អានតួអត្ថបទ
អាំងទែរប៉ូល

ប្រធាន​អាំងទែរប៉ូល ជាប់​អង្កេត​ពី​បទ​ផ្សំគំនិត​ប្រព្រឹត្ត​ទារុណកម្ម

តុលាការ​បារាំង​បាន​បើក​អង្កេត​ថ្មី​មួយ​ទៀត ប្រឆាំង​នឹង​ប្រធាន​អាំងទែរប៉ូល ជាតិ​អេមីរ៉ាត់អារ៉ាប់រួម លោក អាមេដ អាល់រ៉ៃស៊ី ពី​បទ​បាន​ផ្សំ​គំនិត​ធ្វើ​ទារុណកម្ម​ ជនសង្ស័យ​ជាប់​ឃុំ​ នៅក្នុង​ប្រទេស​របស់​លោក​ និង​ដែល​កាលក្នុង​ពេល​​លោក​នៅ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ប៉ូលិស​របស់​រាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ការ​បើក​អង្កេត​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​បណ្តឹង​របស់​ពលរដ្ឋ​អង់គ្លេស​ពីរ​នាក់។

លោក Ahmed Nasser Al Raisi,ប្រធាន​អាំងទែរប៉ូល ជាប់​អង្កេត​ពី​បទ​ផ្សំគំនិត​ធ្វើ​ទារុណកម្ម
លោក Ahmed Nasser Al Raisi,ប្រធាន​អាំងទែរប៉ូល ជាប់​អង្កេត​ពី​បទ​ផ្សំគំនិត​ធ្វើ​ទារុណកម្ម via REUTERS - INTERPOL
ផ្សាយពាណិជ្ជកម្ម

តុលាការ​ប្រឆាំង​ភេរវកម្ម​បារាំង បាន​គូស​បញ្ជាក់​នៅថ្ងៃពុធ​ទី១១​ឧសភា ២០២២​នេះ ថា​បាន​ប្រគល់​ភារកិច្ចអង្កេត​ទៅ​ឱ្យ​ចៅក្រម​ស៊ីប​អង្កេត​ក្រុង​ប៉ារីស​ហើយ ដើម្បី​បំភ្លឺ​សំណុំ​រឿង​ចោទប្រកាន់​​លោក​ប្រធាន​អាំងទែរប៉ូល​ ពី​បទ​ធ្វើ​ទារុណកម្ម​និង​ចាប់​ឃុំឃាំង​មនុស្ស​ដោយ​គ្មាន​ឆ្លង​កាត់​តុលាការ នៅ​រវាង​ពី​ឆ្នាំ ២០១៨និង​ឆ្នាំ​២០១៩។

ដោយសំអាង​លើ​សមត្ថកិច្ច​សកល​របស់​បារាំង​ដែល​អនុញ្ញាត​ឱ្យ​តុលាការ​បើក​អង្កេត​ប្រឆាំង​រាល់​គ្រប់​បុគ្គល​ជាប់​សង្ស័​យប្រព្រឹត្តអំពើ​ព្រៃផ្សៃ​ ឱ្យ​តែ​នៅ​ស្នាក់នៅ​លើ​ទឹក​ដីបារាំង ​ ដើមចោទជា​ជនជាតិ​អង់គ្លេស​​ទាំងពីរ បានសន្យា​នៅ​​​ថ្ងៃ​នេះ​ ​ផ្តល់​ភស្តុតាង​ទាក់ទង​នឹង​ការ​ធ្វើ​ទារុណកម្ម​ នៅ​ពេល​ចៅក្រម​ស៊ើបអង្កេត​កោះ​ហៅ​មកសាក​សួរ​ចម្លើយ។

ដើមចោទ​ទីមួយ លោក Matthew Hedges ដែល​ជាសាស្ត្រាចារ្យ និង អ្នក​ស្រាវជ្រាវថ្នាក់​បណ្ឌិត​ ស្តីពី​ស្ថាប័ន​សន្តិសុខនៅអេមីរ៉ាតអារ៉ាប់រួម នៅ​សកលវិទ្យាល័យ​Durham​អង់គ្លេស​ បាន​រៀប​រាប់អំពីទារុណកម្ម លើ​ផ្លូវកាយ និងផ្លូវ​អារម្មណ៍យ៉ាង​ធ្ងន់ធ្ងរបំផុត ក្នុង​អំឡុង​ពេល​ជាប់​សង្ស័យ​ និង​ជាប់​ឃុំដោយអយុត្តិធម៌ ចំនួន​៧ខែ កាលពី​ឆ្នាំ​២០១៨ ពីបទចារកិច្ច មុន​នឹង​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ និង​លើក​​ទោសឱ្យ​​វិញ​ ក្រោម​សម្ពាធ​អន្តរជាតិ។ ចំណែក​លោក​ Ali Issa Ahmad ដែល​ជាភ្នាក់ងារ​សន្តិសុខ​វិញ បាន​រៀប​រាប់​ក្នុងថ្ងៃ​តែ​មួយដែរ​ថា លោក​បាន​រងការ​វាយដំ​ យ៉ាង​ខ្លាំង ក្នុង​ពេល​ជាប់់​ឃុំ​មួយ​ខែ​ កាលពីឆ្នាំ​២០១៩ នៅ​ប្រទេសអេមីរ៉ាតអារ៉ាប់រួម ពី​បទ​​បានពាក់អាវយឺតមានទង់ជាតិកាតា ពេល​ធ្វើដំណើរទៅតាមដានការប្រកួតកីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់អាស៊ី។

តុលាការ​ប្រឆាំង​ភេវកម្ម​បារាំង បាន​បើក​អង្កេត​បឋម​មួយរួច​ហើយ​កាលពី​ខែ​មីនា​ប្រឆាំង​នឹង​លោកអាល់រ៉ៃស៊ី​ ពី​បទ​ធ្វើ​ទារុណកម្ម​និង​ប្រើ​អំពើ​ព្រៃផ្សៃ​លើ​សកម្មជន​សិទ្ធិមនុស្ស​ តាម​រយៈ​បណ្តឹងរ​បស់​អង្គការ​Gulf Center For Human Rights។

ស្ថានទូត​អារ៉ាប៊ីសាអូឌីត មិន​បញ្ចេញ​ប្រតិកម្ម​អ្វីទាក់​ទង​នឹង​សំណុំ​រឿង​អង្កេត​ប្រឆាំង​លោក​អាល់រ៉ៃស៊ីទេ។ តែកាលពី​ខែវិច្ឆិកា ពេល​លោក​អាល់រ៉ៃស៊ី​ជាប់​ឆ្នោត​ជា​ប្រធានអាំងទែរប៉ូល ក្រសួងការបរទេស​អារ៉ាប៊ីសាអូឌីត ធ្លាប់​បាន​ព្រលយ​ថា ក្រោមការ​ដឹកនាំ​របស់​លោក​ អាល់រ៉ៃស៊ី​ ​វិស័យ​ប៉ូលិស​បា​ន​ស្គាល់​ទំនើបកម្ម​ច្រើន និង​​មិន​អនុគ្រោះ​ឱ្យប៉ូលិស​បំពាន​លើ​ជនសង្ស័យ​ណា​ទេ ដូច្នេះរាល់​គ្រប់​បណ្តឹង​ប្រឆាំង​លោក​អាល់រ៉ៃស៊ី​គ្មាន​តម្លៃឡើយ​និង​ត្រូវ​ច្រាន​ចោល​ទាំងអស់។ នាម​ជា​ប្រធាន​អាំងទែរប៉ូល ​លោក​អាល់រ៉ៃស៊ី​នឹង​ប្រើ​អភ័យឯកសិទ្ធិ​​​ការពារ​ខ្លួន​ឬ ?​ បើ​តាម​ប្រភព​សិទ្ធិ​នឹង​សំណុំ​រឿង​ នេះជា​សិទ្ធិ​​សម្រេច​របស់​ចៅក្រម​ស៊ើបអង្កេត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ