អានតួអត្ថបទ

អង្គការ​សុខភាព​ពិភពលោក​ព្រមាន​ពីការកើនឡើង​ករណីឆ្លង​នៅអឺរ៉ុប

បន្ទាប់ពី​ស្ងប់ស្ងាត់​អស់​មួយរយៈ អឺរ៉ុប​ដែល​បើកព្រំដែន បើក​សកម្មភាព​សេដ្ឋកិច្ច​សឹងទាំងស្រុង កំពុង​ចាប់ផ្តើម​ប្រឈម​សាជាថ្មី ការកើនឡើង​ចំនួន​មនុស្ស​ឆ្លងមេរោគ​កូរ៉ូណា។ នៅក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធាន​អង្គការសុខភាព​ពិភពលោក​ទទួល​បន្ទុក​ផ្នែក​អឺរ៉ុប​បាន​ព្រមាន​ពី​វិបត្តិប្រព័ន្ធ​សុខាភិបាល បើសិន​គេ​មិន​ចាត់វិធានការ ដើម្បី​ទប់ស្កាត់​ការចម្លង​រាលដាល​ជំងឺ​កូវីដ។

ពេទ្យទាហាន​អាល្លឺម៉ង់​តេស្តប្រជាជន​នៅក្នុង​តំបន់​ដែល​បិទខ្ទប់ នៅក្រោយ​ផ្ទុះករណីឆ្លងថ្មី​នៅ​រោងចក្រ​កាប់សាច់ដ៏ធំជាង​គេ​នៅអឺរ៉ុប នៅ​សប្តាហ៍នេះ
ពេទ្យទាហាន​អាល្លឺម៉ង់​តេស្តប្រជាជន​នៅក្នុង​តំបន់​ដែល​បិទខ្ទប់ នៅក្រោយ​ផ្ទុះករណីឆ្លងថ្មី​នៅ​រោងចក្រ​កាប់សាច់ដ៏ធំជាង​គេ​នៅអឺរ៉ុប នៅ​សប្តាហ៍នេះ REUTERS - Leon Kuegeler
ផ្សាយពាណិជ្ជកម្ម

ចំនួនករណីឆ្លងថ្មី​នៃ​ជំងឺ​កូវីដ​១៩ បាន​កើនឡើង​សាជាថ្មី នៅអឺរ៉ុប ជាទី​ដែល​រដ្ឋាភិបាល​ ​ដកចេញ​បម្រាម បិទខ្ទប់​ប្រទេស និង​ចាប់ផ្តើម​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ។ តាម​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ទទួលបន្ទុក​អឺរ៉ុប នៅ​សប្តាហ៍មុននេះ គេ​រកឃើញ​មាន​ចំនួន​អ្នកឆ្លងកូរ៉ូណាវីរុស​ថ្មី ប្រចាំ​សប្តាហ៍ បាន​កើនឡើង​ខ្ពស់ ជា​លើក​ទី១។

តាម​អង្គការ​សុខភាពពិភពលោក​ តំបន់​អឺរ៉ុប​មានចំនួន​ឆ្លងថ្មី ច្រើនជាង ២ម៉ឺននាក់ និង​មនុស្ស​ស្លាប់​ជាង​៧០០​នាក់ ក្នុង​មួយថ្ងៃៗ។ នៅក្នុង​បណ្តាប្រទេស​អឺរ៉ុប ចំនួន ៣០ ចំនួន​អ្នកឆ្លងមេរោគកូរ៉ូណា​ថ្មី​បាន​កើនឡើង ជាបន្តបន្ទាប់ នៅ​២សប្តាហ៍ចុងក្រោយនេះ។ នៅក្នុង​ចំណោម​ប្រទេស​៣០ មាន​១១​ប្រទេស​ដែល​កំពុង​មាន​ការចម្លងមេរោគ​កូរ៉ូណា លឿន រហូត​ធ្វើ​ឲ្យ​ករណីឆ្លងថ្មី កើនឡើង​គួរ​ឲ្យ​កត់សំគាល់។ ប្រធាន​អង្គការ​សុខភាព​ពិភពលោក ទទួលបន្ទុក​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​គេ​តាមដាន និង​ចាត់វិធានការ​ទប់ស្កាត់​ការចម្លងរាលដាល មេរោគកូរ៉ូណា បើសិន គេ​មិនចង់​ឃើញ ប្រព័ន្ធ​សុខាភិបាល​ដួលរលំ គ្មានបន្ទប់ និង​គ្រែគ្រប់គ្រាន់​សម្រាប់​ទទួល​អ្នកជំងឺ​ដែល​កើន​ឡើងចាល់​ហួសហេតុ។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក ទទួលបន្ទុក​អឺរ៉ុប​មិន​បាន​បញ្ជាក់​ឈ្មោះ​ប្រទេស​អឺរ៉ុប ទាំង​១១​នោះទេ។ ប៉ុន្តែ តាមការចុះផ្សាយ​របស់​ប្រព័ន្ធផ្សព្វផ្សាយ​អង់គ្លេស BBC ប្រទេស​អឺរ៉ុប​ទាំង​១១​ដែល​កំពុង​មាន​ករណី​ឆ្លងថ្មី កើនឡើង គឺ​ភាគច្រើន​ជាបណ្តាប្រទេស​នៅ​អឺរ៉ុប​ខាងកើត ដូចជា អ៊ុយក្រែន អាល់បានី បូស្នី អ៊ែរហ្សេហ្គោវីន កាហ្សាក់ស្ថាន ស៊ុយអែត ឬ​អាមេនី​ជាដើម។

គិត​រហូតមក​ដល់​ពេលនេះ អឺរ៉ុប​ចំនួន ៥៤ប្រទេស ដែល​រួម​បញ្ចូល​តំបន់​ចំនួន ៧ តាំង​ពី​ដើមបូព៌ា និង​អាស៊ីកណ្តាល ជាដើម មាន​មនុស្ស​ឆ្លងជំងឺ​កូវីដ ១៩ សរុប ជាង ២,៦លាននាក់ និង​មាន​មនុស្ស​ស្លាប់ជិត​២សែននាក់។

នៅថ្ងៃ​ម្សិលមិញ ប្រធាន​អង្គការ​សុខភាពពិភពលោក ទទួលបន្ទុក​អឺរ៉ុប​ថ្លែងសរសើរផងដែរ ប្រទេសអាល្លឺម៉ង់ ប៉ូឡូញ អ៊ីស្រាអែល និង​អេស្ប៉ាញ ដែល​បាន​ចាត់វិធានការ បិទខ្ទប់​ភ្លាមៗ តំបន់​ដែលមាន​ផ្ទុះករណី​ឆ្លងថ្មី។ អាល្លឺម៉ង់ នៅ​សប្តាហ៍នេះ ទើប​ប្រកាស​បិទខ្ទប់​ស្រុក​ដែល​មាន​ប្រជាជន​រស់នៅ​ជាង​៦សែននាក់ នៅបន្ទាប់​ពី​អ្នកធ្វើការ​នៅរោងចក្រ​កាប់សាច់​ដ៏ធំជាងគេ​នៅអឺរ៉ុប ជាង ១៥០០​នាក់ មានឆ្លងមេរោគកូរ៉ូណា។

នៅពេល​គេ​កំពុង​បារម្ភ​ពីរលកថ្មី នៃ​ជំងឺកូវីដ នៅទឹកដី​អឺរ៉ុប ប្រធាន​អង្គការ​សុខភាពពិភពលោក​បានលើកឡើង​ពីដំណឹង​គួរ​ឲ្យ​លើកទឹកចិត្ត នោះ គឺ​កម្រិតចម្លង​មេរោគ​កូរ៉ូណាវីរុស ពីមនុស្ស​ម្នាក់ ទៅមនុស្ស​ម្នាក់​ នៅទឹកដី​អឺរ៉ុប​នឹង​អាច​ថមថយ​នៅក្នុង​រដូវក្តៅនេះ ប៉ុន្តែ​នឹង​អាច​ត្រលប់​មក​រាតត្បាត​សាជាថ្មី នៅរដូវ​ស្លឹកឈើជ្រុះ នៅខែត្រជាក់​ចុងឆ្នាំនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ