អានតួអត្ថបទ
សុខភាពកុមារ

អង្គការ​សុខភាពពិភពលោក ជំរុញ​ការ​រិត​បន្តឹងការ​ផ្សាយ​ពាណិជ្ជកម្ម​ទឹកដោះ​គោ​ក្មេង

ទឹកដោះ​គោ​ក្មេង ជា​ឧស្សាហកម្ម​ដែល​មាន​ទំហំ​ដល់​ទៅជាង ៥៥ពាន់លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ទឹកដោះគោក្មេង (និងបារី)​ ​ជាផលិតផលតែ​មួយ​គត់ ដែល​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​តែង​បំផុត​មុន​​នឹង​ចេញ​ផ្សាយ​ពាណិជ្ជកម្ម​បាន។ ប៉ុន្តែ ក្រុមហ៊ុន​​ផលិតទឹកដោះគោ បាន​ប្រើ​វិធី​ផ្សាយ​ពាណិជ្ជកម្ម​ បែប​វាយ​លុក​ និង​បំបាក់​ទឹកចិត្ត​មិន​ឱ្យ​អ្នក​ជា​ម្តាយបំបៅ​ទឹក​ដោះ​កូន​ទេ។ នេះ​បើ​តាម​ការ​ចោទ​ប្រកាន់​របស់​​​អង្គការ​សុខភាព​ពិភពលោក។

ទឹកដោះ​គោ​ក្មេង ៖ អង្គការ​សុខភាពពិភពលោក បរិហារ​​ការ​ផ្សាយ​ពាណិជ្ជកម្ម​ភូតកុហក​របស់​ក្រុមហ៊ុន​
ទឹកដោះ​គោ​ក្មេង ៖ អង្គការ​សុខភាពពិភពលោក បរិហារ​​ការ​ផ្សាយ​ពាណិជ្ជកម្ម​ភូតកុហក​របស់​ក្រុមហ៊ុន​ AFP - JEAN-PIERRE MULLER
ផ្សាយពាណិជ្ជកម្ម

ការ​ផ្សាយ​ពាណិជ្ជកម្ម​លក់​ទឹក​ដោះ​គោ​កូនក្មេង មាន​សុះសាយ​ទូទៅ ពេញ​​ពិភពលោក។ ហើយ​អ្នក​ជា​ឪពុកម្តាយ​ជាង​ពាក់​កណ្តាល​រង​ឥទ្ធិពល​ពី​ការផ្សាយ​ពាណិជ្ជកម្មនេះ ក្នុង​ការ​សម្រេចចិត្ត​បំបៅ​ដោះកូន។ នេះ​បើ​តាមអង្គការ​សុខភាព​ពិភពលោក ដែល​បានចោទ​ប្រកាន់​ដោយ​ចំ​ៗ ​ថា  ក្រុមហ៊ុន​ផលិត​ទឹក​ដោះគោ​ក្មេង​ បាន​ប្រើយុទ្ធសាស្ត្រ​​ពាណិជ្ជកម្ម​ បែប​ “អសីលធម៌” ​ គិត​ដល់​ប្រយោជន៍​ក្រុមហ៊ុនច្រើន​​ជាង​សុខភាព​ក្មេង​និង​សុខភាព​សាធារណៈ។

​​បើ​តាម​របាយការណ៍របស់​អង្គការ​សុខភាពពិភពលោក​​ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី ២៣​កុម្ភៈ នេះ​ ក្រុមហ៊ុន​ផលិត​ទឹកដោះគោ​ក្មេង បានចំណាយ​ថវិកា​ក្នុង​មួយ​ឆ្នាំ​អស់​ប្រមាណ​ពី ៣ទៅ​៥ពាន់​លាន​ដុល្លារ ដើម្បី​ទាក់ទាញ​ទឹក​ចិត្ត​ម្តាយ​ឪពុក​ឱ្យ​​ជ្រើសរើស​បំបៅ​កូនដោយ​ទឹកដោះគោ។ ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម បែប​វាយលុក បន្លំ ភូតភរ ចាប់​ផ្តើម​ដំបូង​ដោយ​សំបក​កំប៉ុង និង​សារ​អួត​អាង​អំពី​គុណភាព​ទឹកដោះគោ ថា​ផ្សំ​ឡើង​ដោយ​សារធាតុ​ជំនួយ​ខួរក្បាលក្មេង ប៉ុន្តែ​ពុំ​មានអ្វី​បញ្ជាក់​សោះ​នៅ​ពេល​សិក្សា​វិភាគ​ទៅ។ នេះបើ​តាមប្រសាសន៍​ពន្យល់​របស់​លោក Dr Nigel Rollins ប្រធាន​ដេប៉ាតឺម៉ង់ សុខភាព​ទារក​​នៃ​អង្គការសុខភាពពិភពលោក។ សារភូតភរ​កុហក មួយ​ទៀត គឺ​កា​របំបាក់​ទឹក​ចិត្ត​អ្នក​ជា​ម្តាយ​ឱ្យមិន​ឱ្យ​បំបៅ​ដោះ​កូន ដោយ​លើក​ឡើង​ថា ទឹកដោះម្តាយ​ចាប់​អស់​ជីវជាតិ ចាប់​ពី​៦​ខែ​ឡើង​ទៅ។ សារនេះ​អាច​នាំ​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ខ្លាំង​សម្បើម​ណាស់។​

របាយការណ៍​សិក្សា​ក្នុង​៨ប្រទេស បាន​បង្ហាញ​ឱ្យ​ឃើញ​ទៀតថា ​ មានស្ត្រីពរពោះអង់គ្លេស៨៤% វៀតណាម៩២% និង​ចិន​៩៧%​ រង​​ឥទ្ធិពល​ខ្លាំង​​ការ​ផ្សាយ​ពាណិជ្ជកម្មឱ្យ​កូន​បៅដោះគោ​ជំនួស​ការ​បៅ​ដោះម្តាយ។

អង្គការ​សុខភាពពិភពលោក និង​មូលនិធិអង្គការ​សហប្រជាជាតិ​ដើម្បី​កុមារ (អង្គការ​យូនីសេហ្វ)ដែល​ព្យាយាម​តាំង​ពី​ច្រើន​ឆ្នាំ​មកហើយ​ជំរុញ​ឱ្យ​ស្ត្រី​បំបៅ​ដោះ​កូន​ មិន​បន្ទោស​ស្ត្រី​ដែលសម្រេច​ចិត្ត​ឱ្យ​កូន​បៅ​ដបទេ ប៉ុន្តែ​ត្រូវ​ការ​ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​​អំពី​គុណប្រយោជន៍​នៃ​ទឹក​ដោះម្តាយ​។ ទឹក​ដោះម្តាយ​ជា​អាហារ​ដ៏​ល្អ​ជា​គេ​បំផុត​សម្រាប់​ពង្រឹង​សរីរាង្គ​របស់​ទារក។ ពិភពលោក​ត្រូវ​តែ​ពង្រឹង​នយោបាយ​ ច្បាប់ និង​ការវិនិយោគ​ក្នុង​វិស័យ​បំបៅ​កូន ដើម្បី ធានា​ថា​ស្ត្រី​ជា​ម្តាយ​បាន​គេច​រួច​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​បំពាន​និ​ង​ភូតភរ។ នេះជា​សំណូមពរ​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​ទទូច​ឱ្យ​រដ្ឋ​ជា​សមាជិកកំរិត​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទឹកដោះគោក្មេង និង​ហាមមិន​ឱ្យ​បុគ្គលិក​សុខាភិបាល​ទទួល​កិច្ចសន្យា​ផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុនអ្នកផលិត/លក់​ទឹក​ដោះគោ។

អង្គការ​សុខភាព​មាន​ច្បាប់​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្មទឹក​ដោះ​គោ​ក្មេង​តាំងពី​ឆ្នាំ​១៩៨១​មក ប៉ុន្តែ​ប្រទេស​ខ្លះ​មិន​អនុវត្ត​ និង​ចែង​ក្នុង​ច្បាប់​ជាតិ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ