អានតួអត្ថបទ

ប្រធានាធិបតី​បារាំង​ជាប់​ចំណាត់ថ្នាក់​អន់​ជាងគេ​ក្នុង​រឿងគ្រប់គ្រង​វិបត្តិកូវីដ​១៩

ការស្ទង់មតិ​អន្តរជាតិ ដែលធ្វើឡើង​នៅក្នុង​ប្រទេស​លោកខាងលិច ចំនួន​៧​បាន​បង្ហាញថា នៅក្នុង​បណ្តា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង ​ដោយសារ​បញ្ហាកូវីដ១៩ ប្រជាជន​ភាគច្រើន​មាន​ក្តីទុទិដ្ឋិនិយម និង​មិនពេញចិត្ត​ការងារគ្រប់គ្រង​វិបត្តិកូវីដ១៩​របស់​រដ្ឋាភិបាល។ ជា​លទ្ធផល មេដឹកនាំ​របស់​ប្រទេស​ដែល​រងគ្រោះ ខ្លាំង​ដោយសារ​កូវីដ​១៩ មាន​កូដ​ប្រជាប្រិយភាព ធ្លាក់ចុះ​ខ្លាំង​បើប្រៀបធៀប​នឹង​មេដឹកនាំ​ប្រទេស​ដែល​មិនសូវ​មាន​ករណីឆ្លងកូវីដ១៩។ 

ប្រធានាធិបតីបារាំង​ចុះទៅ​ទស្សនកិច្ច​នៅផ្សារ​បារាំង​មួយ កាលពី​ថ្ងៃទី​២២​មេសា ២០២០
ប្រធានាធិបតីបារាំង​ចុះទៅ​ទស្សនកិច្ច​នៅផ្សារ​បារាំង​មួយ កាលពី​ថ្ងៃទី​២២​មេសា ២០២០ REUTERS - Stephane Mahe
ផ្សាយពាណិជ្ជកម្ម

ការស្ទង់មតិ ដែល​វិទ្យាស្ថាន​បារាំង Ipsos បាន​ធ្វើឡើង នៅក្នុង​ប្រទេស​ចំនួន ៧ ដូចជា បារាំង អង់គ្លេស អូទ្រីស ស៊ុយអែត អាល្លឺម៉ង់ អ៊ីតាលី និង​នូវែលសេឡង់ បាន​បង្ហាញថា នៅបណ្តា​ប្រទេស​ ដែល​មាន​ការឆ្លងរាតត្បាតខ្លាំង ជំងឺកូវីដ​១៩ ប្រជាជន​ដាក់​ពិន្ទុ​យ៉ាងតឹង​បំផុត សម្រាប់​មេដឹកនាំ​របស់​ពួកគេ នៅក្នុង​រឿងដោះស្រាយ​វិបត្តិ​កូវីដ១៩។

ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល​ម៉ាក្រុង បាន​ទទួល​ចំណាត់ថា្នក់​អន់​ជាងគេ​បំផុត ដោយ​ទទួល​បាន​ពិន្ទុ តែ ៤ លើ ១០ ចំណែក​អ្នក​ដែល​បាន​ពិន្ទុល្អ​បំផុត​ពីប្រជាជន​របស់ខ្លួន គឺ​នាយករដ្ឋមន្រ្តី របស់​នូវែលសេឡង់ លោកស្រី​ហ្សាស៊ីនដា អារឌែន Jacinda Aprdern។ តាម​ការស្ទង់មតិ​របស់​Ipsos ក្នុង​ចំណោម​ប្រជាជន​នូវែលសេឡង់ ១០០០​នាក់ ដែល​គេ​បាន​ស្រង់មតិ មាន​តែ ៧ភាគរយ​ប៉ុណ្ណោះ ដែល​និយាយ​ថា ពួកគេ​មិនពេញចិត្ត​នឹង​ការងារ​របស់​រដ្ឋាភិបាល។ គេ​អាច​និយាយ​បាន​ថា ប្រជាជន​នូវែលសេឡង់​ភាគច្រើន​ពេញចិត្ត​នឹង​ការងារ​របស់​លោកស្រី​នាយករដ្ឋមន្រ្តី ដែល​បាន​ចាត់វិធានការ​ទាន់ពេលវេលា មិន​ឲ្យ​មាន​ការឆ្លងខ្លាំង​នៅ​នូវែលសេឡង់។

ពលរដ្ឋ​នូវែលសេឡង់ ប្រមាណ ៧%​ដែល​មិនពេញចិត្ត​នឹង​ការងារ​របស់​រដ្ឋាភិបាល។ ចំនួន​នេះ​តិចណាស់ បើប្រៀបធៀប​នឹង​ប្រទេស​បារាំង ជា​ទី​ដែល ​ប្រជាជន​ដល់​ទៅ ៤២% ដែល​សំដែង ការមិនពេញចិត្ត នឹង​រដ្ឋាភិបាល ដែល​កំពុង​ប្រឈម​នឹង​ចោទប្រកាន់​ថា យឺតយ៉ាវ និង​ លាក់បាំង​ការពិត​ស្តីពី​កង្វះម៉ាស នៅក្នុង​ស្តុក។

នៅអូទ្រីស ជាទី ដែល​រដ្ឋាភិបាល ទើប​សម្រេច​បើក​ទីក្រុង បន្ទាប់ពី​បិទតែ​ជាង​១ខែ លោកនាយករដ្ឋមន្រ្តី Sebastian Kurz បាន​ពិន្ទុ ៦,៨ ពីប្រជាជន​របស់ខ្លួន ដោយ​នាំមុខ​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់។ ចំណែក នាយករដ្ឋមន្រ្តី អង់គ្លេស អ៊ីតាលី និង​ស៊ុយអែតជាប់ចំណាត់ថ្នាក់​មធ្យម (៥)។

ក្រៅតែពី​ផ្តោតលើ​ចំណាត់ថ្នាក់​របស់​ រដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​កូវីដ​១៩ ការស្ទង់មតិ​របស់​​Ipsos បានបង្ហាញដែរថា ​អត្រា​អ្នកដែល​មាន​ទុទិដ្ឋិនិយម​ដោយសារ​កូវីដ ១៩ មាន​ចំនួន​ខ្ពស់​នៅ​បណ្តា​ប្រទេស​ដែល មានករណី​ឆ្លងកូវីដ​ខ្លាំង នាំមុខ​ដោយ​បារាំង (៤៣%) អ៊ីតាលី​(៣៤%) និង​អង់គ្លេស។ ទោះជា​កម្រិត​សុទិដ្ឋិនិយម​របស់​ប្រជាជន​ខុសគ្នា ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ប៉ុន្តែ គ្រប់​អ្នកដែល​គេ​បានសួរសម្ភាសន៍ បាន​វាយតម្លៃថា កូវីដ​១៩​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត ទាំង​ផ្នែក​សុខភាព និង​សេដ្ឋកិច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ