អានតួអត្ថបទ

លោកស្រី Louise Glück កវី អាមេរិកាំង ជា​ជ័យលាភី​ណូបែល​អក្សរសិល្បិ៍ ឆ្នាំ ២០២០

ពានរង្វាន់​ណូបែល​អក្សរសិល្ប៍ឆ្នាំនេះ​បាន​ទៅ​កវី​អាមេរិកាំង លោកស្រី Louise Glück សម្រាប់​កម្រង​កំណាព្យ​របស់​លោកស្រី ដែល​បានធ្វើ​ឲ្យ​ជីវិត​បុគ្គល​ក្លាយជា​រឿងសកល។ នេះ​បើតាម​ការប្រកាស​របស់​គណៈកម្មការ​ណូបែល កាលពី​ថ្ងៃព្រហស្បតិ៍ ម្សិលមិញ។ លោកស្រី Louise Glück ជា​ស្ត្រី​អាមេរិកាំង ទី​៤ ហើយ ដែល​មាន​ឈ្មោះ ក្នុង​បញ្ជី​ជ័យលាភី​ណូបែល ឆ្នាំនេះ។

លោកស្រី Louise Glück នៅ​ឆ្នាំ ២០១៤ នៅទីក្រុង​ញូវយ៉ក ជា​កវីអាមេរិកាំង​ល្បីឈ្មោះ និង​ធ្លាប់​បាន​ទទួល​មេដាយ​ពី​ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា នៅ​ឆ្នាំ ២០១៦
លោកស្រី Louise Glück នៅ​ឆ្នាំ ២០១៤ នៅទីក្រុង​ញូវយ៉ក ជា​កវីអាមេរិកាំង​ល្បីឈ្មោះ និង​ធ្លាប់​បាន​ទទួល​មេដាយ​ពី​ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា នៅ​ឆ្នាំ ២០១៦ GETTY IMAGES NORTH AMERICA/AFP
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ណូបែល គីមី និង​រូបវិទ្យា លោកស្រី Louise Glück ​ជាស្រ្តី​អាមេរិកាំង​ម្នាក់ទៀត ដែល​បាន​ទទួល​រង្វាន់​ណូបែល​អក្សរសិល្ប៍ ពី​គណៈកម្មការ​ណូបែល ដែលមានទីតាំង​នៅ​ទីក្រុង ស្តុកខូម​ប្រទេស​ស៊ុយអែត។ នៅក្នុង​​សេចក្តីប្រកាស​របស់​ខ្លួន កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ គណៈកម្មការ​ណូបែល បាន​អះអាងថា គេ​សម្រេច​ប្រគល់​រង្វាន់ណូបែល ទៅ​ឲ្យ​លោកស្រី Louise Gl¨ück សម្រាប់​កម្រង​កំណាព្យ​ដំបូង​របស់​លោកស្រី ក្នុង​ឆ្នាំ ១៩៦៨ ដែល​មាន​ឈ្មោះថា Fristborn។ វាជា​កម្រង​កំណាព្យ ដែល​ផ្តោតសំខាន់​ទៅលើ​ការស្វែងរក សេចក្តីច្បាស់លាស់។

តាម​គណៈកម្មការ​ណូបែល​អក្សរសិល្ប៍ កុមារភាព និង​ជីវិត​គ្រួសារ ទំនាក់ទំនងជិតស្និទ្ធ​ជាមួយ​ឪពុកម្តាយ បងប្អូន​ប្រុសស្រី ជា​ប្រធានបទ​ចំបង នៅក្នុង​ស្នាដៃ​និពន្ធ​របស់​កវី​អាមេរិកាំង លោកស្រី Louise Gl¨ück។ បន្ទាប់ពី​កម្រងកំណាព្យ​ដំបូងគេ​ដែល​ធ្វើ​ឲ្យ​លោកស្រី​ចាប់មាន​កេរ្តិ៍ឈ្មោះ​ក្នុង​រង្វង់​កវី​សម័យ​ទំនើប លោកស្រី Louise Gl¨ück​បាន​ទទួល​រង្វាន់​ផ្សេងទៀត ដូចជា​រង្វាន់ Pulitzer នៅ​ឆ្នាំ ១៩៩៣ សម្រាប់កម្រង​ឈ្មោះ Wild Iris។ នៅក្នុងនោះ កំណាព្យ​របស់​លោកស្រី ដែលមាន​ឈ្មោះ​ថា Snowdrop បានរៀបរាប់​ពី​ការដឹងខ្លួន រស់ឡើងវិញ បន្ទាប់ពីត្រូវ​គេ​កប់​នៅ​ក្រោមដី នៅ​រដូវ​ធ្លាក់ទឹកកក។

លេខា​របស់បណ្ឌិតសភា​ស៊ុយអែត លោក Mats Malm បាន​និយាយ​ថា លោកស្រី Louise Gl¨ück​បាននិយាយ​ថា លោកស្រី ភ្ញាក់ផ្អើល និង​សប្បាយចិត្ត​នៅពេល​លឺ​ថា លោកស្រី ទទួល​បានរង្វាន់​ណូបែល​អក្សរសិល្ប៍​លើកនេះ។ ផ្ទុយពី​អ្នកនិពន្ធ​ល្បីៗ​ផ្សេងទៀត ដែល​គេ​រំពឹងថា នឹង​អាច​ទទួល​បាន​រង្វាន់ណូបែល​អក្សរសិល្ប៍ ដូចជា Kincaid ឬ​អ្នកនិពន្ធ​អាមេរិកាំង Thomas Pybchon ឈ្មោះ​របស់​លោកស្រី Louise Gl¨ück ទើបឃើញ​មាន​ចុះផ្សាយ​នៅ​កាសែត ស៊ុយអែត នៅតែ​ប៉ុន្មានម៉ោង​មុន​ការប្រកាស​របស់គណៈកម្មការ​ណូបែល ដែល​មាន​ទម្លាប់​ជ្រើសរើស​បេក្ខជន ដែល​សាធារណជន​មិនសូវ​ស្គាល់ច្រើន។

កើតធំដឹងក្តី​នៅ​ទីក្រុង​ញូវយ៉ក លោកស្រី Louise Gl¨ück ដែល​មាន​វ័យ ៧៧ឆ្នាំ ជា​សាស្រ្តាចារ្យ​ភាសា​អង់គ្លេស​នៅ​សកលវិទ្យាល័យ ដ៏ល្បីឈ្មោះ Yale។ នៅ​ឆ្នាំ ២០១៦ លោកស្រីធ្លាប់​បាន​ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា បំពាក់មេដាយ​ជាតិ សម្រាប់​មនុស្សជាតិ។ Louise Gl¨ück​ជាមនុស្ស​ស្រី​ទី​៤ហើយ ដែល​បាន​ទទួល​រង្វាន់ណូបែល អក្សរសិល្ប៍ បើគិត​ចាប់តាំង​ពី​ឆ្នាំ ២០១០ និង​ជា​មនុស្ស​ស្រី ទី​១៦ បើគិត​ចាប់តាំង​ពី​រង្វាន់ណូបែល​អក្សរសិល្ប៍ ត្រូវ​បានបង្កើត​ឡើង​នៅ​ឆ្នាំ ១៩០១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ