អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីវិទ្យាសាស្រ្ដអាចដោះស្រាយបញ្ហាមនុស្សជាតិ អំឡុងវិបត្តិកូវីដ១៩?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់តាំងពីឆ្នាំ១៩៥១ ជំនួបជ័យលាភីណូបែលលីនដូ (Lindau Nobel Laureate Meetings) ត្រូវ​ប្រារព្ធឡើងជារឿងរាល់ឆ្នាំ នៅទីក្រុងលីនដូ ប្រទេសអាល្លឺម៉ង់ដោយមានការចូលរួមពីអ្នកវិទ្យាសាស្រ្ដ និងអ្នកសេដ្ឋកិច្ច ពីគ្រប់ទិសទីជុំវិញពិភពលោក។ ទោះជាយ៉ាងណា ក្រោមហេតុផលវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ ជំនួបនេះត្រូវបានលើកពេលទៅឆ្នាំក្រោយ ដោយការជំនួសឱ្យមានជំនួបតាមប្រព័ន្ធអនឡាញ ក្រោមកម្មវីធី Online Science Days 2020។ ជំនួបឆ្នាំនេះ ផ្តោតលើបញ្ហាចម្បងពីរ ពាក់ព័ន្ធទៅនឹងវិធីសាស្រ្ដផ្សព្វផ្សាយពីការផ្លាស់ប្ដូរអាកាសធាតុ និង ប្រព័ន្ធសេដ្ឋកិច្ចក្រោយកូវីដ១៩។ រហូតមកដល់ពេលបច្ចុប្បន្ន វិទ្យាសាស្រ្ដនៅតែដើរតួនាទីយ៉ាងចម្បង ក្នុងការស្រាវជ្រាវដោះស្រាយបញ្ហាមនុស្សជាតិនានា ក៏ប៉ុន្តែ វិបត្តិជំងឺកូវីដ១៩ បានបង្កឱ្យមាននិន្នាការយល់ឃើញអវិជ្ជមានផងដែរចំពោះទំនុកចិត្តលើវិទ្យាសាស្ត្រ។

ហេតុអ្វីវិទ្យាសាស្រ្ដអាចដោះស្រាយបញ្ហាមនុស្សជាតិ អំឡុងវិបត្តិកូវីដ១៩?
ហេតុអ្វីវិទ្យាសាស្រ្ដអាចដោះស្រាយបញ្ហាមនុស្សជាតិ អំឡុងវិបត្តិកូវីដ១៩? AFP/File
ផ្សាយពាណិជ្ជកម្ម

ទោះជាបាតុភូតធម្មជាតិយ៉ាងច្រើនត្រូវគេរកឃើញហេតុនិងផលនៃដំណើរកកើតរបស់វាក៏នៅមានរឿងយ៉ាងច្រើនអនេកផ្សេងទៀតដែលគេមិនទាន់រកឃើញ។រឿងទាំងនោះបានក្លាយជាប្រធានបទនៃការស្រាវជ្រាវថ្មីៗរបស់អ្នកវិទ្យាសាស្រ្ដជំនាន់ក្រោយៗ។តាមគោលការណ៍វិទ្យាសាស្រ្ដគេជឿជាក់ថាអ្វីៗក្នុងធម្មជាតិសុទ្ធតែអាចស្វែងរកហេតុនិងផលបានហើយអ្នកវិទ្យាសាស្រ្ដត្រូវតែស្មោះត្រង់ចំពោះការស្រាវជ្រាវរបស់ខ្លូន។នេះសំដៅថាតាមរយៈការអនុវត្តវិធីសាស្រ្ដតែមួយគេប្រាកដជាទទួលបានលទ្ធផលស្រាវជ្រាវតែមួយដូចគ្នា។ក្នុងបញ្ហាជំងឺកូវិដ១៩ ក៏ដូចគ្នាផងដែរ អ្នកវិទ្យាសាស្រ្ដ កំពុងសិក្សាស្វែងរកថ្នាំវ៉ាក់សាំង ដើម្បីបង្ការជំងឺដ៏កាចសាហាវនេះ។

គោលការណ៍នៃការស្វែងរកហេតុនិងផល បានក្លាយជាវប្បធម៌នៃការត្រាស់ដឹង ឬការភ្ញាក់ពីជំនឿគ្មានហេតុផល តាំងពីអតីតកាលដ៏យូរអង្វែងមកម៉្លេះ ពោលគឺតាំងពីសម័យព្រះសម្មាសម្ពុទ្ធ កាលពីជាង២៥០០ឆ្នាំមុន។ ទោះជាយ៉ាងណា គោលការណ៍នេះត្រូវគេបំភ្លេចរហូតដល់សករាជពន្លឺ ក្នុងតំបន់អឺរ៉ុប នៅចន្លោះសតវត្សរ៍ទី១៧ និងទី១៩ ដែល​គោលការណ៍វិទ្យាសាស្រ្ដ បែបហេតុនិងផល បាន​ក្លាយជាចលនាគំនិតថ្មី ហើយបន្តមានឥទ្ធិពលរហូតមកដល់ពេលបច្ចុប្បន្ន។

វិបត្តិជំងឺកូវិដ១៩ នឹងផ្លាស់ប្តូរអ្វីៗទាំងអស់​ រួមទាំងរបៀបនៃការរស់នៅក្នុងសង្គមមនុស្សជាទូទៅ និងទំនុកចិត្តរបស់ពួកគេលើវិទ្យាសាស្រ្ដ។ វិបត្តិជំងឺកូវិដ១៩បានបង្ហាញពីសារៈសំខាន់នៃវិទ្យាសាស្ត្រក្នុងការគាំពារសុខុមាលភាពរបស់មនុស្សជាតិ។ ក៏ប៉ុន្តែក្នុងពេលជាមួយគ្នា ក៏មានការអះអាងផងដែរអំពីនិន្នាការអវិជ្ជមានចំពោះទំនុកចិត្តលើវិទ្យាសាស្ត្រ។ក្នុងបណ្ដាប្រទេសខ្លះ ការស្រាវជ្រាវវិទ្យាសាស្រ្ដ ប្រឈមនឹងវិបត្តិកូវិដ១៩ ត្រូវបានទាត់ចោលដោយអ្នកនយោបាយ។

ការសិក្សាអំពីទំនុកចិត្តរបស់សាធារណជន លើវិទ្យាសាស្រ្ដ ត្រូវបានធ្វើឡើង ដោយមជ្ឈមណ្ឌលហានិភ័យជាប្រព័ន្ធ នៃសាលាសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រនយោបាយ នៃទីក្រុងឡុង​ (LSE) របស់ចក្រភពអង់គ្លេស។ ការសិក្សានេះ បាន​សួរទៅកាន់សាធារណជន ជាង៧ម៉ឺននាក់ មកពី១៦០ប្រទេស អំពីទំនុកចិត្តរបស់ពួកគេលើវិទ្យាសាស្ត្រ និងភាពស្មោះត្រង់របស់អ្នកវិទ្យាសាស្ត្រ។ សាធារណជនទាំងនោះ ត្រូវគេចោទសួរនូវសំនួរ ដូចខាងក្រោម៖ជាទូទៅតើអ្នកមានទំនុកចិត្តលើ វិទ្យាសាស្ត្រក្នុងកម្រិតណា (កម្រិតច្រើន ខ្លះមិនច្រើនឬមិនជឿតែម្ដង)? និង តើអ្នកទុកចិត្តអ្នកវិទ្យាសាស្រ្តក្នុងកម្រិតណាដែរ ដែលពួកគេ​ធ្វើការងារដោយស្មោះត្រង់ និងមានគោលបំណងផ្តល់ផលប្រយោជន៍ដល់សាធារណជន?

ការសិក្សាបានរកឃើញថា ការរីករាលដាលនៃរោគរាតត្បាតសកល តួយ៉ាង ជំងឺកូវិដ១៩ មានឥទ្ធិពលអវិជ្ជមាន និងគួរឱ្យកត់សម្គាល់ ចំពោះសាធារណជនលើគុណតម្លៃវិទ្យាសាស្រ្ដ​ និងភាពស្មោះត្រង់របស់អ្នកវិទ្យាសាស្រ្ដ។ ក្នុងបណ្ដាប្រទេសខ្លះ សាធារណជន បង្ហាញក្តីបារម្ភលើការជឿជាក់របស់ខ្លួន ថា អ្នកវិទ្យាសាស្ត្រដែលធ្វើការឱ្យក្រុមហ៊ុនឯកជនពិតជាបានផ្តល់ផលប្រយោជន៍ដល់សាធារណជន ឬអ្នកវិទ្យាសាស្ត្រដែលធ្វើការឱ្យក្រុមហ៊ុនឯកជន ឬនៅសាកលវិទ្យាល័យ មានភាពស្មោះត្រង់ចំពោះការស្រាវជ្រាវរបស់ខ្លួន។

ទោះជាយ៉ាងណា ក្នុងបណ្ដាប្រទេសភាគច្រើនលើសលុប លទ្ធផលនៃការសិក្សាបង្ហាញថា ជំងឺរាតត្បាតសកលនេះ មិន​មានផលប៉ះពាល់ដល់ទំនុកចិត្តលើវិទ្យាសាស្ត្រទេ។ភាគច្រើននៃប្រទេសជឿនលឿន មានការជឿទុកចិត្តលើវិទ្យាសាស្ត្រ។ប្រទេសទាំងនោះប្រមូលផ្ដុំនៅអាមេរិកខាងជើងនិងបណ្ដាប្រទេសប៉ែកអឺរ៉ុប។ តំបន់អាស៊ីប៉ាស៊ីហ្វិកក៏មានកម្រិតទុកចិត្តខ្ពស់លើវិទ្យាសាស្រ្ដផងដែរ។ ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សិង្ហបុរីអូស្រ្ដាលី និងនូវែលសេឡង់ ជាដើម មានកម្រិតខ្ពស់ ធៀបនឹងបណ្ដាប្រទេសអាស៊ីផ្សេង​ទៀត។ ផ្ទុយទៅវិញ បណ្ដាប្រទេសទ្វីបអាហ្វ្រិកភាគច្រើន កម្រិតនៃការទុកចិត្តមានកម្រិតទាប ធៀបនឹងបណ្ដាប្រទេស ដែលបានរៀបរាប់ខាងលើ។

សរុបសេចក្តីមក លទ្ធផលនៃការសិក្សាបានបង្ហាញជារួមថា សាធារណជននៃប្រទេសភាគច្រើនលើសលុប លើពិភពលោកមានទំនុកចិត្តលើភាពស្មោះត្រង់និងរបកគំហើញវិទ្យាសាស្រ្ដជាពិសេសអំឡុងពេលប្រឈមនឹងវិបត្តិជំងឺកូវិដ១៩។ទោះជាយ៉ាងណា ក៏មានផងដែរ បណ្ដាប្រទេស ដែលសាធារណជនបង្ហាញក្តីបារម្ភអំពីទំនុកចិត្តលើវិទ្យាសាស្រ្ដ ត្បិតការស្រាវជ្រាវវិទ្យាសាស្រ្ដប្រឈមនឹងវិបត្តិកូវិដ១៩ត្រូវបានទាត់ចោលដោយអ្នកនយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ