អានតួអត្ថបទ
ហ្កាបុង

ហ្កាបុង៖ ក្រុមយោធា​ប្រកាស​លុប​​លទ្ធផល​ឆ្នោត​និងបញ្ចប់​របប​ដឹកនាំក្នុង​ប្រទេស

ក្រុមយោធា​ហ្កាបុង​កំពុង​ធ្វើ​​រដ្ឋប្រហារដែរឬ? ភាព​ស្រពិចស្រពិល​កំពុង​កើត​មាន​នៅក្នុង​ប្រទេស​ហ្កាបុង។ គ្រាន់​តែឃើញ​លទ្ធផលជា​ផ្លូវការ​នៃ​​​​ការ​បោះឆ្នោត​ប្រធានាធិបតីដែល​ផ្តល់​ជ័យ​ជំនះ​ឱ្យ​លោក​អាលី បុងហ្កោ អុងឌីមបា ជាប់​ជា​ប្រធានាធិបតី​​អាណត្តិ​ទីបីភ្លាម ក្រុម​យោធា​បាន​ចេញ​មុខ​ប្រកាសលុប​ចោល​ការ​បោះឆ្នោត​នោះ និង​ប្រកាស​រំលាយ​ស្ថាប័ន​រដ្ឋ​ទាំងអស់ ដើម្បី​​​បិទ​បញ្ចប់​របបកាន់​អំណាចនៅក្នុង​ប្រទេស​ហ្កាបុង​​បច្ចុប្បន្ន។

ហ្កាបុង៖ ក្រុមយោធា​ប្រកាស​លុប​​លទ្ធផល​ឆ្នោត​និងបញ្ចប់​របប​ដឹកនាំកំពុង​កាន់​អំណាច។ ថ្ងៃ​ទី ៣០សីហា​២០២៣។
ហ្កាបុង៖ ក្រុមយោធា​ប្រកាស​លុប​​លទ្ធផល​ឆ្នោត​និងបញ្ចប់​របប​ដឹកនាំកំពុង​កាន់​អំណាច។ ថ្ងៃ​ទី ៣០សីហា​២០២៣។ © Capture d'écran/X (Twitter) @mmalekou
ផ្សាយពាណិជ្ជកម្ម

ទូរទស្សន៍​ជាតិ​ហ្កាបុង​បាន​ប្រកាស​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី(​ថ្ងៃទី២៦​សីហា) នៅយប់​ថ្ងៃ​អង្គារ​ឆ្លង​មក​ថ្ងៃ​ពុធ ដោយ​ប្រធានាធិបតី​ផុត​អាណត្តិ​ អាលី បុងហ្កោ ដែល​ដឹកនាំ​ប្រទេស​១៤​ឆ្នាំ​មក​ហើយ បាន​ទទួល​ជោគជ័យ​ក្នុង​សំឡេង​គាំទ្រ​៦៤,២៧%។ គ្រាន់​តែ​ប្រកាស​ចប់​ភ្លាម សំឡេង​ស្នូរ​កាំភ្លើង​បាន​ផ្ទុះ​ឡើង។ ព័ត៌មានទាក់​ទង​នឹង​ការ​​បោះឆ្នោត​បាន​បង្វែរ​ទៅផ្សាយក្នុង​បណ្តាញ​ទូរទស្សន៍​Gabon២៤ ផ្សាយចេញ​ពី​វិមាន​ប្រធានាធិបតី។​

នៅវេលា​ម៉ោង​៥​ទៀបភ្លឺ ពេល​ទូរទស្សន៍​កំពុង​បង្ហាញ​លទ្ធផល​ឆ្នោត ស្រាប់​តែ​ក្រុមយោធា​១២​នាក់​បាន​លេច​មុខ​តាមកញ្ចក់​ទូរទស្សន៍​ ប្រកាស​បិទ​បញ្ចប់​របប​ដឹកនាំ​ប្រទេស​ហ្កាបុង​តែម្តង។ “យើង ​កងកម្លាំង​ការពារ​ជាតិ​ និង​សន្តិសុខ​ រួម​គ្នា​ជា​គណៈកម្មការ​ដើម្បី​អន្តរការ​និង​ស្តារ​ស្ថាប័ន​ ក្នុង​នាម​ប្រជាជន​ហ្កាបុង​និង​ក្នុង​នាម​ជា​អ្នក​ធានា​​ការពារស្ថាប័ន​រដ្ឋ​បាន​សម្រេច​ការពារ​សន្តិភាព​ដោយ​បិទ​បញ្ចប់​របប​ដឹកនាំ​បច្ចុប្បន្ន។ ​លទ្ធផល និងការ​បោះឆ្នោតទូទៅថ្ងៃទី២៦​សីហា ​​​​ត្រូវ​លុប​ចោល​ទាំងស្រុង។ នេះ​បើ​តាម​យោធា​ម្នាក់​ជា​វរសេនីយ៍ឯក​នៃកង​យោធា​ជាតិ​ហ្កាបុង។ ក្រុមយោធា​បាន​​បរិហារ​​ការ​បោះឆ្នោត​ថា​គ្មាន​តម្លាភាព មិន​គួរ​ជឿទុក​ចិត្ត​សម្រាប់​ប្រជាពលរដ្ឋ​ និង​ចោទ​រដ្ឋាភិបាល​ថា​គ្មាន​ទំនួល​ខុស​ត្រូវ​ ធ្វើ​ឱ្យស្ថានភាព​​សង្គម​និង​ប្រទេស​បាន​ធ្លាក់​ចុះ​ជា​លំដាប់​ទៅ​រក​ភាព​វឹកវរ។ ជាមួយ​នឹង​ការ​​ ​សម្រេច​រំលាយ​រដ្ឋាភិបាល សភា​និង​ព្រឹទ្ធសភា​ តុលាការធម្មនុញ្ញ ក្រុមប្រឹក្សា​សេដ្ឋកិច្ច​សង្គម​និង​បរិស្ថាន ព្រមទាំង​មជ្ឈមណ្ឌល​គ្រប់គ្រង​ការ​បោះឆ្នោត ក្រុមយោធាបាន​ប្រកាស​​បិទ​​ព្រំដែនរហូត​ដល់​មាន​បទ​បញ្ជា​ថ្មី។​

​​យោធាមួយ​ក្រុម​នេះ ​មានគ្នា​ចម្រុះ ជាទាហាន​ជាតិ ជា​​​ប៉ូលិស (​មួក​ក្រហម) ជា​​​ក្រុមទាហាន​ជើង​ឆើតនៃ​​​​​កងអង្គរក្ស​ប្រធានាធិបតី (​​មួកបៃតង)។ ចំណែក​ក្រុម​​មួកខ្មៅ ច្រើន​ជា​ទាហាន​ក្នុង​កង​ពាសដែក។

ហេតុការណ៍​នេះ​​ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​ហ្កាបុង​ស្ថិត​ក្នុង​បម្រាម​គោចរ និង​គ្មាន​សេវា​អ៊ីនធ័រនែត។ រដ្ឋាភិបាល​ផុត​អាណត្តិរបស់​លោក អាលី បុងហ្កោ​បាន​​ចាត់​វិធានការ​ពីរ​នេះ កាលពី​ថ្ងៃ​សៅរ៍​ទី​២៦ សីហា មុន​បិទ​ការិយាល័យ​បោះឆ្នោត​បន្តិច បង្ការ​​កុំ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​​អំពើ​ហិង្សា​ជា​យថាហេតុ​ណាមួយ។

មាន​អាយុ​៦៤​ឆ្នាំ​ លោក អាលី បុងហ្កោបាន​ជាប់​ឆ្នោត​ជាប្រធានាធិបតី​ហ្កាបុង​ជា​​លើកទីមួយ​នៅឆ្នាំ​២០០៩ ក្រោយ​មរណភាព​របស់​ឪពុក​ឈ្មោះ អូម៉ា បុងហ្កោ អុងឌីមបា ដែលបាន​​ដឹកនាំ​ប្រទេស​ជាង​៤១​ឆ្នាំ។ ពោល​គឺ​ហ្កាបុង​ស្ថិតក្រោម​ការ​ដឹកនាំ​របស់​ត្រកូល​ អុងឌីមបា ចំនួនជាង​​៥៥​ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ