អានតួអត្ថបទ
អឺរ៉ុប-សិទ្ធិស្រ្តី

ទិវាសិទ្ធិនារីអន្តរជាតិ៖អឺរ៉ុបអនុម័តទណ្ឌកម្មប្រឆាំងនឹងអំពើហិង្សាផ្លូវភេទ និងការរំលោភសិទ្ធិស្រ្តី

ថ្ងៃ​អង្គារ ទី៧ មីនា ពោល​មួយ​ថ្ងៃ​មុន​ទិវានារីអន្តរជាតិ ៨ មីនា សហភាពអឺរ៉ុប​បាន​អនុម័ត​ទណ្ឌកម្ម​ប្រឆាំង​បុគ្គល និង​អង្គភាព​ណា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ផ្លូវភេទ និង​ការ​រំលោភ​សិទ្ធិស្រ្តី។ នៅ​ក្នុង​ជំហាន​ដំបូង មាន ៦ប្រទេស​បាន​ជាប់​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​សហភាពអឺរ៉ុប គឺ​អាហ្វហ្កានីស្ថាន អ៊ីរ៉ង់ រុស្ស៊ី ស៊ូដង់ខាងត្បូង ស៊ីរី និង​ប្រទេស​ភូមា។ តែ​សហភាពអឺរ៉ុប​មិន​ភ្លេច​បញ្ជាក់​ពី​ការ​បន្ថែម​ប្រទេស​ផ្សេង​ទៀត​ទៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​ខ្លួន​ទេ។

លោកវ៉ូក័រ ហុកស្រ្តា រដ្ឋមន្រ្តីការបរទេសហូឡង់។
លោកវ៉ូក័រ ហុកស្រ្តា រដ្ឋមន្រ្តីការបរទេសហូឡង់។ AP - Thomas Coex
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន អ្នកដឹកនាំ​ក្នុង​រដ្ឋាភិបាល​លីបង់​ចំនួន​ពីរ​នាក់​បាន​ជាប់​ក្នុង​បញ្ជី​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បតិ្ត​ពី​សហភាព​អឺរ៉ុប គឺ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ និង​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ផ្សព្វផ្សាយ​គុណធម៌ និង​បង្ការ។ នៅ​ក្នុង​ប្រទេស​រុស្ស៊ី ទណ្ឌកម្ម​របស់​សហភាពអឺរ៉ុប​បាន​ដាក់​សំដៅ​លើ​អ្នក​ទទួល​ខុស​ត្រូវ​ប៉ូលីស​ចំនួន ២នាក់ និង​អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​យោធា​ចំនួន ២នាក់។ អ្នក​ទទួល​ខុស​ត្រូវ​ប៉ូលីស​ទាំង​ពីរ​នាក់​បាន​ជាប់​ចោទ​ពី​បទ​ចាប់​មនុស្ស​ដោយ​បំពាន និង​ការ​ធ្វើ​ទារុណកម្ម​លើ​បាតុករ​ដែល​ប្រឆាំង​សង្គ្រាម។ ចំណែក​អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​យោធា​ទាំង​ពីរ​នាក់​បាន​ជាប់​ចោទ​ក្នុង​បទ​អំពើហិង្សា​ផ្លូវភេទ និង​រំលោភ​ប្រព្រឹត្តិ​ដោយ​កូនទាហាន​របស់​ខ្លួន​នៅ​អ៊ុយក្រែន​ក្នុង​ខែ​មីនា និង​មេសា​ឆ្នាំ ២០២២។

នៅ​ស៊ូដង់ខាងត្បូង មេកងស្វាយត្រាន​គាំទ្រ​រដ្ឋាភិបាល​ចំនួន​ពីរ​នាក់​បាន​ជាប់ចោទ​ពី​បទ​ប្រើ​អំពើហិង្សា​ផ្លូវភេទ​ជាប់​ជា​ប្រចាំ​ដូច​ជា​តាក់តិក​សង្រ្គាម។ នៅ​ក្នុង​ប្រទេស​ភូមា មាន​អនុរដ្ឋមន្ត្រី​មហាផ្ទៃ និង​មជ្ឈមណ្ឌល​ឃុំឃាំង សួរចម្លើយ​ចំនួន​ពីរ​កន្លែង​បាន​ស្ថិត​ក្នុង​បញ្ជី​ទណ្ឌកម្ម​អឺរ៉ុប។ អនុរដ្ឋមន្ត្រី​មហាផ្ទៃ​បាន​ជាប់ចោទ​ពី​បទ​អនុញ្ញាត​ឱ្យ​បុគ្គលិក​សន្តិសុខ​យោធា​ក្រោម​អំណាចរបស់​ខ្លួន​ប្រើ​វិធី​ចាប់​សម្រាត​ដោយ​បង្ខំ ការ​រំលោភ ការ​ឆក់អគ្គិសនី ការ​ដុត​ប្រដាប់​ផ្លូវភេទ និង​ការ​ប្រើ​ហិង្សា​ហួសហេតុ​ទៅ​លើ​បុរស ស្រ្តី​កំពុង​ជាប់​ឃុំ និង​ក្នុង​ពេល​សួរ​ចម្លើយ ពិសេស​សមាជិក​នៃ​សមាគម​អ្នកស្រឡាញ់ភេទ​ដូច​គ្នា។

ករណី​ដាក់​ទណ្ឌកម្ម​លើ​មន្ទីរឃុំឃាំង​ក៏​មាន​នៅ​អ៊ីរ៉ង់ ពិសេស​មន្ទីរឃុំឃាំង​សម្រាប់​ស្រ្តី​ដែល​អ្នកទោស​ត្រូវ​បាន​ក្រុម​ឆ្មាំ​គុក​ចាប់​រំលោភ ឬ​គំរាម​រំលោភ​ដើម្បី​ទទួល​បាន​ចម្លើយ​សារភាព។ លោក​វ៉ូក័រ ហុកស្រ្តា រដ្ឋមន្រ្តីការបរទេស​ហូឡង់​បាន​គូសបញ្ជាក់​ថា តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​នេះ សហភាពអឺរ៉ុប​ចង់​បញ្ជូន​សារ​ទៅ​កាន់​ជនដៃ​ដល់​ផង និង​ជនរងគ្រោះ​ផង។ សារ​សម្រាប់​ជនដៃដល់​គឺ​ថា ឧក្រិដ្ឋកម្ម​របស់​ពួក​គេ​នឹង​មិន​អាច​គ្មាន​ទោស​ឡើយ ហើយ​សារ​សម្រាប់​ជន​រងគ្រោះ​គឺ​ថា សហភាពះអឺរ៉ុប​នឹង​ការពារ គាំទ្រ ទោះ​ជនរងគ្រោះ​នៅ​ទីណា​ក៏​ដោយ​ក្នុង​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ