អានតួអត្ថបទ

រត់ជាន់គ្នានៅម៉ាដាហ្កាស្កា៖ ស្លាប់យ៉ាងតិច១២នាក់ របួសជាង៨០នាក់

កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ម្សិល​មិញ​ មាន​ករណី​រត់​ជាន់​គ្នា នៅ​ច្រក​ចូល​កីឡដ្ឋាន​ ក្នុង​រដ្ឋធានី​អង់តាណាណារីវ៉ូ ដែល​បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​១២នាក់ និង​របួស​ជាង​៨០នាក់​ផ្សេង​ទៀត។ នេះ​មិន​មែន​ជា​លើក​ទី១​ឡើយ​សម្រាប់​ប្រទេស​កោះ​ធំ​ជាងគេ​ទី​២​មួយ​នេះ ខណៈ​កន្លង​មក កីឡដ្ឋាន​មួយ​នេះ​ធ្លាប់​ជួប​ប្រទះ​ករណី​រត់​ជាន់​គ្នា​ដល់​ទៅ​២ដង​ ជាប់ៗ​គ្នា ក្នុង​ឆ្នាំ២០១៩ និង២០១៨។

Madagascar stampede
Madagascar stampede AFP - -
ផ្សាយពាណិជ្ជកម្ម

មនុស្សយ៉ាងតិច១២នាក់បានស្លាប់ ខណៈជាង៨០នាក់ផ្សេងទៀតបានរងរបួស ក្នុងករណីរត់ជាន់គ្នា កាលពីរសៀលថ្ងៃសុក្រម្សិលមិញ មុនពិធីបើកការប្រកួតកីឡាIndian Ocean Island Games លើកទី១១ នាកីឡដ្ឋានBarea Mahamasina ក្នុងប្រទេសម៉ាដាហ្កាស្ការ។ មនុស្សជាច្រើនកុះករ ត្រូវបានគេរាយការណ៍ថា បានចូលទៅទស្សនាពិធីបើក កាលពីម្សិលមិញនេះ ដែលជារួមមានជាអ្នកមកពីប្រទេសនិងកោះ Comoros, Madagascar, Mauritius, Seychelles, the Maldives និង Réunion ។

យោងតាមនាយករដ្ឋមន្រ្តីម៉ាដាហ្កាស្ការ លោក Christian Ntsay គិតត្រឹមរសៀលថ្ងៃសុក្រម្សិលមិញ ក្នុងចំណោមអ្នករបួសទាំងប្រមាណ៨០នាក់ ក្នុងនោះមានមនុស្ស១១នាក់ ដែលត្រូវការការវះកាត់ព្យាបាលជាបន្ទាន់។ យ៉ាងណាមិញ លោក Christian Ntsay គូសបញ្ជាក់ថា រដ្ឋនឹងរ៉ាប់រងថ្លៃព្យាបាលដល់ជនរងគ្រោះទាំងអស់។ ក្រៅតែពីផ្ញើសារចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ នាយករដ្ឋមន្រ្តីរូបនេះ ក៏បានរៀបចំពិធី ស្ងប់ស្ងាត់១នាទី នៅអំឡុងពិធីបើកកីឡាមួយនេះដែរ ដើម្បីជាកាន់ទុក្ខទៅដល់អ្នកបាត់បង់ជីវិត ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយក្នុងប្រទេសម៉ាដាហ្កាស្កា។ កាលពីខែមិថុនាឆ្នាំ២០១៩ មានករណីរត់ជាន់គ្នាស្រដៀងគ្នានេះ បានកើតឡើងនៅទីតាំងតែមួយ អំឡុងការប្រារព្វទិវាឯករាជ្យជាតិ ដែលបណ្ដាលឲ្យស្លាប់យ៉ាងតិច១៥នាក់ និងរបួសជាង៧០នាក់ផ្សេងទៀត។ ចំណែកកាលពីខែកញ្ញាឆ្នាំ២០១៨ មានករណីរត់ជាន់គ្នាផ្សេងទៀត នៅច្រកចូលកីឡដ្ឋានមួយនេះដូចគ្នា ដែលបានសម្លាប់មនុស្ស១នាក់ និងរបួសជិត៥០នាក់ផ្សេងទៀត ។ ក្រៅពីនេះ នៅទីតាំងនេះ ធ្លាប់មានហេតុការណ៍បំផ្ទុះគ្រាប់បែកដៃ កាលពីឆ្នាំ២០១៦ ដែលបានសម្លាប់មនុស្ស២នាក់ និងរបួសប្រមាណ៨០នាក់ផ្សេងទៀត។

គួរជម្រាបថា កីឡដ្ឋាន Mahamasina គឺជាកីឡដ្ឋានធំជាងគេ របស់ប្រទេសម៉ាដាហ្កាស្កា ដែលភាគច្រើនត្រូវបានប្រើជាទីតាំងរៀបចំពិធីប្រកួតកីឡាធំៗ និងអាចផ្ទុកអ្នកទស្សនាប្រមាណ៤ម៉ឺន១ពាន់នាក់។

ម៉ាដាហ្កាស្កាគឺជាប្រទេសកោះធំជាងគេទី២នៅលើពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ដែលមានក្រឡាផ្ទៃសរុបប្រមាណ ៥៩២,៨០០ គីឡូម៉ែត្រការ៉េ។ ប្រទេសកោះធំជាងគេទីពីរនេះ មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋម៉ាដាហ្កាស្កា  ស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា ដែលមានចម្ងាយប្រមាណ ៤០០ គីឡូម៉ែត្រពីឆ្នេរតំបន់អាហ្វ្រិកខាងកើត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ