អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-រុស្ស៊ី

រុស្ស៊ី​អាមេរិក​បើក​ជំនួប​ទ្វេភាគី​ដោះស្រាយ​វិបត្តិអ៊ុយក្រែន​នៅ​ដើម​ខែមករា

នៅ​ថ្ងៃទី ១០ មករា ២០២២ សហរដ្ឋ​អាមេរិក​និងរុស្ស៊ីនឹង​ជួប​ចរចា​គ្នា ជុំ​វិញ​​វិបត្តិអ៊ុយក្រែនផង និ​ងអំពី​បញ្ហា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ផង។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​​​សេតវិមាន។ ភាគី​​រុស្ស៊ី​ក៏​បាន​បញ្ជាក់​ព័ត៌មាននេះ​បន្ថែមទៀតថា ការ​ជំនួប​ពិគ្រោះយោបល់​ទ្វេភាគី​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហ្សឺណែវ។

រុស្ស៊ី​អាមេរិក​បើក​ជំនួប​ទ្វេភាគី​ដោះស្រាយ​វិបត្តិអ៊ុយក្រែន​នៅ​ដើម​ខែមករា
រុស្ស៊ី​អាមេរិក​បើក​ជំនួប​ទ្វេភាគី​ដោះស្រាយ​វិបត្តិអ៊ុយក្រែន​នៅ​ដើម​ខែមករា DENIS BALIBOUSE POOL/AFP/File
ផ្សាយពាណិជ្ជកម្ម

ជំនួប​ប្រជុំទ្វេភាគីថ្ងៃទី ១០មករា នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ក្របខ័ណ្ឌ​នៃកិច្ចពិភាក្សាសន្តិសុខ​យុទ្ធសាស្ត្រ​ ដែលប្រធានាធិបតី​អាមេរិក បៃដិន និង​សមភាគីរុស្ស៊ី លោកពូទីន បានផ្តល់​សន្ទុះ​ឱ្យ ​កាលពី​ខែមិថុនា​ឆ្នាំ​២០២១។

បើ​តាម​មន្ត្រី​​អាមេរិក ថ្វីបើ​ជំនួប​មានទម្រង់​ និង​ផ្តោត​ខ្លាំង​​​ទៅ​លើ​ការ​គ្រប់គ្រងអាវុធ​នុយក្លេអ៊ែរ​ក្រោយ​សង្គ្រាមត្រជាក់​​មែន ប៉ុន្តែ​វិបត្តិ​អ៊ុយក្រែន​ ស្ថានភាព​នៅ​តាមព្រំដែន​រុស្ស៊ី-អ៊ុយក្រែន ក៏​ជា​ប្រធានបទ​ជា​សំខាន់ដែរ។ នៅពេល​អង្គុយ​តមុខ​ចរចា​គ្នា រុស្ស៊ី អាច​លាត​ត្រដាង​នូវ​រាល់​គ្រប់​ក្តី​ព្រួយ​បារម្ភ​​របស់​គេ ហើយ​អាមេរិក​ក៏​អាច​ត្រដាង​ការ​ព្រួយ​បារម្ភ​ខ្លួនវិញ​។ នេះបើ​តាម​ការលម្អិត​​របស់​អ្នក​នាំពាក្យ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក។

អ្នកនាំពាក្យ​អាមេរិក​ បាន​បញ្ជាក់ទៀត​ថា បន្ត​ពី​ជំនួប​ទ្វេភាគីរុស្ស៊ី​-អាមេរិក អាចនឹង​មាន​​​ជំនួប​ប្រជុំរវាង​រុស្ស៊ីនិង​អូតង់ នៅ​ថ្ងៃទី ១២​មករា ហើយ​នៅ​ថ្ងៃទី ១៣​មករា​អាចនឹងមានជំនួប​រវាង​រុស្ស៊ីនិង​អង្គការ​សន្តិសុខ​និង​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប ដែល​អាមេរិក​ជា​សមាជិក​ម្នាក់ដែរ។

ចំណែក​ខាងរុស្ស៊ី អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​ បានចាត់​ទុក​ថ្ងៃ​ទី ១០មករា ជា​ថ្ងៃ​ដ៏​សំខាន់ សម្រាប់​​ឈាន​ឆ្ពោះ​ទៅ​បន្ធូរបន្ថយ​ភាព​តាន​តឹងជុំវិញ​វិបត្តិអ៊ុយ​ក្រែន តែ​មិនសង្ឃឹម​ថា​នឹង​អាច​រក​ឃើញ​កិច្ចព្រមព្រៀង​ណា​មួយ​ក្នុង​រយៈ​ពេលតែមួយ​ថ្ងៃប្រជុំ​នោះ​បាន​ទេ។

សេចក្តីប្រកាស​បើក​ជំនួប​កំពូលទ្វេភាគី​ធ្លាក់​មកជួនចំពេល​ដែលរុស្ស៊ី​​​ទើបប្រកាសប្រមូលកងទ័ព​១ម៉ឺន​នាក់​ត្រលប់​ចូលបន្ទាយ​វិញ​ បន្ទាប់​ពី​បាន​ធ្វើ​សមយុទ្ធ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស ​ជាប់ព្រំដែន​ប្រទេសអ៊ុយក្រែន​​អស់រយៈ​ពេលមួយ​ខែ។ វត្តមានកង​ទ័ព​រុស្ស៊ី​នេះ ត្រូវ​បាន​បស្ចឹមលោក មាន​ជាអាទិ៍​សហរដ្ឋ​អាមេរិកចោទ​​ថា​រុស្ស៊ី​ត្រៀម​ធ្វើ​អន្តរាគមន៍យោធា​លើ​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ