អានតួអត្ថបទ
សុខភាពកុមារ

UNICEF៖ ប្រទេសអ្នកមាន​ បង្កើតឲ្យ​មានលក្ខខណ្ឌ​ជីវិត​ដ៏គ្រោះថ្នាក់ សម្រាប់​កុមារ​ទូទាំង​ពិភពលោក

បណ្តាប្រទេសអ្នកមាន បាននិងកំពុងតែបង្កើតឲ្យ​មាន លក្ខខណ្ឌជីវិតដ៏គ្រោះថា្នក់ សម្រាប់កុមារមិនត្រឹមតែក្នុងស្រុករបស់ខ្លួនទេ​ គឺកុមារនៅទូទាំងពិភពលោក។ នេះបើផ្អែកតាមការសន្និដ្ឋាន របស់​របាយការណ៍ចេញផ្សាយ​នៅថ្ងៃអង្គារ ទី២៤ឧសភានេះ ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Innocenti នៃអង្គការ UNICEF។ អ្នកជំនាញបានអំពាវនាវ ឲ្យ​កាត់បន្ថយ​ការផលិតកាកសំណល់ ព្រមទាំងសារធាតុពុលនៅក្នុង​បរិយាកាស និង​នៅក្នុងទឹកជាដើម។​

កុមារកាន់បដាចូលរួមតវ៉ា ឲ្យ​មានការអភិរក្សធនធានធម្មជាតិ ការកាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក ដើម្បីការពារភពផែនដីពីការឡើងកំដៅ។ ទិវាភពផែនដី នៅប្រទេស​ហុងឌូរ៉ាស ថ្ងៃទី ២៧ កញ្ញា ២០១៩
កុមារកាន់បដាចូលរួមតវ៉ា ឲ្យ​មានការអភិរក្សធនធានធម្មជាតិ ការកាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក ដើម្បីការពារភពផែនដីពីការឡើងកំដៅ។ ទិវាភពផែនដី នៅប្រទេស​ហុងឌូរ៉ាស ថ្ងៃទី ២៧ កញ្ញា ២០១៩ AP - Petros Karadjias
ផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌលស្រាវជ្រាវ Innocenti បានធ្វើការសិក្សានៅតាមបណ្តាប្រទេសចំនួន៣៩ ដែលជា​សមាជិក​នៃអង្គការ​សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OCDE និង​សមាជិក​សហភាពអឺរ៉ុប។ ជាការសិក្សាដែលផ្តោតទៅលើ ផលប៉ះពាល់ផ្សេងៗមកលើសុខភាពកុមារ បណ្តាលមកពីកត្តា​មួយចំនួន​ដូចជា​ ថ្នាំកសិកម្ម សំណើមក្នុងផ្ទះ សារធាតុសំណ​ ពន្លឺ និងកាកសំណល់​ផ្សេងៗទៀត។

ជាការសន្និដ្ឋាន ក្នុងចំណោម​ប្រទេសទាំង៣៩នេះ គ្មាន​ប្រទេសណាមួយ ដែល​បានផ្តល់​ឲ្យ​នូវលក្ខខណ្ឌបរិស្ថានរស់នៅ ដែលបរិសុទ្ធស្អាតឲ្យ​ដល់កុមារទេ បើទោះបីកម្រិតមានមិនដូចគ្នា ពីប្រទេសមួយទៅប្រទេសមួយក៏ដោយ។​ ខណៈដែល អេស្ប៉ាញ ព័រទុយហ្កាល់ និងអៀរឡង់​ បាន​ផ្តល់​នូវកត្តាល្អជាច្រើន ដល់បរិស្ថានរបស់នៅរបស់កុមារគ្រាន់បើជាងគេ អូស្ត្រាលី ប៊ែលហ្ស៊ិក កាណាដា អាមេរិកឯនោះវិញ មិនបានធានាឲ្យ​មាន​នូវលក្ខខណ្ឌជីវិតល្អប្រសើរសម្រាប់កុមារទេ។

ភាគច្រើននៃប្រទេស​អ្នកមានទាំងនេះ មិនត្រឹមតែមិនបានផ្តល់ឲ្យ​ នូវក្របខណ្ឌបរិស្ថានរស់នៅ ដែលស្អាតបរិសុទ្ធឲ្យ​ដល់កុមារខ្លួនទេ តែលើសពេលនេះ ប្រទេសទាំងនេះបានចូលរួមក្នុងបំផ្លាញ​បរិស្ថានជីវិតរស់នៅ របស់កុមារនៅតាមប្រទេសក្រីក្រផ្សេងទៀត ទូទាំងពិភពលោក។​ នេះបើផ្អែកតាមការ​លើកឡើង របស់លោកស្រី Gunilla Olsson នាយិកាមជ្ឈមណ្ឌល​ Innocenti។ ជាការចូលរួម តាមរយៈការប្រើប្រាស់ទំនិញ ការបញ្ចេញឧស្ម័នកាបូនិកក្នុងបរិយាកាស ព្រមទាំងកាកសំណល់គ្រោះថ្នាក់ ដែល​ប្រទេសអ្នកមានយកទៅចោល នៅតាមប្រទេសប្រទេសក្រីក្រជាដើម​។

យ៉ាងហោចណាស់ កុមារ២០លាននាក់ នៅតាមប្រទេសទាំង៣៩ គឺមានកម្រិត​សារធាតុសំណក្នុងឈាម​ខ្ពស់ខ្លាំង​។ ហ្វាំងឡង់ អ៊ីស្លង់ ន័រវែស ស្ថិតនៅលំដាប់ជួរមុខគេ ដែលផ្តល់ឲ្យ​នូវ​បរិស្ថាន​ជីវិតល្អប្រសើរខ្លាំងដល់កុមារ តែទន្ទឹមគ្នានេះប្រទេសទាំងនេះ ស្ថិតនៅចុងប៉ូចគេ បើនិយាយពី​ផលប៉ះពាល់ទៅលើ​ភពផែនដីទាំងមូល ដោយសារតែការបញ្ចេញឧស្ម័នកាបូនិក ការ​ចោលកាក​សំណល់​​អេឡិចត្រូនិក និងកម្រិតនៃការប្រើប្រាស់ទំនិញ​ដែលខ្ពស់ខ្លាំង។​

ប្រទេសខ្លះដូចជា ឡេតូនី ព័រទុយហ្កាល់ អង់គ្លេស ហុងគ្រីជាដើម គឺកុមារម្នាក់ក្នុងចំណោម​៥នាក់ ប្រឈមនឹងបញ្ហា​កម្រិតសំណើមខ្លាំងនៅក្នុងផ្ទះ។ កុមារភាគច្រើន ស្រូបខ្យល់ដង្ហើមចូលទៅ ដែលមានសារធាតុពុល មិនថាក្នុងផ្ទះ ឬនៅខាងក្រៅ ជាក់ស្តែងដូចជានៅមិចស៊ិក និងជប៉ុន។ ចំណែក នៅហូឡង់ អ៊ីស្រាអែល ប៊ែលហ្ស៊ិក ប៉ូឡូញ ឆេក និងស្វ៊ីសជាដើម គឺកុមារម្នាក់ក្នុងចំនោម​១២នាក់ ប្រឈមនឹងសារធាតុពុល បណ្តាលមក​ពីថ្នាំគីមី​សម្លាប់សត្វល្អិត និងសម្លាប់ស្មៅដែលគេប្រើក្នុងកសិកម្ម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ