អានតួអត្ថបទ

មូលនិធិរូបិយវត្ថុ IMF ទម្លាក់ព្យាករណ៍លើកំណើនសេដ្ឋកិច្ចពិភពលោក

ជំងឺរាតត្បាតកូវីដ នៅតែបង្កឧបសគ្គដល់កំណើនសេដ្ឋកិច្ចពិភពលោក។ វិសមភាព នៃការចាក់វ៉ាក់សាំងបង្ការកូវីដ នៅតែជាឧបសគ្គ រាំងស្ទះ មិនឲ្យសេដ្ឋកិច្ចពិភពលោកចាប់លូតលាស់ពេញលេញដូចមុន។ តាមការព្យាករឡើងវិញ របស់មូលនិធិរូបិយវត្ថុ អត្រាកំណើនសេដ្ឋកិច្ចសកលឆ្នាំ ២០២១ នឹងមានប្រមាណ ៥,៩% គឺថយចំនួន ០,១%បើប្រៀបធៀបនឹងការព្យាករកាលពីខែកក្កដា កន្លងទៅ។ នៅក្នុងការព្យាកររបស់ខ្លួនកាលពីថ្ងៃអង្គារទី ១២តុលា​ ឆ្នាំ ២០២១ មូលនិធិរូបិយវត្ថុអន្តរជាតិ បានទម្លាក់ផងដែរ ការព្យាករលើកំណើនសេដ្ឋកិច្ចចិន និងអាមេរិក។

កប៉ាល់ដឹកទំនិញ​នៅ​ក្បែរ​កំពង់ផែ​Los Angeles សហរដ្ឋអាមេរិក
កប៉ាល់ដឹកទំនិញ​នៅ​ក្បែរ​កំពង់ផែ​Los Angeles សហរដ្ឋអាមេរិក REUTERS - ALAN DEVALL
ផ្សាយពាណិជ្ជកម្ម

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ជាភាសាអង់គ្លេស IMF បានទម្លាក់ការព្យាករលើ កំណើនសេដ្ឋកិច្ចពិភពលោក មកនៅត្រឹម ៥,៩%សម្រាប់ឆ្នាំ ២០២១។ តួលេខថ្មីនេះបានធ្លាក់ថយចុះបន្តិច បើប្រៀបធៀបនឹងតួលេខព្យាករកាលពីខែកក្កដា ដែលមាន៦%។

កត្តាដែលធ្វើឲ្យមូលនិធិ IMFទម្លាក់ការព្យាករលើកំណើនសេដ្ឋកិច្ចសកល គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដដែលមានលក្ខណៈ មិនស្មើភាពគ្នា នៅក្នុងពិភពលោក។ តាមប្រធានសេដ្ឋកិច្ចវិទូរបស់IMF លោកស្រី Gita Gopinath វិបត្តិជំងឺរាតត្បាតកូវីដ មិនងាយនឹងចប់ បើសិន វាមិនត្រូវបានប្រយុទ្ធប្រឆាំងនៅគ្រប់កន្លែងក្នុងពិភពលោក។ ជាក់ស្តែង នៅបណ្តាប្រទេសអ្នកមាន ប្រជាជនប្រមាណ ៥៨%បានទទួលថ្នាំបង្ការជំងឺកូវីដ១៩។ នៅប្រទេសកំពុងអភិវឌ្ឍមានប្រជាជនតែ ៣៩% ចំណែក នៅប្រទេសក្រីក្រ មានតែ៥%នៃប្រជាជនដែលបានទទួលចាក់វ៉ាក់សាំងបង្ការកូវីដ។

អសមភាព នៃការចាក់វ៉ាក់សាំង រវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ ជាហេតុផលមួយដែលធ្វើឲ្យជំងឺកូវីដ នៅតែបន្តរាតត្បាត ក្នុងពិភពលោក និងបង្កឧបសគ្គរាំងស្ទះ ដល់កំណើនសេដ្ឋកិច្ចពិភពលោក។ សម្រាប់ប្រធានសេដ្ឋកិច្ចវិទូ របស់អង្គការ IMF នៅមានមូលហេតុផ្សេងមួយចំនួន ទៀតដែលធ្វើឲ្យអត្រាកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ នោះគឺ បញ្ហារដ្ឋបាល ដែលធ្វើមានការកកស្ទះ នៅតាមកំពង់ផែ ការខ្វះខាតវត្ថុធាតុដើម និងសម្ភារៈពិសេសដូចជា សឺមី កុងឌុចទ័រ រួមទាំងការឡើងថ្លៃនៃសេវានាំចេញ។

នៅអាមេរិក ជាពិសេស ដោយសារតែមានបញ្ហាសឺមី កុងឌុចទ័រ រោងចក្រឧស្សាហកម្មចាប់ដំណើរការផលិតដោយលំបាក។ ជាលទ្ធផលIMF បានទម្លាក់ការព្យាករលើកំណើនសេដ្ឋកិច្ចរបស់មហាអំណាចសេដ្ឋកិច្ចពិភពលោក មកនៅ ៦% គឺថយចុះអស់ ១%បើធៀបនឹងតួលេខព្យាករ កាលពី៣ខែមុន។

នៅក្នុងការព្យាករសាឡើងវិញ របស់ខ្លួន អង្គការ IMFបានដំឡើង ការព្យាករលើកំណើនសេដ្ឋកិច្ចអឺរ៉ុបជាពិសេស បារាំង ដែលបោះជំហានលឿនជាងគេ ក្នុងការចាក់វ៉ាក់សាំង ឲ្យប្រជាជនរបស់ខ្លួន។ ប៉ុន្តែ សម្រាប់ចិន មហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ ដែលបានគ្រប់គ្រង ទាំងស្រុងវិបត្តិកូវីដ និងចាក់វ៉ាក់សាំង ឲ្យប្រជាជនរបស់ខ្លួនបានច្រើនដែរនោះ អង្គការIMF បានទម្លាក់ ការព្យាករ លើកំណើនសេដ្ឋកិច្ចចិន មកនៅត្រឹម ៨%។ IMFបានពន្យល់ថា បន្ទាប់ពីធ្វើនយោបាយជំរុញសេដ្ឋកិច្ច នៅក្រោយវិបត្តិកូវីដនៅឆ្នាំ ២០២០ ចិនបានត្រលប់ចាប់រឹតត្បិតការចំណាយឡើងវិញ ជាពិសេសទៅលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចចិន។ វិបត្តិប្រាក់បំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យ និងវិបត្តិខ្វះថាមពល អគ្គិសនី សម្រាប់រោងចក្រឧស្សាហកម្ម កំពុងធ្វើឲ្យគេបារម្ភពីអនាគតកំណើនសេដ្ឋកិច្ចចិន។

ចុងក្រោយ មូលនិធិIMF បានព្រមានផងដែរពីភាពតានតឹងភូមិសាស្រ្តនយោបាយ រវាងចិន និងអាមេរិក ដែលជះឥទ្ធិពលអាក្រក់ទៅលើការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ ត្រូវដឹងថា សង្រ្គាមពាណិជ្ជកម្ម ចិន អាមេរិក ដែលប្រធានាធិបតីដូណាល់ត្រាំ បានចាប់ផ្តើមនៅឆ្នាំ ២០១៨ នៅតែ សកម្ម ក្រោមអាណត្តិដឹកនាំរបស់ប្រធានាធិបតី ថ្មី លោកចូ បៃដិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ