អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩៖ នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ត្រូវដាក់ឲ្យនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មេរោគកូវីដ១៩ បន្តឆ្លងរាលដាលខ្លាំងនៅតាមបណ្តាប្រទេសអឺរ៉ុប និងបណ្តាលឲ្យមានអ្នកស្លាប់ច្រើនបំផុត។ លោកបូរីស ចនសុន នាយករដ្ឋមន្ត្រីប្រទេសអង់គ្លេស គឺជាមេដឹកនាំប្រទេសមហាអំណាច តែម្នាក់គត់​ ដែលបានឆ្លងមេរោគកូវីដ១៩។ បន្ទាប់ពីបានឃុំខ្លួន សំងំនៅដាច់ដោយឡែក អស់ប្រមាណជិត​២សប្តាហ៍ លោកបូរីស ចនសុន ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីយប់ថ្ងៃអាទិត្យ ទី៥មេសា។ រហូតមកទល់ពេលនេះ ស្ថានភាពជំងឺរបស់លោកបូរីស ចនសុន បានបង្កឲ្យមានការព្រួយបារម្ភជាខ្លាំង ដោយសារលោក កំពុងស្ថិតនៅក្នុង​បន្ទប់សង្រ្គោះបន្ទាន់​។

លោក Boris Johnson ខំចេញមកទះដៃនៅខាងក្រៅ ដើម្បីអរគុណដល់បុគ្គលិកពេទ្យ​ ដែលប្រថុយជីវិត​ព្យាបាល​អ្នកជំងឺកូវីដ១៩។ ថ្ងៃទី២ មេសា ២០២០
លោក Boris Johnson ខំចេញមកទះដៃនៅខាងក្រៅ ដើម្បីអរគុណដល់បុគ្គលិកពេទ្យ​ ដែលប្រថុយជីវិត​ព្យាបាល​អ្នកជំងឺកូវីដ១៩។ ថ្ងៃទី២ មេសា ២០២០ 10 Downing Street/AFP/File
ផ្សាយពាណិជ្ជកម្ម

បញ្ចូលអុកស៊ីសែន តែមិនស្ថិតក្រោមជំនួយនៃម៉ាស៊ីនដកដង្ហើម

លោកបូរីស ចនសុន កំពុងស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យ Saint Thomas ទីក្រុងឡុងដ៍។ យោងតាមប្រសាសន៍លោកទេសរដ្ឋមន្ត្រី Michael Gove ដែលបានថ្លែងនៅក្នុងបទសម្ភាសតាមវិទ្យុ LBC នៅព្រឹក​ថ្ងៃទី៧មេសា បានឲ្យដឹងថា លោកបូរីស ចនសុន កំពុង​ស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់​ ដោយ​ក្រុមគ្រូពេទ្យ ត្រូវបញ្ចូលអុកស៊ីសែនជួយគាត់។ ក៏ប៉ុន្តែស្ថានភាពគាត់ មិនធ្ងន់ធ្ងរ​ខ្លាំង រហូត​ដល់ដាក់ម៉ាស៊ីន ជំនួយការដកដង្ហើមទេ។

សូមរំលឹកថា លោកបូរីស ចនសុន បានធ្វើតេស្តស្វែងរកមេរោគកូវីដ១៩ ហើយលទ្ធផល​នៅថ្ងៃ​ទី​២៦មិនា បង្ហាញថាគាត់មានផ្ទុកមេរោគនេះ។ ក្រោយមកគាត់បានសំងំនៅក្នុងផ្ទះរហូត។ ដំបូងៗ លោកបានថតសារវីដេអូ​ ផ្ញើទៅកាន់ប្រជាជនអង់គ្លេស ប្រាប់ពីស្ថានភាពអាការៈជំងឺ ដូចជា​គ្រុនក្តៅខ្លួន តែមិនមានអ្វីគួរបារម្ភទេ។

នៅថ្ងៃទី​៣មេសា លោកបូរីន ចនសុន ក្តៅខ្លួនខ្លាំងណាស់ តែលោកនៅតែបន្ត ដឹកនាំការប្រជុំគណ​រដ្ឋមន្ត្រី​ពីចំងាយ តាមរយៈប្រព័ន្ធវីស្យូខុនហ្វឺរិនស៍។ រហូតទាល់តែយប់ថ្ងៃអាទិត្យ ប្រមាណតែកន្លះ​ម៉ោង ក្រោយព្រះមហាក្សត្រីយានី អេលីហ្សាបែតទី២ បានថ្លែងសន្ទរកថា​ចប់ លោកបូរីស ចនសុន ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម តែម្តង។ នៅព្រឹកថ្ងៃចន្ទ ទី៦មេសា លោកនៅបន្តខំប្រឹង​ដឹកនាំការប្រជុំរដ្ឋាភិបាល ពីក្នុងបន្ទប់មន្ទីរពេទ្យ ក៏ប៉ុន្តែនៅពេលរសៀល ស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យ បានសម្រេចចិត្តបញ្ជូនគាត់ ចូលបន្ទប់សង្រ្គោះបន្ទាន់ នៅយប់ថ្ងៃចន្ទ។

ដោយឡែក លោកស្រី Carrie Symonds ដែលជា​ភរិយារបស់លោកបូរីស ចនសុន និងដែលមានកំពុងមានផ្ទៃពោះ៦ខែនោះ ក៏ត្រូវបានគេ​សង្ស័យ ថាអាចមាន​ផ្ទុកមេរោគកូវីដ១៩ដែរ ព្រោះគាត់ឈឺ គ្រុនក្តៅខ្លួន អស់រយៈពេល​១សប្តាហ៍ ទើបតែបានធូរកាលពី​ថ្ងៃសៅរ៍កន្លងទៅនេះទេ។

មុនឆ្លងកូវីដ១៩ លោកបូរីស ចនសុន មានសុខភាពល្អ តែនឿយហត់ខ្លាំង

បើតាមប្រភពស្និទ្ធនឹងលោកបូរីស ចនសុន គឺថាគាត់ជាមនុស្សមានសុខភាពមាំមួនល្អ មិនមានជម្ងឺប្រចាំកាយអ្វីទេ។ យោងតាម​ទស្សនាវត្តី Times លោកបូរីស ចនសុន ជាអ្នកចូលចិត្តកីឡា។ លោកចូលចិត្តលេងកីឡាវាយតេនីស ជាញឹកញាប់ នៅពេលណាលោកមានពេលទំនេរ។ ប្រភពដដែលអះអាងថា លោកបូរីស ចនសុន មានគ្រូបង្ហាត់ធ្វើយ៉ូហ្កា និងធ្វើលំហាត់​ប្រាណ ដើម្បីសម្រកទំងន់។

ក៏ប៉ុន្តែ ចាប់តាំងពីគាត់បានចូលធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេស នៅខែកក្កដា ឆ្នាំ២០១៩ គឺគាត់មានការងារច្រើនខ្លាំងណាស់ ដូចជាការចរចាបន្ទាន់ ដើម្បីផ្តាច់ខ្លួនអង់គ្លេស​ចេញពីសហភាពអឺរ៉ុបជាដើម។ ការងាររវល់ខ្លាំង​ ប្រជុំទាំងថ្ងៃទាំងយប់ រហូតដល់ចុងខែតុលា ហើយបន្ទាប់មកទៀត លោកត្រូវធ្វើការឃោសនាបោះឆ្នោតទៀតនៅខែវិច្ឆិកា និងខែធ្នូទៀត។ ពោលគឺអំឡុងពេល​៦ ៧ខែចុងក្រោយនេះ ដែល លោកបូរីស ចនសុន នឿយហត់ខ្លាំង យកតែមែនទែន។

នរណាធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន?

សម្រាប់ប្រទេសអង់គ្លេស នេះគឺជាស្ថានភាពដ៏លំបាកណាស់ ខណៈដែលប្រទេសកំពុងប្រយុទ្ធជាមួយការឆ្លងរាលដាលមេរោគកូវីដ១៩ ហើយនាយករដ្ឋមន្ត្រីកំពុងស្ថិតក្នុងការសង្រ្គោះបន្ទាន់​ នៅឯមន្ទីរពេទ្យ បែបនេះទៀត។​ មានសំណួរបានចោទឡើង ស្តីអំពីដំណើរការទូទៅ នៃរដ្ឋាភិបាលអង់គ្លេស ក្នុង​អំឡុងពេល ដែលលោក​នាយករដ្ឋមន្ត្រីស្ថិតនៅមន្ទីរពេទ្យ។

មុនពេលត្រូវគេបញ្ជូនចូលពេទ្យ លោកបូរីស ចនសុន បានតែងតាំងលោក Dominic Raab រដ្ឋមន្ត្រីក្រសួងការបរទេស ដែលមានងារជា​ទេស​រដ្ឋមន្ត្រីទីមួយ ឲ្យចាត់ចែងកិច្ចការបន្ទាន់ចាំបាច់នានា។ ក៏ប៉ុន្តែមិនមែនមានន័យថា លោក Dominic Raab នឹងកាន់តំណែង​ ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ននោះទេ។

មានពាក្យចចាមអារ៉ាមខ្លះ លើកឡើង ថា គណៈរដ្ឋមន្ត្រីអង់គ្លេស កំពុងស្ថិតក្នុងវិបត្តិផង ដោយសារតែ​គ្មានមេកើយ មិនដឹងថានរណាជាអ្នកសម្រេចអ្វីឲ្យពិតប្រាកដ នេះបើផ្អែកតាមការចុះផ្សាយ​របស់ ទស្សនាវត្តី Times។ ក្រៅ ពីលោក Dominic Raab រដ្ឋមន្ត្រីក្រសួងការបរទេស ប្រមាណ២សប្តាហ៍ចុងក្រោយនេះ គេឃើញមាន​មនុស្ស៣នាក់ ផ្សេងទៀត បានលេចមុខខ្លាំង គឺលោក Matt Hancock រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក Rishi Sunack រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងលោក Mark Sedwill ប្រធានខុទ្ទកាល័យនាយករដ្ឋមន្ត្រី។

គ្មានច្បាប់ណាមួយ កំណត់ថាក្នុងកាលៈទេសៈបែ​បនេះ តើនរណានឹងមកឡើងធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន​ ជំនួសលោកបូរីស ចនសុននោះទេ។ យោងតាមការវិភាគ ប្រសិនបើស្ថានភាពជំងឺ របស់លោកបូរីស ចនសុន មិនធូរស្រាល បន្តយូរទៅមុខទៀត រដ្ឋមន្ត្រីទាំងអស់ អាចប្រជុំគ្នាសម្រេច​រើសនរណាម្នាក់ ធ្វើ​ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន​ ឬមួយក៏អាចប្រហែលជារដ្ឋសភា ដែលនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីបើកផ្លូវសុំការរៀបចំរដ្ឋាភិបាលថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ