទាន់។

ក្រុមបាតុករ លើកបដាមុខស្ថានទូតបារាំង ដែលសរសេរថា ៖ បារាំងត្រូវតែចាកចេញ ។ ក្រុងនី​អាម៉េ ថ្ងៃទី​៣ សីហា ២០២៣
ក្រុមបាតុករ លើកបដាមុខស្ថានទូតបារាំង ដែលសរសេរថា ៖ បារាំងត្រូវតែចាកចេញ ។ ក្រុងនី​អាម៉េ ថ្ងៃទី​៣ សីហា ២០២៣ © AFP
ផ្សាយពាណិជ្ជកម្ម

លិខិតរបស់​ក្រុមយោធានីហ្សេ​ បាន​លើកហេតុផលថា គឺដោយ​សារតែលោកអគ្គរដ្ឋទូតបារាំង មិនព្រមចូលខ្លួនទៅតាមការអញ្ជើញកាលពីថ្ងៃសុក្រ​ ដើម្បីជួបប្រជុំនិយាយគ្នា​ ជាមួយ​នឹង​ថ្នាក់ដឹកនាំរបបសិក​នីហ្សេ។​ បន្ថែមពីនេះ ក្រុមយោធា បាន​លើក​ហេតុផលថា បារាំងបាននិងកំពុងតែធ្វើសកម្មភាព​ឃុបឃិតមួយចំនួន ដែល​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​នីហ្សេ។​ ក្រៅពីនេះ របបសិកនីហ្សេ ក៏បានដាក់ឱសានុវាទ​៤៨ម៉ោង បណ្តេញអគ្គរដ្ឋទូតប្រទេសនីហ្សេរីយ៉ាងផងដែរ។ ដោយ​ឡែក​មានលិខិត​មួយចំនួនទៀត ប្រកាសបណ្តេញអគ្គរដ្ឋទូតប្រទេសលោកខាងលិចផ្សេងទៀត ដែលត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គម។ តែក្រុមយោធានីហ្សេអះអាងថាជាលិខិតក្លែងក្លាយទេ។​

ភ្លាមៗបន្ទាប់ពីបាន​ទទួលលិខិត​បណ្តេញអគ្គរដ្ឋទូតរបស់​ខ្លួន ក្រសួងការបរទេសបារាំង​ប្រតិកម្ម​តបទៅវិញថា ក្រុមយោធានីហ្សេ ដែល​បាន​ធ្វើរដ្ឋប្រហារ​ មិនមានសិទ្ធិអំណាចស្របច្បាប់​ណាមួយ មក​បណ្តេញអគ្គរដ្ឋទូតបារាំងនោះទេ។ បារាំងទទួលស្គាល់រដ្ឋាភិបាលនីហ្សេ​ ស្របច្បាប់តែមួយគត់ គឺរដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី ម៉ូហាម៉េដ បាហ្ស៊ូម ដែល​បច្ចុប្បន្ន​លោក ព្រមទាំងក្រុមគ្រួសារ ត្រូវបាន​ក្រុមយោធាធ្វើរដ្ឋប្រហារ ដាក់បង្ឃាំងទុកក្នុងវិមានប្រធានាធិបតី។

គួរបញ្ជាក់ថា បារាំងមានទាហាន​ចំនួន​ប្រមាណ​១៥០០នាក់នៅនីហ្សេ ដែលធ្វើប្រតិបត្តិការ​ប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតភេរវកម្ម​។ តែយ៉ាងណា វត្តមានរបស់​ទាហាន​បារាំង ត្រូវបាន​ប្រជាជននីហ្សេដែលគាំទ្រក្រុមយោធា បាន​សម្តែង​ការមិនពេញចិត្តកាន់តែខ្លាំង។ កាលពីថ្ងៃទី​៣សីហា របបសិកនីហ្សេ បានប្រកាសបិទបញ្ចប់​កិច្ចព្រមព្រៀង​សហប្រតិបត្តិជាមួយកងទ័ពបារាំង។ នៅថ្ងៃទី​៣កញ្ញាខាងមុខ ក្រុមបាតុករនីហ្សេគាំទ្ររដ្ឋប្រហារ ប្រកាសថាគេនឹងនាំគ្នាទៅ​ធ្វើបាតុកម្ម​នៅខាងមុខ ទីតាំងបន្ទាយទាហានបារាំង នៅក្រុងនីអាម៉េ ដើម្បី​បណ្តេញ​កងទ័ពបារាំង។​

សូមបញ្ជាក់ដែរថា ស្ថានទូតបារាំងប្រចាំទីក្រុងនីអាម៉េ ត្រូវបាន​ក្រុមបាតុករជួបជុំគ្នាវាយ​ប្រហារ ប៉ុនប៉ងសំរុកចូល ជាច្រើនលើក។ ក្នុងក្បួនបាតុកម្មរបស់ក្រុម​គាំទ្ររដ្ឋប្រហារយោធា បាតុករតែងតែស្រែក​ជេរបារាំង និង​បណ្តាក្រុមប្រទេសលោកខាងលិច ព្រមទាំងសហគមន៍​​ដើម្បី​សហប្រតិបត្តិការសេដ្ឋកិច្ច​ក្រុម​ប្រទេស​អាហ្វ្រិក​ខាងលិច ហៅកាត់ថា CEDEAO ដែលរបបសិកនីហ្សេ ចោទថាគឺជាអាយ៉ង​របស់​​បារាំង​។​ ផ្ទុយទៅវិញ ក្រុមបាតុករនីហ្សេមួយចំនួនធំ បានគ្រវីទង់ជាតិរុស្ស៊ីនិង​បាន​​​ស្រែកអរគុណ លោក​ពូទីន ថាគឺជាក្តី​សង្ឃឹមថ្មី ក្នុងការជួយស្រោចស្រង់​ប្រទេសនីហ្សេ តាមរយៈអន្តរាគមន៍របស់កងកម្លាំងទាហានស៊ីឈ្នួលWagner៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ