អានតួអត្ថបទ
កូរ៉ូណាវីរុស អ៊ីតាលី គុយបា​ រុស្ស៊ី

កូវីដ១៩៖ ​គុយបា និងរុស្ស៊ី បញ្ជូន​គ្រូពេទ្យ​ទៅ​ជួយ​អ៊ីតាលី

នៅអ៊ីតាលី ក្នុងមួយថ្ងៃសៅរ៍ទី​២១មីនា មានអ្នកជម្ងឺ​កូវីដ១៩ ប្រមាណជិត​៨០០នាក់ បានស្លាប់។ មន្ទីរពេទ្យនៅអ៊ីតាលី កំពុងស្ថិតនៅ​ក្នុងភាពអាសន្នធ្ងន់ធ្ងរបំផុត ដោយខ្វះសម្ភារៈចាំបាច់ ក្នុងការសង្រ្គោះជីវិតអ្នកជំងឺ ដែលកើនឡើងឥតឈប់។ ដើម្បី​ជួយ​សម្រាល​ការលំបាកនេះ រដ្ឋាភិបាលគុយបា និងរុស្ស៊ី បានសម្រេចបញ្ជូនក្រុមគ្រូពេទ្យ និងសម្ភារៈពេទ្យមួយ​ចំនួន ទៅជួយ​អ៊ីតាលី។

ក្រុមគ្រូពេទ្យជំនាញគុយបា ថតរូបជុំគ្នា ជាមួយនឹងរូបថតរបស់​លោកហ្វ៊ីឌែល កាស្ត្រូល បិតាបដិវត្តន៍កុម្មុយនីស្តគុយបា មុននឹងចាកចេញទៅកាន់អ៊ីតាលី។ ក្រុងហាវ៉ាន ថ្ងៃទី​២១ មីនា ២០២០
ក្រុមគ្រូពេទ្យជំនាញគុយបា ថតរូបជុំគ្នា ជាមួយនឹងរូបថតរបស់​លោកហ្វ៊ីឌែល កាស្ត្រូល បិតាបដិវត្តន៍កុម្មុយនីស្តគុយបា មុននឹងចាកចេញទៅកាន់អ៊ីតាលី។ ក្រុងហាវ៉ាន ថ្ងៃទី​២១ មីនា ២០២០ REUTERS - ALEXANDRE MENEGHINI
ផ្សាយពាណិជ្ជកម្ម

នេះគឺជាលើក​ទី​មួយ​ហើយ ​ដែលគុយបាន​​បញ្ជូន​ក្រុមគ្រូ​ពេទ្យ​ទៅ​ជួយ​អ៊ីតាលី។ ប្រឈម​នឹងភាព​អាសន្ន​កាន់​តែខ្លាំងឡើង ​តំបន់​ឡុំបារឌី ស្ថិត​នៅ​ភាគខាងជើង​អ៊ីតាលី ដែលមានចំនួន​អ្នកឆ្លង និងអ្នកស្លាប់​ដោយកូវីដ១៩ច្រើនបំផុតនោះ បានដង្ហើយហៅរក​ជំនួយ​ពី​បរទេស។ រដ្ឋាភិបាល​កោះគុយបា បានសម្រេចបញ្ជូន​ក្រុមគ្រូពេទ្យ ចំនួន​៥២នាក់ ទៅជួយអ៊ីតាលី។

សូមបញ្ជាក់ថា ចាប់តាំងពីផ្ទុះការឆ្លងមេរោគកូវីដ១៩នៅប្រទេសចិន គុយបាន​បានបញ្ជូនក្រុមគ្រូពេទ្យខ្លួន​ទៅជួយ​ប្រទេសចំនួន៥រួចហើយ រួមមាន វ៉េណេស៊ុយអេឡា នីការ៉ាហ្ក័រ ហ្សាម៉ាអ៊ីក ស៊ូរីណាំ និងហ្ក្រឺណាដ។ ក្រុមគ្រូពេទ្យជំនាញរបស់គុយបា ក៏ធ្លាប់បានចូលរួមជួយ ប្រទេសហៃទី ប្រយុទ្ធប្រឆាំងនឹងជំងឺអាសន្នរោគ ព្រមទាំងបានជួយ​ប្រទេសអាហ្វ្រិកខាងលិច កាលពី​ក្នុងអំឡុងពេលផ្ទុះការឆ្លងមេរោគអេបូឡា។ ការបញ្ជូនគ្រូពេទ្យ ទៅជួយ​ប្រទេសផ្សេង ក៏ជានយោបាយការទូតរបស់រដ្ឋាភិបាលកុម្មុយនីស្តគុយបាដែរ ដើម្បីសម្តែងពីសាមគ្គីភាព ភាតរៈភាព ក្នុងនាមជាអ្នកបដិវត្តប្រជាជន។

ក្រៅពីគុយបា នៅថ្ងៃអាទិត្យនេះ ក្រសួងការពារជាតិរុស្ស៊ី ក៏បានប្រកាសដែរ ថាគេនឹងបញ្ជូន​យន្តហោះ​ទាហាន ដឹកក្រុមគ្រូពេទ្យទាហាន​ចំនួន​៨ក្រុម ទៅជួយអ៊ីតាលី។ កងទ័ព​រុស្ស៊ីក៏នឹងបញ្ជូនសម្ភារៈពេទ្យមួយចំនួន ព្រមទាំងរថយន្តពិសេស មានបេសកកម្ម​បាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីសាធារណៈ។ ការសម្រេចបញ្ជូនជំនួយបន្ទាន់នេះ គឺធ្វើឡើង បន្ទាប់​ពីលោក​ Guiseppe Conte ប្រមុខរដ្ឋាភិបាល​អ៊ីតាលី បាននិយាយទូរស័ព្ទ​ជាមួយ​លោក Vladimir Poutine កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ។

សូមបញ្ជាក់ថា អ៊ីតាលី គឺជាប្រទេសដែលមានស្ថានភាព​ធ្ងន់ធ្ងរជាងគេ។ ចំនួន​អ្នកឆ្លងកូវីដ១៩ បានកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់ជាង​៥៣៥០០នាក់ ហើយក្នុងនោះមានស្លាប់ដល់ទៅ​ជិត​៥០០០នាក់ ពោលគឺលើសពីចំនួន​អ្នកស្លាប់នៅចិន​ទៅទៀត។ រដ្ឋាភិបាលអ៊ីតាលីបានចេញវិធានការ​ជាបន្តបន្ទាប់ ដើម្បី​ព្យាយាម​បន្ថយល្បឿននៃការឆ្លងរាលដាល ដូចជាការរិតបន្តឹងបន្ថែមលើការធ្វើចរាចរណ៍ចេញដើរក្រៅផ្ទះ និងការបិទរាល់សកម្មភាពការងារ​ផលិតកម្មណា ដែលមិនចាំបាច់។​ កាលពីល្ងាចថ្ងៃសៅរ៍ទី២១មីនា លោក​ប្រមុខរដ្ឋាភិបាលអ៊ីតាលី​ បានប្រកាស​ទាំងអួលដើមកថា នេះ​គឺ​ជាវិបត្តិ​ដ៏ធ្ងន់ធ្ងរបំផុត ដែលអ៊ីតាលីមិនដែលបានជួបប្រទះទេ ចាប់តាំងពីសង្រ្គាម​លោកលើក​ទី​២​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ