អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

យុវជនជំនាន់​អាកាសធាតុ៖ ការប្រែប្រួល​អាកាសធាតុ ជា​បញ្ហា​បន្ទាន់ មិនចាញ់​បញ្ហាកូវីដ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពី​ស្ងប់ស្ងាត់ ជិត​១ឆ្នាំ ចលនា “ថ្ងៃ​សុក្រ​ដើម្បី​អនាគត” ដែល​រៀបចំឡើង​ដោយ​យុវជន សិស្សសាលា ដើម្បី បុព្វហេតុ​អាកាសធាតុ បាន​វិលត្រលប់​មកវិញ សាជាថ្មី។ នៅ​គម្រប់​ខួប​១ឆ្នាំនៃ​មហាបាតុកម្ម​របស់​យុវជន និងសិស្ស​សាលា ដែល​បាន​ទាក់ទាញ​អ្នកចូលរួម ប្រមាណ ៦លាននាក់ នៅក្នុង​ពិភពលោក កាលពី​ឆ្នាំ ២០១៩ យុវជន​នៃ​ចលនា​យុវជន​សម្រាប់​អាកាសធាតុ បានអំពាវនាវ​យុវជន​ក្នុង​ពិភពលោក ឲ្យ​ចុះថ្នល់​ធ្វើ​បាតុកម្ម នៅ​ថ្ងៃសុក្រនេះ ដើម្បី​បញ្ជាក់​ទៅ​មេដឹកនាំ អ្នកសម្រេចចិត្ត​នយោបាយ​ថា វិបត្តិកូវីដ សព្វថ្ងៃ មិនអាច​បិទបាំង បញ្ហា​អាកាសធាតុ និង​ការតស៊ូ​ទាមទារ​របស់​យុវជន​ដែល​ខ្វល់ខ្វាយ​ពី​អនាគត​ផែនដី​របស់​ពួកគេ​នោះទេ។

សិស្សសាលាចូលរួម​ក្នុង​បាតុកម្ម​ដើម្បី​ទាមទារឲ្យគេ​គិតគូរ​ដល់​បរិស្ថាន បញ្ហា​អាកាសធាតុ​នៅលើ​ផែនដី នៅទីក្រុង​វ៉ាស៊ីនតោន
សិស្សសាលាចូលរួម​ក្នុង​បាតុកម្ម​ដើម្បី​ទាមទារឲ្យគេ​គិតគូរ​ដល់​បរិស្ថាន បញ្ហា​អាកាសធាតុ​នៅលើ​ផែនដី នៅទីក្រុង​វ៉ាស៊ីនតោន © Wikipedia
ផ្សាយពាណិជ្ជកម្ម

ចលនា​Friday for Future បាន​ចាប់កំរើក​សាជាថ្មី ដោយ​យុវជន និស្សិត សិស្ស​សាលា​ចេញ​ធ្វើ​បាតុកម្ម​នៅតាម​បណ្តាប្រទេស នៅទូទាំង​ពិភពលោក។ នៅក្នុង​កាលៈទេសៈ​ដែល​ពិភពលោក កំពុង​អង្រួន​ដោយ​វិបត្តិ​កូវីដ រដ្ឋាភិបាល​កំពុង​ឈឺក្បាល​ដោះស្រាយ បញ្ហា​សេដ្ឋកិច្ច និង​សុខភាព ដែល​បង្កឡើង​ដោយ​ជំងឺកូវីដ។ ដូច្នេះ បាតុកម្ម​របស់​យុវជន​ជំនាន់ អាកាសធាតុ នៅថ្ងៃ​សុក្រនេះ គឺដូចជា​សំឡេង​ជួង រំលឹក​ឲ្យគេ​ដឹងថា មិនមែន​មាន​តែ​បញ្ហា​កូវីដមួយមុខទេ ដែល​រដ្ឋាភិបាល​ត្រូវ​បារម្ភ ដោះស្រាយ​បន្ទាន់ ប៉ុន្តែ​នៅមាន​បញ្ហា​អាកាសធាតុ​មួយទៀត ដែល​កំពុងរង់ចាំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បន្ទាន់ដែរ។

ដោយ​ត្រលប់​មករៀបចំ បាតុកម្ម​ដើម្បី​បុព្វហេតុ​អាកាសធាតុ នៅថ្ងៃ​សុក្រ ដែល​ជា​ទម្លាប់​ធ្វើ​តាំង​ពី​៣ឆ្នាំមកហើយ ចលនា​ថ្ងៃ​សុក្រ ដើម្បី​អនាគត ចង់​បង្ហាញ​ដល់​មេដឹកនាំ​ក្នុង​ពិភពលោក​ថា ជំងឺ​កូវីដ មិនអាច​បាំង​លុបជិត បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ការតស៊ូ​ទាមទារ​របស់​យុវជន​នោះទេ។ ចលនា​Youth for Climate ដែល​ជាអ្នកផ្តួចផ្តើម​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម នៅ​ថ្ងៃ​សុក្រនេះ បាន​អះអាងថា នឹង​មាន​បាតុកម្ម​របស់​យុវជន​ដើម្បី​អាកាសធាតុ ប្រមាណ ៣ពាន់​កន្លែង រៀបចំឡើង នៅក្នុង​ពិភពលោក។ ពី​ហ្វីលីពីន នៅអាស៊ី បារាំង នៅអឺរ៉ុប និង​កេនយ៉ា នៅអាហ្វ្រិក យុវជន​បន្តបន្ទាប់គ្នា បាន​សំដែង​ការស្វាហាប់​ចូលរួម​ក្នុង​បាតុកម្ម នៅរៀងរាល់​ថ្ងៃ​សុក្រ គឺ​រហូត​ដល់​មេដឹកនាំ គិត​យល់​ថា វិបត្តិ​អាកាសធាតុ ពិតជា​វិបត្តិធ្ងន់ធ្ងរ ដែល​គេ​ត្រូវ​ដោះស្រាយបន្ទាន់

សម្រាប់​នាង Greta Thunberg សកម្មជន​បរិស្ថាន ស៊ុយអែត ដ៏ល្បីឈ្មោះ ដែល​ធ្លាប់​គេចសាលា ទៅធ្វើបាតុកម្ម​នៅមុខ​សភា​រៀងរាល់​ថ្ងៃ​សុក្រ ការសន្យា​របស់​មេដឹកនាំ​ដែល​ថា នឹង​ខំប្រឹងឲ្យ​បានល្អបំផុត សម្រាប់​ដោះស្រាយ​បញ្ហា​អាកាសធាតុ គឺ​លែង​គ្រប់គ្រាន់ហើយ។ ឥលូវនេះ គេ​ត្រូវ​ធ្វើ​អ្វី​ដែល​មិនអាច​ទៅរួច។ គេ​ត្រូវ​បន្ត​ការប្រយុទ្ធ ព្រោះគេ​គ្មាន​ជំរើស​ទៀតនោះទេ។ សម្រាប់​មនុស្ស​ជាច្រើន បញ្ហា​អាកាសធាតុ គឺ​ជា​រឿងស្លាប់រស់ ជាពិសេស​នៅក្នុង​បណ្តា​ប្រទេស​ក្រីក្រ និង​ប្រទេស​កំពុងអភិវឌ្ឍ ដែល​តាមពិត​មិនមែន​ជាអ្នកទទួលខុសត្រូវ អ្នកបញ្ចេញ​ឧស្ម័នកាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់​ ដូច​ក្រុមប្រទេស​មហាឧស្សាហកម្ម ដូចជាអឺរ៉ុប និង​អាមេរិក។

ចលនា​Friday for Furture៖ ពិភពលោកខាតពេល ២ឆ្នាំ

នៅក្នុង​ជំនួបកំពូល​ពិសេស ស្តីពី​អាកាសធាតុ ដែលរៀបចំឡើង​ដោយ​អង្គការ​សហប្រជាជាតិ កាលពី​ឆ្នាំ​២ឥ១៩ ក្រុមយុវជន​បរិស្ថាន ដែល​ដឹកនាំ​ដោយ​សិស្សសាលា Greta Thunberg បាន​បញ្ជូន​បញ្ជី ដំណោះស្រាយ សម្រាប់​ឲ្យ​រដ្ឋាភិបាល​យកទៅគិតគូរ ដើម្បី​ចូលរួម​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ដែល​ជាមូលហេតុ​ធ្វើ​ឲ្យ​ផែនដី​ឡើងកំដៅ ប្រែប្រួល​អាកាសធាតុ។ នៅក្នុង​ដំណោះស្រាយ​មាន ផងដែរ ការទាមទារ​ឲ្យ​រដ្ឋាភិបាល​ឈប់​ឧបត្ថម្ភ​ទុន ដល់​វិស័យ​ដែល​បញ្ចេញ​ឧស្ម័នកាបូនិក ដូចជា អាជីវកម្មធ្យូងថ្ម ឬ​កសិកម្ម ដែលចូលរួម​ចំណែក​ក្នុងការកាប់ព្រៃឈើ ដែលមាននាទី ស្រូប​យក​ឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់។

រហូតមក ការសន្យា​របស់​មេដឹកនាំ​ថា នឹង​គិតគូរ​ដោះស្រាយ បញ្ហា​អាកាសធាតុ គឺ​មាន​តែ​នៅលើបបូរមាត់។ សម្រាប់​សកម្មជនយុវជន​បរិស្ថាន ពិភពលោក​បាន​ខាតពេល​២ឆ្នាំ ព្រោះថា  នៅ​២ឆ្នាំ មកនេះ មនុស្ស​នៅ​តែ បញ្ចេញ​ឧស្ម័ន​កាបូនិក ជាង ៨០ពាន់​លាន​តោន ទៅក្នុង​បរិយាកាស ដោយ​មិនគិត​នឹកដល់​ភ្លើងឆេះព្រៃ អាកាសធាតុ​ក្តៅខ្លាំង ខ្យល់ព្យុះ ឬ​ទឹកជំនន់ ដែល​ជា​លទ្ធផល​នៃ​ការប្រែប្រួល​អាកាសធាតុ និង ដែល​កំពុង​កើតមាន​គ្រប់កន្លែង​ក្នុង​ពិភពលោក។

យុទ្ធនាការ​របស់​ក្រុមយុវជន​ជំនាន់​អាកាសធាតុ មិនសង្ឃឹមថា ការទាមទារ​របស់ខ្លួន​នឹង​បានលទ្ធផល​ភ្លាមៗ​នោះទេ ព្រោះ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ជា​រឿងស្មុយស្មាញ ដែល​ទាមទារ ការស្ម័គ្រចិត្ត និង​ការលះបង់​ប្រយោជន៍​សេដ្ឋកិច្ច ដែល​គ្មាន​រដ្ឋាភិបាល​ណាមួយ ចង់​ធ្វើ​នោះទេ។ ប៉ុន្តែ យុវជន​ជំនាន់ បរិស្ថាន​មិន​បាក់ទឹកចិត្ត​នោះទេ។ ចលនា​ថ្ងៃ​សុក្រ​ដើម្បី​អនាគត ដើម្បី​បុព្វហេតុ អាកាសធាតុ ចាប់កើត​បាន​តែ ២ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែ វា​បានទាក់ទាញ​យុវជន រាប់លាននាក់ នៅក្នុង​ពិភពលោក រហូត​ធ្វើ​ឲ្យ​កើតមាន​ចលនា​ថ្ងៃ​សុក្រ​ដើម្បី​អនាគត  ​រីកដុះដាល​នៅ​គ្រប់ទ្វីប។ ពលរដ្ឋ​កាន់តែ​ច្រើននៅលើ​ផែនដី បាន​យល់ជ្រួតជ្រាប​និង​ឃើញ​កាន់តែ​ច្បាស់​ពី​ផលវិបាក​នៃ ការប្រែប្រួល​អាកាសធាតុ។

យុវជន​ដែលមាន​មនសិការ គិតគូរ​ដល់​ផែនដី ដែល​ជាជំរក​របស់ពួកគេ​ទៅថ្ងៃអនាគត

អ្នកជំនាញលើកឡើងថា បើសិន​គេ​នៅតែ​បន្ត​អនុវត្ត​នយោបាយ សេដ្ឋកិច្ច សព្វថ្ងៃ បរិមាណ ឧស្ម័នកាបូនិក ដែល​មនុស្ស​ជាអ្នកទទួលខុសត្រូវ បញ្ចេញចោល នឹង​ធ្វើ​ឲ្យ​ផែនដី អាច​ឡើង​កំដៅ​បន្ថែមទៀត ដល់ទៅ ៧​អង្សា នៅ​ឆ្នាំ ២១០០។ ​សព្វថ្ងៃ ផែនដី កើនឡើង​កំដៅ បន្ថែម តែ ១អង្សា​ប៉ុណ្ណោះ បើប្រៀបធៀប នឹង​សម័យបុរេ ឧស្សាហកម្ម ប៉ុន្តែ ពិភពលោក​កំពុង​ជួបរងគ្រោះ​រួចទៅហើយ ដោយសារ​គ្រោះមហន្តរាយ​ធម្មជាតិ ទឹកជំនន់ នៅអាហ្រ្វិក រលកក្តៅ នៅអឺរ៉ុប ហើយនិង​ភ្លើងឆេះព្រៃ ដ៏ធំធេង មិនធ្លាប់មាន​នៅអាមេរិក។

ក្រៅតែភ្លើងឆេះព្រៃ ទឹកជំនន់ ខ្យល់ព្យុះ នៅមាន​បញ្ហា​មួយទៀត ដែល​ពិភពលោក​ទៅថ្ងៃ​អនាគត​ត្រូវប្រឈម នោះ ការរលាយ​ទឹកកក​នៅប៉ូលអង់តាក់ទិក​ដែលធ្វើ​ឲ្យ​កំពស់ទឹកសមុទ្រ ឡើង ក្រឺតៗ​តែម្តង។ ការសិក្សា​​របស់អ្នកជំនាញអាកាសធាតុ ចេញផ្សាយ​នៅ​សប្តាហ៍នេះ បាន​បង្ហាញថា ផែនដី​កើនឡើង​កំដៅ ២អង្សារ​បន្ថែមទៀត កម្រិតដែលមានចែង​នៅក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស នោះ កំពស់ទឹកសមុទ្រ​នឹង​កើនឡើង ២ម៉ែត្រ​កន្លះ​បន្ថែមទៀត ដោយសារ​តែ​ការរលាយ​ទឹកកក​នៅ​ប៉ូលអង់តាក់ទិក។

កំពស់ទឹកសមុទ្រកាន់តែឡើង បើសិន​ផែនដី ឡើងកំដៅ ខ្ពស់ជាង ២អង្សារ។ បើផែនដី មាន​ដីរស់នៅបានកាន់តែរួមតូច ហើយ​ដី កាន់តែ​ខ្លោច គ្មាន​ធម្មជាតិ សត្វ ព្រៃ ដូចសព្វថ្ងៃនេះ តើក្មេង​ជំនាន់​ក្រោយ​នឹង​អាច​រស់នៅ​បាន​យ៉ាងម៉េច។ គឺ​ដោយសារ​ហេតុផល​នេះ​ហើយដែលធ្វើ​ឲ្យ​យុវជន ចេញមុខតវ៉ា ខ្លាំង​ជាងគេ។ តវ៉ា ព្រោះ ពួកគេ​ព្រួយបារម្ភ​ពី​អនាគត របស់ពួកគេ ដែល​ត្រូវ​រស់នៅ​លើ​ផែនដី ដែលខូចខ្ទេចខ្ទីរ ដោយសារ​តែ​ស្នាដៃ​មនុស្ស​មនុស្ស​ចាស់ មនុស្ស​សព្វថ្ងៃ ដែល​គិត​តែ​ប្រយោជន៍​រស់នៅ​សព្វថ្ងៃ ប៉ុន្តែ មិនបាន​គិតខ្វល់​ពី​អនាគត​កូនចៅ​របស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ