អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រទេស​​លោក​​ខាង​​លិច​​​​ថារុស្ស៊ី​​​នៅ​​តែ​​បង្កើន​​ភាព​​តាន​តឹង​​នៅ​​ព្រំដែន​​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​លោក​ខាង​លិច​កំពុងបារម្ភ​និង​ចោទ​រុស្ស៊ី​ថា​នៅ​តែ​កំញើញ​បង្កើន​ភាព​តាន​តឹងនៅ​ព្រំដែន​អ៊ុយក្រែន​ ជាពិសេសមុន​ការ​ចរចា​រវាង​គ្នា​។ ស្ថិត​ក្នុង​កាលៈ​ទេសៈ​នេះ ក្រុម​ប្រទេស​លោក​ខាង​លិច​បាន​ប្តេជាថា​នឹង​បង្ហាញពី​ការ​រួបរួម​សាមគ្គីគ្នា​ជាធ្លុងមួយ​ នៅ​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ទីក្រុងម៉ូស្គូ​ដែល​គ្រោង​ធ្វើនៅ​ក្នុង​ខែ​មករា​ឆ្នាំ​ក្រោយ​។

ភាពតានតឹងបានកើនឡើងនៅតាមព្រំដែនអ៊ុយក្រែនជាមួយរុស្ស៊ី ហើយមហាអំណាចលោកខាងលិចបារម្ភ ថាទីក្រុងម៉ូស្គូកំពុងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងមុនកិច្ចពិភាក្សាដែលគ្រោងធ្វើនៅខែមករា ឆ្នាំ២០២២។
ភាពតានតឹងបានកើនឡើងនៅតាមព្រំដែនអ៊ុយក្រែនជាមួយរុស្ស៊ី ហើយមហាអំណាចលោកខាងលិចបារម្ភ ថាទីក្រុងម៉ូស្គូកំពុងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងមុនកិច្ចពិភាក្សាដែលគ្រោងធ្វើនៅខែមករា ឆ្នាំ២០២២។ Anatolii STEPANOV AFP/File
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ី​នៅតែ​បង្ហាញសាច់ដុំ​កំញើញលើក​ទ័ព​ឈ្លាន​ពាន​អ៊ុយក្រែន​

វិបត្តិ​នៅ​ព្រំដែន​អ៊ុយក្រែន​បាន​នឹង​កំពុង​ក្លាយ​ជា​សំណុំរឿងក្តៅ​រវាង​ប្រទេស​លោក​ខាង​លិច​និង​រុស្ស៊ី​។ បស្ចិមលោក​កំពុង​បារម្ភ​អំពី​ស្ថានភាព​តានតឹង​ដែល​នៅ​តែ​បន្តកើតមាន​ និង​កើងនឡើង​ជាលំដាប់​រវាង​រុស្ស៊ីនិង​អ៊ុយក្រែន​។

ទាក់ទង​បញ្ហា​ដ៏​រស៊ើបនេះ​ រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​ អ្នកស្រី​ អាណាឡេណា​ ប៊ែរប៊ុក​ (Annalena Baerbock) បង្ហាញ​ការ​បារម្ភខ្លាំង​ក្រោយ​បានឮ​លោកវ្ល៉ាឌីមៀរ ពូទីន​ និយាយថា​ ប្រទេសរុស្ស៊ី​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ក្នុងការ​ចាត់​វិធានការ​យោធា​នានា​ក្នុង​ករណី​ចាំបាច់​។ ការ​លើកឡើងនេះ​ធ្លាក់មក​ស្របពេល​ដែល​អឺរ៉ុប​ និង​អាមេរិកចោទ​រុស្ស៊ី​ថា​កំពុង​តែ​បង្កើន​ការ​ចល័តទ័ព​យ៉ាងសកម្ម​​នៅក្បែរ​ព្រំដែនជាមួយ​អ៊ុយក្រែន​។

នាពេលនេះ​ សហរដ្ឋអាមេរិក​រួមជាមួយ​សម្ព័ន្ធមិត្ត​កំពុង​ចោទ​ទីក្រុងម៉ូស្កូថា​បាន​បញ្ជូន​កង​ទ័ព​ចំនួន​រាប់ម៉ឺននាក់​ទៅក្បែរ​ព្រំដែន​អ៊ុយក្រែន​ក្នុង​បំណង​រៀបចំ​ត្រៀម​សម្រាប់​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន​។ ក៏ប៉ុន្តែ​វិមានក្រឹមឡាំងវិញ​អះអាងថា​អ្នក​ដែល​គួរ​ដាក់ឈ្មោះថា​ជា​ជន​ឈ្លានពាន​គឺទីក្រុងវ៉ាស៊ីនតោន​និងបណ្តាប្រទេស​អូតង់​ឯណោះ​វិញទេ​ មិនមែនជា​ប្រទេស​រុស្ស៊ី​ឡើយ​។

ទោះក្នុងកាលៈទេសៈណាក៏ដោយ​ សម្រាប់​រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​ វិបត្តិធំ​និង​ស្មុគស្មាញ​ទាក់ទិន​រុស្ស៊ីនិងអ៊ុយក្រែននេះ​ គួរតែ​ត្រូវ​ដោះស្រាយ​តាមរយៈ​ការ​សន្ទនា​ មិនមែន​ការ​ប្រើក​ម្លាំងទ័​ព​ឡើយ​។

ពី​ទីក្រុងវ៉ាស៊ីនតោន​វិញ​ រដ្ឋបាល​របស់​លោកចូ បៃដិន​ បាន​ជំរុញ​ឲ្យ​រុស្សី​ដក​ទ័ព​របស់ខ្លួន​ចេញ​ពី​តំបន់ក្បែរ​ព្រំដែន​អ៊ុយក្រែន​ដើម្បី​បន្ធូរ​បន្ថយភាព​តានតឹង​ដែល​កំពុង​កើន​ឡើង​។

អាមេរិកថា​ចង់​កាត់​បន្ថយ​ភាព​តានតឹង​រវាងរុស្ស៊ី​ និងអ៊ុយក្រែន​តាមរយៈ​ការ​ទូត ហើយ​អាមេរិក​បានគូសបញ្ជាក់ប្រាប់ដែរ​ពីការ​ត្រៀមខ្លួន​ចូលរួម​ក្នុង​កិច្ចចរចា​សន្តិសុខ​ជាមួយ​រុស្ស៊ី និងអូតង់​នៅ​ខែ​មករា​ឆ្នាំក្រោយ។

កិច្ចចរចា​រវាង​រុស្ស៊ី ​ជាមួយ​សហរដ្ឋអាមេរិក​និង​អូតង់ គ្រោង​ធ្វើ​នៅ​ខែ​មករា​ដើមឆ្នាំ២០២២

ភាគីរុស្ស៊ី​ និង​ប្រទេស​លោកខាងលិច​បានព្រមព្រៀង​គ្នា​រៀបចំ​ការ​ចរចាមួយ​ដែល​គេហៅ​ឈ្មោះ​ថា​កិច្ចពិភាក្សា​សន្តិសុខដើម្បី​ឈាន​ទៅ​កាត់​បន្ថយភាពតានតឹង​ដែល​កំពុងកើន​ឡើងខ្លាំង​នៅ​ព្រំដែន​អ៊ុយក្រែន​។ តាមរយៈ​កិច្ចពិភាក្សានេះ​ គេសង្ឃឹមថា​ រុស្ស៊ី និង​សហរដ្ឋអាមេរិក ព្រមទាំង​អង្គការអូតង់​នឹង​អាច​ស្វែង​រកចំណុច​ស្រប​គ្នាបាន​ទោះតិច ឬក៏​ច្រើន​ក្តី​។

រដ្ឋមន្ត្រីការ​បរទេស​រុស្ស៊ី​លោក Sergei Lavrov និយាយថា​រុស្ស៊ី​ បាន​សម្រេច​ចូលរួម​ក្នុង​កិច្ចចារ​ជុំទី១​ នៅដើមឆ្នាំ​ ២០២២​ ពីព្រោះថា​រុស្ស៊ី​មិន​ចង់​ដោះ​ស្រាយ​វិបត្តិធំ​ដោយ​ដើរ​លើ​ផ្លូវ​នៃ​ការ​ប្រឈមមុខដាក់គ្នា​ឡើយ​។ ហើយអ្វី​ដែល​រុស្ស៊ី​ចង់​បាន​គឺ​ដំណោះស្រាយ​តាមរយៈ​ការទូត។

អ្វីដែលគេដឹងនៅពេលនេះ គឺថា​នៅក្នុង​ពេល​ចរចាជាមួយគ្នា​ រុស្ស៊ី អាមេរិក អង្គការអូតង់​ នឹងជជែកវែកញែកគ្នា​ឲ្យច្បាស់​អំពី​គោល​ជំហរ​របស់​ពួកគេ​ដើម្បី​រក​ច្រក​ចេញ​ពី​វិបត្តិ​។ នៅមុនកិច្ចពិភាក្សា​មកដល់​ រុស្ស៊ី បានប្រាប់ពី​ចេតនា​របស់​ខ្លួន​ហើយថា​ចង់​ឲ្យ​កិច្ច​សន្ទនា​រវាងគ្នា​សម្រេច​បាន​លទ្ធផល​ជាក់ស្តែង​ និងថា​បញ្ហា​នានាមិន​គួរ​ត្រូវ​ទុក​អូស​បន្លាយ​តទៅ​មុខទៀត​នោះទេ​។

ទាក់ទងចំណុចនេះ​ គួរ​ទាញ​បញ្ជាក់​ថា​ចំណុច​សំខាន់​ដែល​រុស្ស៊ី​ចង់​បាន​ទីបំផុត​ និង​ធ្លាប់​បាន​ទាមទារ​រួចមក​ហើយ​នោះ​ គឺ​ការ​ធានា​របស់អូតង់​ថាមិន​ទទួល​យក​ប្រទេស​អ៊ុយក្រែន​ និង​ហ្សកហ្ស៊ី ឲ្យ​ក្លាយជា​សមាជិក​របស់​អូតង់ឡើយ​ ហើយ​អូតង់​ត្រូវ​ឈប់​ពង្រីកដែន​ឥទ្ធិពលរបស់ខ្លួន​ទៅក្នុង​បណ្តា​ប្រទេស​អតីត​សហភាពសូវៀត​។

ក្រៅពីនេះ​ កាលពីសប្តាហ៍មុន​ រុស្ស៊ី​ក៏បាន​អំពាវនាវផងដែរ​ឲ្យ​មានការ​ដកទ័ព​របស់​អូតង់​នៅ​អឺរ៉ុប​កណ្តាល​ និងខាងកើត​ពោលគឺនៅក្នុង​ប្រទេសប៉ូឡូញ​ អេស្តូនី ឡេតូនី​ និង​លីទុយអានី​។

តើ​អាមេរិក​និង​អឺរ៉ុប​និយាយ​អ្វី​ខ្លះពី​កិច្ចចរចាជាមួយរុស្ស៊ី​?

ប្រទេស​លោក​ខាងលិច​ បាន​បដិសេធ​រួចស្រេច​ហើយថា​មិន​ធ្វើ​បាន​ការ​ទាមទារ​កន្លងមក​របស់រុស្ស៊ី​ឡើយ ប៉ុន្តែថានឹង​ប្តេជ្ញាចិត្តមោះមុត​ចំពោះ​ការ​សន្ទនានឹងគ្នា​ ដើម្បី​ស្វែង​រក​ច្រកផ្លូវ​ដែល​អាច​ដើរ​ស្របគ្នាបាន​។

សម្រាប់អាល្លឺម៉ង់​ ការពិភាក្សាគ្នា​ស្វែង​រកដំណោះស្រាយគឺ​ជាវិធីដ៏ល្អបំផុតបើទោះបីជាសំណើ​ដែល​ភាគី​រុស្ស៊ី​ចង់បាន​មិនមែន​ជា​មូលដ្ឋាន​នៃ​ការចរចា​របស់​អឺរ៉ុប​ក៏ដោយ​។

ជុំវិញ​កិច្ចពិភាក្សានេះដែរ​ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោកអង់តូនី ប្ល៊ីងកិន និង​ប្រមុខ​ការទូត​អឺរ៉ុប​លោក ហ្សូសេព បូរែល (Josep Borrell) បានជួប​សន្ទនាគ្នា​តាមទូរសព្ទ​កាលពី​ថ្ងៃពុធម្សិលមិញ​។ នៅក្នុង​សេចក្តី​ថ្លែងការណ៍មួយ ប្រមុខការទូតអឺរ៉ុបនិយាយថា​ប្រទេស​លោកខាងលិចបាន​ឯកភាព​គ្នា​ឲ្យមាន​ការ​ពិភាក្សាណាមួយ​ស្តី​អំពី​សន្តិសុខ​អឺរ៉ុប​ ដោយ​មាន​វត្តមាន​ពី​ប្រទេស​សមាជិក​។ ហើយអ្វីដែល​សំខាន់​ដែរ​នោះ​គឺ​ប្រទេស​លោកខាងលិច​ បាន​ប្តេជាថា​នឹង​រួបរួម​សាមគ្គី​គ្នាជា​ធ្លុងមួយ នៅក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ទីក្រុងម៉ូស្គូ​ដែល​គ្រោង​នឹងធ្វើ​នៅក្នុង​ខែមករា​ឆ្នាំ​ក្រោយនេះ​។

ដោយឡែក​ បើតាម​ដំណឹង​ចុងក្រោយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ដែលទើបធ្លាក់​មកមុននេះបន្តិច​ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និយាយថា​លោក​មើលឃើញ​ការ​ឆ្លើយតបជា​វិជ្ជមាន​របស់​អាមេរិក​ទាក់ទងសំណើ​របស់រុស្ស៊ី​។ ជាសំណើ​ស្តីអំពី​ការ​ទប់ស្កាត់​នូវការ​​ពង្រីក​ដែន​ឥទ្ធិពល​របស់​អង្គការ​អូតង់​នៅ​ភាគខាងកើត​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ