អានតួអត្ថបទ
បារាំង-ថាមពលអគ្គិសនី

វិបត្តិថាមពល៖ ​ក្រុមហ៊ុន​ផលិត​ថាមពល​ធំៗ​ទាំង៣​របស់​បារាំង​ អំពាវនាវ​ឲ្យ​កាត់បន្ថយ​​ការប្រើប្រាស់​អគ្គិសនី

បារាំង ក៏ដូចជាប្រទេសទាំងអស់នៅអឺរ៉ុប កំពុងតែប្រឈមនឹងវិបត្តិ​ខ្វះថាមពល​អគ្គិសនីប្រើប្រាស់ ដោយសារតែវិបត្តិ​សង្គ្រាម​នៅអ៊ុយក្រែន។ ក្រុមហ៊ុនផលិតថាម​ពល​ធំៗទាំង៣នៅបារាំង បាន​រួមគ្នាចេញលិខិតចំហ កាលពីថ្ងៃអាទិត្យ​ម្សិលមិញ អំពាវនាវឲ្យ​ប្រជាជន ក៏ដូចជាសហគ្រាសទាំងអស់នៅបារាំង​ ត្រូវផ្លាស់ប្តូរទំលាប់ ហើយ​ងាក​មក​សន្សំសំចៃការប្រើប្រាស់ចរន្តអគ្គិសនី ដើម្បី​ត្រៀម​បង្កាសម្រាប់រដូវរងារខាងមុខ។

រោងចក្រអគ្គិសនីដើរដោយ​នុយក្លេអ៊ែរមួយកន្លែង ស្ថិតនៅភាគនិរតីបារាំង។ ថ្ងៃទី ៦ សីហា ២០១៥
រោងចក្រអគ្គិសនីដើរដោយ​នុយក្លេអ៊ែរមួយកន្លែង ស្ថិតនៅភាគនិរតីបារាំង។ ថ្ងៃទី ៦ សីហា ២០១៥ AP - Bob Edme
ផ្សាយពាណិជ្ជកម្ម

អគ្គនាយកក្រុម​ហ៊ុន​ផលិត​ថាមពលធំៗទាំង៣របស់បារាំង គឺ Total EDF និង​ Engie បានរួមគ្នាធ្វើលិខិតចំហមួយ ដើម្បី​ប្រាប់ទៅកាន់អ្នកប្រើ​ប្រាស់ទាំងអស់ ថាត្រូវតែចាប់ផ្តើម​សន្សំសំចៃការប្រើប្រាស់ថាមពល។ អគ្គនាយកទាំង​៣បាន​លើកឡើងថា ដោយសារសង្គ្រាម​នៅអ៊ុយក្រែន រុស្ស៊ីបានកាត់បន្ថយ​ការបង្ហូរឧស្ម័នមកកាន់អឺរ៉ុប។ ទន្ទឹមគ្នានេះ អឺរ៉ុបកំពុងជួបបញ្ហាមួយចំនួន មិនទាន់អាចផលិត​ចរន្តអគ្គិស​នីបានគ្រប់នៅឡើយ។

គឺក្នុង​ហេតុផលនេះ ដែលប្រជាពលរដ្ឋ រួមទាំង​សហគ្រាសទាំងអស់ ត្រូវតែរួមគ្នា ផ្លាស់ប្តូរ​ទំលាប់នៃការប្រើប្រាស់ ងាកមកសន្សំសំចៃ ដើម្បីអនុញ្ញាត​ឲ្យ​ប្រព័ន្ធអគ្គិសនី​ អាចមានលទ្ធភាព​ត្រៀមលក្ខណៈសម្រាប់រដូវរងារខាងមុខ។ នៅរវាងចុងឆ្នាំនេះ នឹងអាចមានបញ្ហាប្រឈមជាច្រើនមកបន្ថែម ដូចជាតម្រូវការអគ្គិសនីឡើងខ្ពស់ ភាពមិនប្រាកដប្រជាផ្នែកបច្ចេកទេស ព្រមទាំង​អាចមានវិបត្តិ​ភូមិសាស្ត្រនយោបាយថ្មីណាមួយទៀត។

អគ្គនាយកទាំង៣ បានប្រកាស ឲ្យគ្រប់គ្នាត្រូវយល់ពីស្ថានការណ៍លំបាកនេះ ហើយត្រូវចាប់ផ្តើមពីពេលឥឡូវនេះ ដើម្បី​សន្សំសំចៃប្រភពថាមពលទាំងអស់ មិនថាចរន្តអគ្គិសនី ឧស្ម័ន ឬថាមពល​ប្រេងឥន្ធនៈនោះទេ។

គួរបញ្ជាក់ថា បារាំងមានគម្រោងបំពេញស្តុក​ឧស្ម័នរបស់ខ្លួន ឲ្យ​បានពេញ​១០០% នៅ​រវាង​ចុងរដូវក្តៅនេះ ដើម្បីត្រៀម​ប្រើនៅរដូវរងារខាងមុខ។ បន្ថែមពីនេះ លោកស្រីនាយករដ្ឋមន្ត្រីអាលីហ្សាបែត ប៊ន​បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា បារាំងនឹងចាប់​ផ្តើម​សាងសង់​កំពុងផែស្តុកម៉េតានដ៏ធំមួយ​ នៅទីក្រុងអាវរ៍ ដើម្បីរំដោះខ្លួនឈប់ប្រើ​ឧស្ម័នរបស់រុស្ស៊ី។​

ដោយឡែក ប្រឈមនឹងបញ្ហាអាចខ្​វះចរន្តអគ្គិសនីប្រើ នៅរដូវរងារខាងមុខនេះ ក្រសួងអន្តរកម្មថាមពល​បារាំង បានបញ្ជាក់នៅរសៀលថ្ងៃអាទិត្យ​ថា បារាំងនឹង​ដាក់ឲ្យដំណើរការឡើងវិញជាបណ្តោះអាសន្ន នូវរោងចក្រអគ្គិសនីដើរដោយចំហេះធ្យូងថ្ម នៅតំបន់ Saint-Avold ដែលទើបតែបានបិទកាលពីចុង​ខែ​មីនាកន្លងទៅ។ យ៉ាងណាក៏ដោយក្រសួងនៅតែអះអាងថា ទោះបើកដំណើរការរោងចក្រនេះវិញ តែទំហំអគ្គិសនីដើរដោយ​ធ្យូងថ្ម មានមិនលើស ១%នៃទំហំអគ្គិសនីទាំងអស់ទេ ហើយ​កម្មវត្ថុរបស់​រដ្ឋាភិបាលក៏មិនប្តូរដែរ​ គឺសន្យា​ឈប់ប្រើទាំងស្រុងនូវ​អគ្គីសនី​ដើរដដោយ​​ចំហេះធ្យូងថ្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ