អានតួអត្ថបទ
ថៃ-សហរដ្ឋ​អាមេរិក

ប្រមុខ​ការទូត​អាមេរិក​ស្វាគមថៃ​ដែល​ជួយ​ជំរុញ​អាមេរិក​នៅ​អាស៊ី

នៅថ្ងៃអាទិត្យ​ទី ១០​កក្កដា​២០២២​នេះ សហរដ្ឋ​អាមេរិក​និង​ថៃ បាន​ចុះ​កិច្ចព្រមព្រៀង​ពង្រឹង​ពង្រីក​ទំនាក់ទំនាក់រវាង​ប្រទេស​ទាំងពីរ ដែល​រឹង​មាំស្រេច​ទៅហើយ​ ឱ្យ​កាន់​តែ​រឹង​មាំ​បន្ថែមទៀត។ លោក​ប្រមុខ​ការទូតអាមេរិក លោក អង់តូនី ប្លីងកិន ​ថែម​ទាំង​បាន​ស្វាគម​ថៃ​ ដែល​បាន​ដើរ​តួនាទី​ជួយ​អាមេរិក​នៅ​ក្នុង​អាស៊ីអាគ្នេយ៍​ដែល​ជា​តំបន់​ដ៏​គន្លឹះ​ក្នុងការ​ប្រកួត​ប្រជែង​ជាមួយ​ចិន។ ក្នុង​ដំណើរទស្សនកិច្ច​នៅទីក្រុង​បាងកក​នេះ លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ក៏​មាន​បំណង​ស្វែងរក​គំនិត​ថ្មី​ដើម្បី​​ស្តារ​ប្រជាធិបតេយ្យ​នៅ​ភូមា។

លោកប្រមុខ​ការទូត​អាមេរិក អង់តូនី ប្លីងកិន និង​លោក​នាយករដ្ឋមន្ត្រី​ថៃ លោក​ ប្រាយុទ្ធ ចាន់ អូចា
លោកប្រមុខ​ការទូត​អាមេរិក អង់តូនី ប្លីងកិន និង​លោក​នាយករដ្ឋមន្ត្រី​ថៃ លោក​ ប្រាយុទ្ធ ចាន់ អូចា AP - Stefani Reynolds
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ចព្រមព្រៀង​ពង្រីក​ចំណង​មិត្តភាព​ថៃ-អាមេរិក ​រដ្ឋមន្ត្រីការបរទេសប្រទេស​ទាំងពីរ បា​នប្តេជ្ញា​ជំរុញភាព​ជា​ដៃគូ​​ក្នុង​វិស័យ​អាកាសធាតុ អនុវត្តច្បាប់​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​ ឱ្យ​បាន​កាន់​វិវឌ្ឍជឿនលឿន​ឡើង។ បើ​តាមការ​គូស​បញ្ជាក់របស់​​​លោក អង់តូនី ប្លីងកិន ថៃបានថែម​ទាំង​​អនុម័ត​ផែនការ​សេដ្ឋកិច្ចដឹកនាំ​ដោយ​អាមេរិក​​សម្រាប់​តំបន់​អាស៊ី​ទៀត​ផង។ ថៃ​ជា​សម្ព័ន្ធមិត្ត​ដ៏ចំណាស់​ជាង​គេ​បំផុត​របស់​អាមេរិក​ និង​ជា​ដៃ​គូដ៏​សំខាន់ប្រចាំ​តំបន់​​​ឥណ្ឌូប៉ាស៊ីហ្វិក​ ដែលក្លាយ​ជា​តំបន់​ប្រកួត​ប្រជែងប្រចាំ​សតវត្សរ៍ទី​២១​។ តែ​ថៃ​ក៏​ជា​ដៃគូ​ដ៏​សំខាន់​របស់​ចិន​ដែរ។

រដ្ឋបាល​​លោក​បៃដិន​ បាន​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង និង​ប្រឹង​រឹត​ចំណង​ទំនាក់ទំនង​ជាមួ​យ​តំបន់​អាស៊ីប៉ាស៊ីហ្វិកខ្លាំងណាស់ ដើម្បី​ទប់​ទល់​ចិន​ដែល​រីក​ធំធាត់​ជា​លំដាប់​នៅអាស៊ី។ សម្រាប់​សហរដ្ឋ​អាមេរិក ចិន​គឺ​ជា​គូប្រជែងរបស់​អាមេរិក​​ ​ដ៏​ចំបងនៅ​លើ​​ពិភពលោក។ ប៉ុន្តែប្រទេស​ទាំងពីរ​ទើប​បាន​រក​ឃើញ​ការ​សម្រុះសម្រួល​គ្នា​បន្ធូរ​បន្ថយ​ភាព​តាន​តឹង ​នៅ​ថ្ងៃសៅរ៍​ម្សិលមិញ ក្នុង​ជំនួបរវាង​លោក​ អង់តូនី​ ប្លីងកិន ​ជាមួយ​ប្រមុខ​ការទូត​ចិន​លោក វ៉ាងយី នៅ​ក្រុង​បាលីប្រទេស​ឥណ្ឌូណេស៊ី។

​លោក​ប្រមុខ​ការ​ទូត​អាមេរិក ​ក៏​បាន​ចូល​ជួប​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ​ ចាន់​អូចា​ផងដែរ ដើម្បី​ជជែក​ពិភាក្សា​អំពី​ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ ​និងពិសេស​អំពី​វិបត្តិ​ភូមា​។ ​ ក្រោយ​ជួប​សន្ទនាជាមួយក្រុម​​មេដឹកនាំ​យុវជន​ភូមា​នៅទីក្រុង​បាងកក លោក អង់តូនី ប្លីងកិន ​បាន​អំពាវនាវ នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន ឱ្យ​ក្រុមប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ដាក់​សម្ពាធ​លើ​របប​សឹក​ភូមា និង​ប្រកាស​ថា​ចិន​មាន​ចំណែកទទួល​ផល​ប្រយោជន៍​ពី​ស្តារ​ប្រជាធិបតេយ្យ​នៅភូមា៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ