អានតួអត្ថបទ

នូវែលសេឡង់៖ លោក គ្រីស ហិបគិនស៍ ​ត្រូវតែងតាំង​ជា​នាយករដ្ឋមន្ត្រី

នៅប្រទេស​នូវែលសេឡង់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ដោះស្រាយបញ្ហា​ជំងឺ​កូវីដ​១៩​ Chris Hipkins ត្រូវតែងតាំងជានាយករដ្ឋមន្ត្រី។ ការ​តែង​តែ​បេក្ខភាព​នាយករដ្ឋមន្ត្រី​ថ្មី​​នេះ គឺ​ធ្វើ​ឡើង​តែ​ ៤៨ ម៉ោងប៉ុណ្ណោះ ​ក្រោយ​ពី​អ្ន​កស្រី ​Jacinda Ardern សុំ​លា​ឈប់ពីតំណែង​​នាយករដ្ឋមន្ត្រី​ ដោយ​សារតែ «ហត់​នឿយ​ខ្សោយ​កម្លាំង» និង​«សុំ​ទុក​ពេលវេលា​មើលថែកូន»។ ​

នៅចំពោះមុខអ្នកសារព័ត៌មាន លោក គ្រីស ហិបគិនស៍ ប្រកាសថា «ខ្លួនជាមនុស្សត្រង់ និងចេះគិតគូរដល់អ្នកដទៃ»។
នៅចំពោះមុខអ្នកសារព័ត៌មាន លោក គ្រីស ហិបគិនស៍ ប្រកាសថា «ខ្លួនជាមនុស្សត្រង់ និងចេះគិតគូរដល់អ្នកដទៃ»។ © Reteurs
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ​៤៤ឆ្នាំ​ លោក គ្រីស ហិបគិនស៍​ គឺ​​​ជា​រដ្ឋមន្ត្រី​​ក្រសួង​នគរបាល និងដែលត្រូវ​គេ​ចាត់ទុកថា ជា​«មនុស្ស​រឹងមាំ»​ និង«មាន​សមត្ថភាព​»​។ ​ក្នុង​អំលុង​ពេល​ជំងឺ​រាតត្បាល​សកល គឺរូប​លោករដ្ឋមន្ត្រី​នេះ​ហើយ ដែល​​​បាន​ទទួល​បន្ទុក​ដោះស្រាយបញ្ហា​ជំងឺ​កូវីដ​១៩ ដោយប្រើវិធានការ​តឹងរឹង​បិទប្រទេស ​​ទើប​នឹង​បើក​ប្រទេសវិញ នៅខែ​សីហា​២០២២ ប៉ុណ្ណោះ​។

តាមប្រភព​ពី​មន្ត្រី​របស់បក្ស​កាន់អំណាច​ គឺ នៅរសៀល​ថ្ងៃអាទិត្យ​ លោក Chris Hipkins ត្រូវតែទទួល​ការ​​តែងតាំងជា ប្រធានគណបក្ស​ឈ្នះ​ឆ្នោត​ ជាមុន​សិន មុន​នឹង​ត្រូវ​ តែង​តាំង​ជា​បន្ទាប់ និងជា​ផ្លូវ​ការ ឲ្យ​ក្លាយ​ជា​ នាយករដ្ឋមន្ត្រី ជំនាន់​ទី​៤១ ដឹកនាំ​ប្រទេស​នូវែលសេឡង់។

លោក គ្រីស ហិបគិនស៍ ធ្លាប់​ធ្វើ​ជា​អ្នក​តំណាង​រាស្ត្រ​ ចំនួន ១៤ ឆ្នាំ និងជា​ទីប្រឹក្សាអតីត​នាយករដ្ឋមន្ត្រី​ Helen Clark ហើយ​លោកក៏​​ធ្លាប់ធ្វើ​ជា​ទីប្រឹក្សា​ផ្តល់​យោបល់​ដល់​រដ្ឋមន្ត្រី​អប់រំ ​ដល់ទៅពីររូប​ មុន​នឹង​ដល់វេន​ខ្លួន​លោកឡើង​កាន់តំណែង​​រដ្ឋមន្ត្រី​អប់រំ​ជាតិនិងសេវាសាធា​រណៈ។ ជាតំណែង​ដែល​លោក​ទទួល​បន្ទុក​កាន់​ការងារ​ បាន​ ៥ ឆ្នាំ រួច​មក លោក​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​នគរបាល។ ​នៅ​ចំពោះ​មុខ​អ្នកសារ​ព័ត៌មាន​ លោក​ប្រកាស​ថា «​ខ្លួន​ជា​មនុស្ស​ត្រង់​ និង​ចេះ​គិត​គូរដល់​អ្នក​ដទៃ»។

អ្នក​វិភាគ​នយោបាយម្នាក់នៅ​នូវែល​សេឡង់ ជំនាញខាង​សរសេរ​បទវិចារណកថា​ ក៏បាន​រៀបរាប់ដែរថា ​លោក គ្រីស ហិបគិនស៍ គឺ​ជាមនុស្សឆាប់ទទួល​អារម្មណ៍​រំភើប​ឬ​តក់ស្លុត ជាជន​គួរ​ឲ្យ​រាប់​អាន, ជាមនុស្ស​រឹង​ប៉ឹង និង​មាន​សមត្ថភាព។ ចំណែក​ឯ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ Kiri Allan ដែល​ជា​បេក្ខជន​ប្រកួត​ប្រជែង​តំណែង​នាយករដ្ឋមន្ត្រីម្នាក់​ដែរ បាន​ទទួល​ស្គាល់​សមត្ថភាពរបស់​លោក គ្រីស ហិបគិនស៍ ថាបុគ្គលនេះ​នឹងក្លាយ​ជា​ ​នាយករដ្ឋមន្ត្រីថ្មី​ដ៏​ខ្លាំង​អស្ចារ្យ។

នៅ​វិស័យ​កីឡា លោក គ្រីស ហិបគិនស៍ ប្រកាស​ប្រាប់​សាធារណជនថា ​លោក​ចូល​ចិត្ត​ជិះកង់​​​ និង​ ហែលទឹក៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ