អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិកូវីដ​អាច​ធ្វើ​ឲ្យ​ប្រទេស អឺរ៉ុប ពង្រឹង​សាមគ្គីភាព​រវាងគ្នា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មេដឹកនាំ​អឺរ៉ុប បាន​បើកកិច្ចប្រជុំ​កំពូល នៅថ្ងៃ​សុក្រ​នេះ ដើម្បី ពិភាក្សា​ពី​ផែនការ​ស្តារសេដ្ឋកិច្ច​ក្នុង​ក្របខ័ណ្ឌ សហភាពអឺរ៉ុប។ តាមរយៈ​កិច្ចប្រជុំ​តាមវីដេអូ ថ្នាក់ដឹកនាំ​របស់​ប្រទេស​សមាជិក​អឺរ៉ុប ត្រូវ​ពិភាក្សា ចរចា​គ្នា​ពីផែនការជំរុញ សេដ្ឋកិច្ច តម្លៃ ៧៥០ពាន់​លាន​អឺរ៉ូ ដែល​គណៈកម្មការ​អឺរ៉ុប​បាន​ស្នើឡើង ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ចអឺរ៉ុប​ដែល​រង​ប៉ះពាល់​ដោយ វិបត្តិកូវីដ​១៩។ ៧៥០​ពាន់លានអឺរ៉ូ នេះ ជា​ប្រាក់បំណុល​រួម ដែល​សហភាព​អឺរ៉ុប ចង់​ទៅខ្ចីពី​ទីផ្សារ​ហិរញ្ញវត្ថុ​សម្រាប់​ផែនការ​ជំរុញ​សេដ្ឋកិច្ច។

បុរស​ដើរលើ​រូបសញ្ញា​អឺរ៉ុប នៅក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​នៅមុខ​ស្ថានទូតអ៊ីតាលី ក្នុង​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ទាមទារ​ឲ្យ​គេជួយ​អ៊ីតាលី ដែល​រងគ្រោះ​ដោយសារ​វិបត្តិកូវីដ​ខ្លាំងជាងគេនៅអឺរ៉ុប នៅខែ មេសា ២០២០
បុរស​ដើរលើ​រូបសញ្ញា​អឺរ៉ុប នៅក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​នៅមុខ​ស្ថានទូតអ៊ីតាលី ក្នុង​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ទាមទារ​ឲ្យ​គេជួយ​អ៊ីតាលី ដែល​រងគ្រោះ​ដោយសារ​វិបត្តិកូវីដ​ខ្លាំងជាងគេនៅអឺរ៉ុប នៅខែ មេសា ២០២០ AP - Markus Schreiber
ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​របស់​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៧ បានបើក​ជំនួបកំពូល នៅថ្ងៃ​សុក្រនេះ ដើម្បី ​ផ្តោតសំខាន់​លើ​ផែនការជំរុញ​សេដ្ឋកិច្ច​អឺរ៉ុប នៅក្រោយ​វិបត្តិកូវីដ ដែល​គណៈកម្មការ​អឺរ៉ុប​បាន​ស្នើឡើង ដោយ​យកលំនាំតាម សំណើ​របស់​ប្រធានាធិបតី បារាំង និង​អាល្លឺម៉ង់ កាលពី​ពាក់កណ្តាល​ខែ ឧសភា​កន្លងទៅ។ នៅ​ចុងខែ​ឧសភា​គណៈកម្មការ​អឺរ៉ុប​បាន​ស្នើ​កញ្ចប់​ថវិកា ៧៥០ពាន់​លាន​អឺរ៉ូ ដើម្បី ស្តារសេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក​អឺរ៉ុប ដែល​រងគ្រោះ​ដោយ​វិបត្តិកូវីដ។

ដើម្បី​បានថវិកា​យកទៅ​ជួយស្តារសេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក​អឺរ៉ុប គណៈកម្មការ​អឺរ៉ុប​បាន​ស្នើ​ឲ្យ​មានកញ្ចប់បំណុល​រួម​របស់អឺរ៉ុប។ មានន័យថា គណៈកម្មការ​អឺរ៉ុប​នឹងចេញមុខ ជំនួស ប្រទេស​សមាជិក​ដើម្បី ខ្ចីប្រាក់ ៧៥០ពាន់លាន​អឺរ៉ូ​ពី​ទីផ្សារ ហិរញ្ញវត្ថុ​អន្តរជាតិ។ អឺរ៉ុប​ធ្វើដូច្នេះ គឺ​ដើម្បី​ចេញមុខ​ធានា អាច​ខ្ចីប្រាក់បំណុល​បាន​ច្រើន និង​ក្នុង​តម្លៃ ការប្រាក់ថោក។ ដោយពិត​ទៅ ប្រទេស​សមាជិកអឺរ៉ុប ដូចជា​អ៊ីតាលី ឬអេស្ប៉ាញ  អាច​ទៅ​ខ្ចីបំណុល​បានដែរ ប៉ុន្តែ ត្រូវបង់ការប្រាក់ខ្ពស់ ព្រោះថា​អ្នកវិនិយោគ​មិនសូវ​ទុកចិត្ត លើ​សេដ្ឋកិច្ច​របស់អ៊ីតាលី ដែល​កំពុង​រងគ្រោះ​ដោយសារ​វិបត្តិកូវីដ​លើកនេះទេ។

ដើម្បីសង​បំណុល​៧៥០​ពាន់លាន​អឺរ៉ូ សហភាព​អឺរ៉ុប​នឹង​ប្រើកញ្ចប់​ថវិកា​អឺរ៉ុប ដែលប្រទេស​សមាជិក ត្រូវ​បង់វិភាគទាន ប្រចាំឆ្នាំ ទៅតាម​ធនធាន និងកម្រិត​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​សមាជិក​នីមួយៗ។ ជាក់ស្តែង អាល្លឺម៉ង់​ដែល​មាន​សេដ្ឋកិច្ច​ខ្លាំងជាង​គេ នៅអឺរ៉ុប​នឹង​ត្រូវ​បង់​ប្រមាណ ១៣៥ពាន់លាន​អឺរ៉ូ សម្រាប់​កេសថវិកាអឺរ៉ុប នៅពេល​អ៊ីតាលី​ឯណោះវិញ បង់វិភាគទាន​តិចជាង ៤០ពាន់លាន​អឺរ៉ូ ទៅ​ឲ្យ​កេសថវិកា​អឺរ៉ុប។

ជាមួយនឹង​ទឹកប្រាក់បំណុលរួម ៧៥០ពាន់​លាន​អឺរ៉ូ ដែល​សហភាពអឺរ៉ុប​ចេញមុខ​ទៅខ្ចីជំនួស​ឲ្យ​សមាជិក​អឺរ៉ុប ៥០០ពាន់លាន​អឺរ៉ូ នឹង​ត្រូវ​បែងចែក ទៅ​ឲ្យ​ប្រទស​សមាជិក ក្នុង​ទម្រង់​ជា​ប្រាក់ឧបត្ថម្ភ ប្រាក់ជំនួយ សម្រាប់​ជួយ​រដ្ឋសមាជិក វិស័យ​សំខាន់​ដែល​រងគ្រោះ​ដោយសារ​កូវីដ ដូចជា វិស័យ​ទេសចរណ៍ ឧស្សាហកម្ម​ផលិត​រថយន្ត ឬ​សម្រាប់​យក​ទៅ​ប្រើ​ស្តារ​វិស័យ​សុខាភិបាល​ជាដើម។ ចំណែក ២៥០​ពាន់​លាន​អឺរ៉ូ​ដែលនៅសល់ គឺ គេ​នឹង​បែងចែក ទៅ​ឲ្យ​ប្រទេស​សមាជិក ក្នុង​ទម្រង់ជា​ប្រាក់កម្ចី។

ជារួម​អ៊ីតាលី រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​កូវីដ​នឹង​ទទួលបានប្រាក់ឧបត្ថម្ភ​ច្រើនជាងគេ ប្រមាណ ៨២ពាន់​លាន​អឺរ៉ូ​ពីកញ្ចប់បំណុលរួម​របស់​អឺរ៉ុប បន្ទាប់មកពី​អេស្ប៉ាញ ​ដែលនឹង​ទទួល​បាន​៧៧ពាន់លាន​អឺរ៉ូ ។ អាល្លឺម៉ង់​ឯណោះវិញ ដែល​ត្រូវ​បង់វិភាគច្រើន​ជាងគេ​សម្រាប់​សងបំណុលរួម នឹង​បានទទួល​ប្រាក់ឧបត្ថម្ភ​ពីកញ្ចប់បំណុល តែ ២៩ពាន់លាន​អឺរ៉ូតែប៉ុណ្ណោះ។ មានន័យថា បានទទួល​ជំនួយ​តិចជាងគេ ប៉ុន្តែ ត្រូវ​បង់សងបំណុលច្រើន​ជាងគេ។ នេះ​ហើយ​ជា​ស្មារតី​សំដែង​សាមគ្គីភាព របស់​ប្រទេស​អឺរ៉ុប ដើម្បី​រក្សា​ស្ថិរភាព​តំបន់ចាយប្រាក់អឺរ៉ូ។

ហេតុអ្វី​បានជាអឺរ៉ុប​ពិបាក​នឹង​បង្កើតបាន​កិច្ចព្រមព្រៀង?

គេ​មិន​សង្ឃឹមរកបានកិច្ចព្រមព្រៀង នៅក្រោយ​ជំនួបកំពូលនៅថ្ងៃនេះ ប៉ុន្តែ លោកស្រី នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ដែល​ជា​អ្នកចេញមុខ គាំទ្រ​ផែនការ​ជំរុញ​សេដ្ឋកិច្ចអឺរ៉ុប ដោយសារ​វិបត្តិកូវីដ បាន​បញ្ជាក់កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ១៨​មិថុនា​ថា លោកស្រី ចង់​ឲ្យ​មាន​កិច្ចព្រមព្រៀង លើ​កញ្ចប់បំណុលរួម របស់​អឺរ៉ុប ឲ្យ​បាន​មុន​ដាច់ខែ​កក្កដា ដើម្បី​ឲ្យ​ផែនការ​ជំរុញ​សេដ្ឋកិច្ច នៅក្រោយ​កូវីដ នឹងអាច​ចាប់អនុវត្ត​ពី​ឆ្នាំ ២០២១​តទៅ។

មេដឹកនាំ​អឺរ៉ុប មិនងាយ​នឹង​អាច​បង្កើត​បាន​កិច្ចព្រមព្រៀង ដោយសារ​តែ​មាន​ជំហរ​ប្រឆាំង របស់​ក្រុមប្រទេស​អឺរ៉ុប​ខាងជើង ចំនួន ៤ ដែល​គេ​ឲ្យ​ឈ្មោះ​ថា ប្រទេស​ដែលកំណាញ់ស្វិត ​ត្បិតត្បៀត​ក្នុងការចាយវាយ។ ប្រទេស​អឺរ៉ុប​ខាងជើង ទាំង​៤ ដែល មាន​ហូឡង់ ដាណឺម៉ាក ស៊ុយអែត និង​អូទ្រីស ធ្លាប់​បាន​ប្រឆាំង​ម្តងហើយ មិន​ឲ្យ​មាន​គម្រោង​ខ្ចីប្រាក់បំណុលរួម​អឺរ៉ុប​នោះទេ ព្រោះតែ​ពួកគេ​មិន​ចង់​ចូលរួម សងប្រាក់បំណុលរួម ជាមួយ​ប្រទេសអឺរ៉ុប​ខាងត្បូង ដែល​ពួកគេ​ចោទប្រកាន់​ថា ចាយខ្ជះខ្ជាយ មិន​ចេះគ្រប់គ្រង​មុខ​ចំណាយរបស់ខ្លួន។

ប៉ុន្តែ នៅក្រោយ​ការផ្លាស់ប្តូរ​ជំហរ​របស់នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ដែល​ចូលរួម​ជាមួយ បារាំង ដើម្បី​ជំរុញ​ឲ្យ​មានការខ្ចីប្រាក់បំណុលអឺរ៉ុបរួម ប្រទេស​អឺរ៉ុប​ខាងជើង ក៏បាន​បន្ទន់ជំហរ មកវិញ ដោយ​យល់ព្រម ឲ្យអឺរ៉ុប​ខ្ចីបំណុលរួម ប៉ុន្តែ ត្រូវ​មាន​លក្ខខណ្ឌ។ សម្រាប់​ប្រទេស​អឺរ៉ុប​ខាងជើង ប្រាក់បំណុល​រួម​របស់​អឺរ៉ុប​មិនត្រូវ​យកទៅប្រើ​ដើម្បី ចែកចាយ ឧបត្ថម្ភ​សម្រាប់​ប្រទេស​សមាជិក​នោះទេ ប៉ុន្តែ គេគួរ​ប្រើ​វា​ក្នុង​ទម្រង់ជា​ប្រាក់កម្ចី មានន័យថា ប្រទេស​សមាជិក​ត្រូវ​បង់សងទៅតាម​ចំនួនប្រាក់​ដែលខ្លួន​ខ្ចី​ពី​សហភាពអឺរ៉ុប។ មួយវិញទៀត ប្រទេស អឺរ៉ុប​ខាងជើង ចង់​ឲ្យ​ប្រទេស​អឺរ៉ុប​ខាងត្បូង​ដូចជា​អេស្ប៉ាញ និងអ៊ីតាលី ក្រិក បង្ហាញ​ផែនការ​រឹតត្បិត​ថវិកា មិនមែន​ចេះតែ​យក​ប្រាក់អឺរ៉ុប ទៅ​ចាយផ្តេសផ្តាសនោះទេ។​

កិច្ចប្រជុំ​នៅថ្ងៃសុក្រ ជា​ឱកាស​ឲ្យ​ប្រទេស​អឺរ៉ុប អាច​ដោះស្រាយ ការខ្វែង​គំនិតគ្នា ​រវាង​ប្រទេស​អឺរ៉ុប​ទាំង២​ប្លុក។ ដើម្បី​បញ្ចុះបញ្ចូល ឲ្យ​មាន​ការយល់ព្រមព្រៀង​ពីប្រទេស​ដែល​មិនចង់​ឲ្យមាន​បំណុលរួម គណៈកម្មការ​អឺរ៉ុប​បាន​ដាក់​លក្ខខណ្ឌថា ប្រទេស​សមាជិក​ត្រូវ​ប្រើ​ជំនួយ របស់​អឺរ៉ុប ដើម្បី​វិនិយោគ និង​ត្រូវ​ធ្វើកំណែទម្រង់​ឡើងវិញ ប៉ុន្តែ​គេ​មិនចាំបាច់​ត្រូវ​រឹតត្បិត​ថវិកា​ដូច​កាលក្នុង​វិបត្តិ​ប្រាក់បំណុល​អឺរ៉ុប កាលពី​១០​ឆ្នាំមុននោះទេ។

អឺរ៉ុប​រួមគ្នា នៅចំពោះមុខ នយោបាយ​មិនច្បាស់លាស់ របស់​អាមេរិក និង​ការពង្រីកឥទ្ធិពល​របស់​ចិន

វិបត្តិកូវីដ លើកនេះ បាន​បើកភ្នែក​ប្រទេស​នៅអឺរ៉ុប​ឲ្យ​ឃើញច្បាស់ថា វិស័យ​សុខាភិបាល សេដ្ឋកិច្ច​របស់អឺរ៉ុប ផុយស្រួយ នឹង​អាចដួលរលំ គ្រប់ពេល បើសិន​អឺរ៉ុប​មិន​រួមសហការ ចាប់ដៃ​សាមគ្គីគ្នាទេ។ កម្លាំង​សាមគ្គី ដើម្បី​រក្សា​អឺរ៉ុប ឲ្យ​នៅ​គង់វង្ស ចេញពី​អាល្លឺម៉ង់ ដែល​ជា​ចលករ​សេដ្ឋកិច្ច​សំខាន់​របស់អឺរ៉ុប។

ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​ដែល​អរិភាព មិន​ចង់​ឲ្យ​មាន​ប្រាក់បំណុល​រួម បានផ្លាស់ប្តូរ​ជំហរ​មកវិញ ដោយ​មើលទៅលើ​បរិបទ ពិភពលោក​សព្វថ្ងៃ។ ទី១ គឺ​វិបត្តិកូវីដ ដែល​រញ្ជួយ​សេដ្ឋកិច្ច​របស់​គ្រប់ប្រទេស ដោយ​មិន​លើកលែង ប្រទេស​ណាមួយទេ។ សេដ្ឋកិច្ច​អាល្លឺម៉ង់ មិនរឹងមាំ​ស្ថិតស្ថេរបានទេ បើសិន សេដ្ឋកិច្ច​របស់​ប្រទេស​ផ្សេងទៀត ចុះខ្សោយ និងជាពិសេស ប្រទេស​អឺរ៉ុប​តែមួយ ដែល​ចាយប្រាក់អឺរ៉ូ​ជាមួយ​អាល្លឺម៉ង់។ នេះជា​ប្រសាសន៍​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់។

អាល្លឺម៉ង់ បានចេញមុខ​ប្រមូល សាមគ្គីភាពគ្នា​រវាង​ប្រទេស​អឺរ៉ុប នៅចំពោះមុខ​នយោបាយ​ពង្រីក​ឥទ្ធិពល​របស់​ចិន ដែល​ចាំ​តែ​លេបត្របាក់​ក្រុមហ៊ុន​អឺរ៉ុប ដូចកាល​សម័យ​វិបត្តិប្រាក់បំណុល ក្រិក កាលពី​១០ឆ្នាំមុន។ មួយវិញទៀត នៅពេល​អាមេរិក សម្ព័ន្ធមិត្ត​របស់​អឺរ៉ុប មានប្រធានាធិបតី​លោកដូណាល់​ត្រាំ ដែល​ចង់តែ​ដកដៃ និង​រករឿង អឺរ៉ុប​សម្រាប់​ប្រយោជន៍​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន យ៉ាងដូច្នេះ អាល្លឺម៉ង់ ត្រូវ​តែ​ប្រមូល​ប្រទេស​អឺរ៉ុប ឲ្យ​បង្រួបបង្រួម គ្នា ឲ្យ​ខ្លាំង​ជាងណាៗ​ទាំងអស់ ដើម្បី​ទប់ទល់​នឹង​រលកបោកបក់​របស់ព្យុះដូណាល់ ត្រាំ និង​មហិច្ឆតាពង្រីក​ឥទ្ធិពល​របស់​មហាអំណាច​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ