អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ូឡូញ​​ បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​រវាង​អ្នក​អភិរក្ស​និង​អ្នក​សេរី​និយម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ប៉ូឡូញ​ដ៏​ស្វិតស្វាញ​ជុំ​ទី២​ បាន​ចាប់ផ្តើម​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ​ ទី១២​ កក្កដា​នេះ​។ ពលរដ្ឋ​ប៉ូឡូញ​ ត្រូវ​ជ្រើសរើស​មេដឹកនាំ​ប្រទេស​ថ្មី ​រវាង​អ្នក​ស្តាំ​អភិរក្ស​និយម​ គឺ​លោក​ប្រធានាធិបតី​ចាំផ្ទះ​ អង់ដ្រេច​ ឌូដា​ និង​លោក​ រ៉ាហ្វាល ត្សាស្កូវស្គី​ ដែលជា​អ្នក​សេរីនិយម​មាន​ទំនោរ​ទៅរក​សហភាព​អឺរ៉ុប​។ ក្នុង​បរិបទ​នៃជំងឺ​កូវីដ តើ​ការបោះឆ្នោត​ប្រធានាធិបតី​ប៉ូឡូញ​ប្រព្រឹត្តទៅ​យ៉ាងដូចម្តេច​? តើអ្នកណា​អាច​នឹង​ឈ្នះ​ការ​ប្រកួតប្រជែង​ដណ្តើម​យក​តំណែង​ប្រធានាធិបតី​ប៉ូឡូញ​នា​អាណត្តិ​នេះ​​?

អ្នកបោះឆ្នោតប៉ូឡូញពាក់ម៉ាស់ការពារក្នុងអំឡុងពេលការបោះឆ្នោតប្រធានាធិបតីជុំទី២ នៅការិយាល័យបោះឆ្នោតមួយក្នុងក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២០។
អ្នកបោះឆ្នោតប៉ូឡូញពាក់ម៉ាស់ការពារក្នុងអំឡុងពេលការបោះឆ្នោតប្រធានាធិបតីជុំទី២ នៅការិយាល័យបោះឆ្នោតមួយក្នុងក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២០។ REUTERS - KACPER PEMPEL
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ប៉ូឡូញ​រៀបចំ​ឡើង​ក្នុង​បរិបទ​កូវីដ

តាមពិតទៅ​ ប្រទេស​ប៉ូឡូញ​មិនបាន​រងគ្រោះ​ពី​ជំងឺកូវីដ​ធ្ងន់ធ្ងរខ្លាំង​ដូច​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប​ខាងលិចនោះទេ​ ក៏ប៉ុន្តែ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ប៉ូឡូញ​នា​អាណត្តិ​ត្រូវ​បាន​រៀបចំឡើង​ក្រោមលក្ខខណ្ឌ​អនាម័យ​តឹងរ៉ឹង​។ ប៉ូឡូញ​ មាន​ករណី​ឆ្លងកូវីដ​ជាង ៣ម៉ឺន​ ៧​ពាន់​នាក់​ ក្នុង​ចំណោម​ប្រជាជន​សរុប​ទាំងអស់ប្រមាណ​ ៣៨ លាន​នាក់ និង​មាន​ស្លាប់​ជិត​ ១ពាន់ ៦រយ​នាក់​។

នៅក្នុង​ប្រទេសប៉ូឡូញ​ គេឃើញ​មណ្ឌលបោះឆ្នោត​ចាប់ផ្តើម​បើកនៅវេលា​ម៉ោង ៧ ព្រឹក​ ហើយគ្រោង​នឹង​បិទវិញ​នៅម៉ោង​ ៩ យប់នេះ​ ម៉ោង​នៅ​ក្នុង​ស្រុក​។ ចំណែក​លទ្ធផល​ឆ្នោត​បឋម​ជាផ្លូវការ​ត្រូវ​គេរំពឹងថា​នឹង​ចេញផ្សាយ​នៅព្រឹក​ថ្ងៃចន្ទ​ស្អែកនេះ​។

ដោយសារតែ​ការរីករាលដាល​នៃ​ជំងឺកូវីដ​នៅបន្ត​កើតឡើង​ក្នុងប្រទេស​នៅឡើយ​ អ្នក​បោះ​ឆ្នោត​ប៉ូឡូញ​ ត្រូវ​ពាក់ម៉ាស់​ ពាក់​ស្រោមដៃ​ និង​ត្រូវរក្សា​គំលាត​សុវត្ថិភាព​ពីគ្នា​ ហើយនិង​ត្រូវ​ប្រើទឹក​អនាម័យ​សម្រាប់លាងដៃ​ពេលទៅបោះឆ្នោត​។ ពលរដ្ឋ​ប៉ូឡូញ​ ត្រូវគេ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ប៊ិច​របស់ខ្លួន​ឯងផ្ទាល់​ដើម្បី​គូស​សន្លឹកឆ្នោត​។

មួយវិញទៀត​ ពលរដ្ឋប៉ូឡូញ​ក៏​មានជម្រើស​អាច​បោះឆ្នោតបានដែរ​បាន​អ៊ីមែល​។ មាន​មនុស្ស​រាប់ពាន់នាក់​រស់នៅ​តំបន់ភាគ​និរតី​នៃប្រទេស​ដែល​មាន​ចំនួន​អ្នកឆ្លង​កូវីដ​ខ្ពស់​ ត្រូវបាន​គេតម្រូវ​ឲ្យបោះឆ្នោត​តាមអ៊ីមែល​។

ចំណែកឯ​នៅ​តាមមណ្ឌល​នានាវិញ​ មន្ត្រី​រៀបចំ​ការបោះឆ្នោត​ត្រូវពាក់ម៉ាស់​ជាដាច់ខាត​ និង​អង្គុយ​ឲ្យ​ឆ្ងាយ​ពីគ្នា​។ ប្រអប់សន្លឹកឆ្នោត​ ត្រូវគេ​សម្អាតជាប្រចាំ​ ហើយ​ការិយាល័យ​បោះឆ្នោតវិញ​ ត្រូវគេ​ដាក់ឲ្យ​មានខ្យល់​ចេញចូល​គ្រប់គ្រាន់​ផងដែរ​ដើម្បី​ការពារ​ការចម្លង​មេរោគ​កូរ៉ូណាថ្មី​។

ការ​ប្រកួតប្រជែង​ដណ្តើម​តំណែង​ប្រធានាធិបតី​ដ៏​ស្វិតស្វាញ​

ការ​ប្រកួតប្រជែង​លើកនេះ​ គឺជា​ការ​ប្រកួត​ប្រជែង​ដ៏​តឹងតែង​ខ្លាំង​បំផុតមួយ​ រវាង​លោក អង់ដ្រេច ឌូដា (Andrzej Duda) បេក្ខជនប្រធានាធិបតី​នៃបក្សកាន់​អំណាច​បច្ចុប្បន្ន ដែលជាអ្នកប្រជានិយម ជាមួយ​អភិបាលក្រុង​វ៉ាសូវី​ លោករ៉ាហ្វាល ត្សាស្កូវស្គី(Rafal Trzaskowski) មកពីបក្ស​សេរីនិយម​ដែលមាន​ទំនោរខិត​ទៅរក​សហភាពអឺរ៉ុប​។

ក្រុមអ្នកជំនាញ​ បានព្យាករ​ថា​បេក្ខភាព​ប្រធានាធិបតី​ទាំងពីរ​ មាន​សំឡេងគាំទ្រ​ប្រដម​ប្រសងគ្នា​ ហើយបើ​អ្នកណាឈ្នះ​ ក៏ឈ្នះឆ្នោត​ក្នុង​សំឡេង​មិនច្រើនជាងគ្នាខ្លាំង​ឡើយ​។ ដូច្នោះហើយ​ នាពេលនេះ​ គ្រប់គ្នា​កំពុង​អន្ទះសា​ចង់ដឹង​លទ្ធផលឆ្នោត​ខ្លាំងណាស់​ ថាតើលោក​ អង់ដ្រេច ឌូដា​ ដែលជាអ្នកស្តាំ​និយមជ្រុល​ ឬក៏អ្នក​សេរីនិយម​ លោក រ៉ាហ្វាល ត្សាស្កូវស្គី ជាអ្នក​អាច​ងើបតោង​ចាប់តំណែង​ប្រធានាធិបតី​នេះបាន​។

គួររំឭក​ជូនថា​ កាលពីការ​បោះឆ្នោត​ជុំទី១​ នៅ​ថ្ងៃទី​២៨​ មិថុនា​កន្លងទៅ​ លោក​ប្រធានាធិបតី​ចាំផ្ទះ​ ឌូដា​ទទួល​បានសំឡេងគាំទ្រ​ចំនួន ៤៣,៥% ចំណែក​លោកត្សាស្កូវស្គី ទទួលបាន​ការគាំទ្រលំដាប់​ទី២​ ដោយ​មាន​ចំនួន ៣០,៤%​។

យ៉ាងណាក៏ដោយ​ សម្រាប់ជុំទី២​នេះ​ លោក​ត្សាស្កូវស្គី សង្ឃឹមថានឹង​អាច​ដណ្តើមយក​ជ័យជម្នះ​លើ​លោក​ឌូដា​ តាមរយៈ​ការទទួលបាន​សំឡេងគាំទ្រពី​ប្រជាពល​រដ្ឋប៉ូឡូញ​ដែល​បាន​បោះឆ្នោតគាំទ្រ​បេក្ខភាពបក្ស​ប្រឆាំងដទៃ​ទៀត​កាលពី​ជុំទី១​។

ប្រសិនណាបើ​ លោករ៉ាហ្វាល​ ត្សាស្កូវស្គី​ មេបក្ស​ប្រឆាំងធំ​ជាងគេ​គឺ​បក្ស​វេទិកា​ពលរដ្ឋ​ (PO) ជាប់​ឆ្នោត​ក្លាយជា​ប្រធានាធិបតី​ប៉ូឡូញ​ពិតមែននោះ​ មាន​ន័យថា​សករាជ​ដឹកនាំ​របស់​បក្ស​ស្តាំនិយម (PiS) ដែល​កំពុងកាន់​អំណាច​របស់​លោក​ឌូដា​ នឹង​ត្រូវបិទ​បញ្ចប់​ត្រឹម​នេះ​។

មួយវិញទៀត​ ក្នុងករណី​ដែល​បក្សប្រឆាំង​អាច​យកឈ្នះ​ពិតមែន​ នេះ​អាច​រាប់​ចាត់ទុកថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ក្នុងប្រទេស​ប៉ូឡូញ​ ពីព្រោះថា​ក្នុងរយៈពេល​ ៣ទសវត្សរ៍​កន្លងមកនេះ​ ពោល​ចាប់តាំងពី​ការដួលរលំ​នៃ​របបកុម្មុយនិស្ត​មក​ បក្ស​ប្រឆាំង​ ដែល​មាន​និន្នាការ​សេរីនិយម​ មិនដែល​ប្រកួត​ឈ្នះ​បក្សស្តាំ​និយម​និង​ទទួលបាន​សំឡេង​គាំទ្រ​ច្រើន​នោះទេ​។

តើ​អ្វី​ជា​យុទ្ធសាស្ត្រ​របស់​បក្ស​ប្រឆាំង​ក្នុងការ​ទាក់ទាញ​សំឡេង​ឆ្នោត​?

តាមពិតទៅ​ ការបោះឆ្នោត​ប្រធានាធិបតី​ប៉ូឡូញ​ ត្រូវបាន​គ្រោង​ធ្វើឡើង​នៅក្នុង​ខែ​ឧសភា​ ដែល​កាលណោះ​ តាមការ​ស្ទង់មតិ​ លោកប្រធានាធិបតី​ អង់ដ្រេច​ ឌូដា មាន​សំឡេង​គាំទ្រ​ច្រើន​ និង​អាចឈានដល់​ការកាន់តំណែង​ប្រធានាធិបតី​រយៈពេល​៥ ឆ្នាំ​ មួយ​អាណត្តិ​ទៀត​។ ប៉ុន្តែ​ ការបោះឆ្នោត​ត្រូវបាន​ពន្យារ​ពេល​ដោយសារ​តែការ​ឆ្លងរាលដាល​នៃជំងឺកូវីដ​។

ចាប់តាំងពីពេលនោះមក​ ការគាំទ្រ​ចំពោះ​លោក ឌូដា​ បាន​ធ្លាក់ចុះ​គួរឲ្យកត់សម្គាល់​ពីព្រោះតែ​ការ​បន្ត​ឆ្លងរាលដាល​នៃ​មេរោគ​កូរ៉ូណាថ្មី​ ដែល​បាននិងកំពុង​ជំរុញ​ឲ្យ​ប៉ូឡូញ​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​ ចាប់តាំងពី​ ៣ ទសវត្សរ៍​កន្លងមកនេះ​។

លោក​ប្រធានាធិបតី​ ឌូដា​ និង​លោក​អភិបាលក្រុង​វ៉ាសូវី​ ត្សាស្កូវស្គី​ មាន​ទស្សនៈវិស័យ​នយោបាយ​ខុសគ្នា​ដាច់​ស្រឡះ​។ ក្នុងពេល​ធ្វើយុទ្ធនាការ​បោះឆ្នោត​ លោក​ឌូដា​ ដែល​ជា​អ្នកស្តាំ​និយម-ជាតិ​និយម​ជ្រុល​ បាន​សន្យាការ​ពារ​សុខមាលភាព​សង្គម​។ លោក​មិន​គាំទ្រ​សិទ្ធិ​របស់​ក្រុម​អ្នកស្រលាញ់​ភេទ​ដូចគ្នា​ឡើយ និង​នៅបន្ត​ទាមទារ​សំណងខូចខាតដោយ​​សង្គ្រាម​ពីអាល្លឺម៉ង់​។

ចំណែក​លោក ត្សាស្កូវស្គី​វិញ​ លោក​បាន​សន្យា​ផ្តល់ឲ្យ​ប៉ូឡូញ​ ខុសពី​លោក​ឌូដា​។ នៅគ្រា​កន្លងមក​ មេបក្ស​ប្រឆាំងរូបនេះ​ បាន​និយាយ​ថា​ លោក​នឹង​ធ្វើកំណែ​ទម្រង់​ប្រព័ន្ធតុលាការ​ ដែលមាន​ភាពចម្រូងចម្រាស​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេសប៉ូឡូញ​ ជាមួយនឹង​សហភាពអឺរ៉ុប​។

បន្ថែមលើនេះ​ អ្នកនយោបាយ​សេរីនិយម​រូបនេះ​ ក៏បាន​សម្តែងការគាំទ្រ​ផងដែរ​ ចំពោះ​ការ​អនុញ្ញាតឲ្យ​អ្នកស្រលាញ់​ភេទដូចគ្នា​រៀបការបាននៅប៉ូឡូញ និងអាចមានសិទ្ធិសុំកូនចិញ្ចឹម​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ