អានតួអត្ថបទ
បារាំង-អំពើហិង្សា

បារាំង​រងការ​រិះគន់នៅអង្គការ​សហប្រជាជាតិ ​រឿង​ប៉ូលិស​រើសអើង​ពូជសាសន៍​និងប្រើ​អំពើហិង្សា

សមាជិក​អង្គការ​សហប្រជាជាតិ​ទាំង​១៩៣​ប្រទេស តែង​ជួប​ជុំ​គ្នា​​ ជា​រឿយៗ ដើម្បី​ពិនិត្យមើល​​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​នីមួយ​ហើយ​ផ្តល់​អនុសាសន៍​ឱ្យ​គ្នា។ នៅថ្ងៃ​ចន្ទ​ទី ១​ឧសភានេះ ប្រទេស​បារាំង​រង​ការ​រិះគន់​ខ្លាំង​ជាង​គេ​។ ប្រឆាំង​​អន្តោប្រវេសន៍ ធ្វើប្រតិបត្តិការ​ឆែកឆេរ​អាស្រ័យ​លើរូប​រាង​ពណ៌​សម្បុរ ប៉ូលិស​ប្រើអំពើ​ហិង្សា ... ​ទាំង​នេះ​សុទ្ធ​សឹង​ជា​ពាក្យ​រិះគន់ បារាំង ដែល​កំពុង​លាន់​ឮ​ពេញ​អង្គការ​សហប្រជាជាតិ។

ប៉ូលិស​បារាំង​បង្ក្រាបបាន​ជន​ម្នាក់ ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ចូលនិវត្តន៍ ថ្ងៃទី ២៨មីនា ២០២៣​ នៅក្រុង​ប៉ារីស
ប៉ូលិស​បារាំង​បង្ក្រាបបាន​ជន​ម្នាក់ ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ចូលនិវត្តន៍ ថ្ងៃទី ២៨មីនា ២០២៣​ នៅក្រុង​ប៉ារីស © Christophe Ena / AP
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ជា​ច្រើន រាប់​ទាំង​សហរដ្ឋ​អាមេរិក ព្រមទាំង​ទុយនីស៊ីផង បានចេញសេចក្តី​​អំពាវនាវ​ឱ្យ​បារាំងបង្កើន​ការ​​ប្រឹងប្រែង​​ប្រយុទ្ធ​ប្រឆាំង នឹង​​អំពើ​​​ឧក្រិដ្ឋ ឬ​អំពើ​ហិង្សា​​​ដោយហេតុ​តែ​ការ​​ស្អប់​ខ្ពើម​សាសនា (អ៊ីស្លាម) ប្រកាន់​ពូជសាសន៍ (ពូជ​ជ្វីហ្វ)។ កងកម្លាំង​រក្សា​សណ្តាប់​ធ្នាប់​និង​សន្តិសុខ​មិន​គួរ​ណា​ធ្វើ​ប្រតិបត្តិការ​ដោយ​រើស​មុខ​រើស​អត្តសញ្ញាណ​ទេ។ នេះ​ជា​សំដី​ថ្ងូចថ្ងូរ​របស់​ប្រេស៊ីល​និង​ជប៉ុន​។ ឯ​អាហ្វ្រិក​ខាង​ត្បូង បាន​ស្នើ​សុំ​ឱ្យ​បារាំង​ចាត់​វិធានការ​យ៉ាងណា​ធានាឱ្យ​មាន​កា​រអង្កេត​ឯករាជ្យ នៅពេល​ប៉ូលិស​មានពាក់ព័ន្ធ​នឹង​​ករណី​រើងអើង​ប្រកាន់​ពូជសាសន៍។

ក្រុម​ប្រទេស​នៅអឺរ៉ុប​ ដូចយ៉ាង​ ស៊ុយអែត ន័រវែស និង​ដាណឺម៉ាក លុច​សំបួរ ចាប់​អារម្មណ៍​ជាពិសេស​នឹង​អំពើ​ហិង្សា​ប៉ូលិស​​ក្នុង​​ប្រតិបត្តិការ​រក្សា​សណ្តាប់​ធ្នាប់ ពេល​មាន​បាតុកម្មម្តងៗ​ ដោយ​ជំរុញ​ឱ្យ​បារាំង​គិត​គូរ​មើល​នយោបាយ​រក្សាសណ្តាប់ធ្នាប់​សង្គម​ឡើង​វិញ ឬ​ត្រូវ​តែ​ដាក់​ទុក​អ្នក​ទទួល​ខុស​ត្រូវ។ នេះ​បើ​តាម​សំណើ​របស់​ម៉ាឡេស៊ី។

រុស្ស៊ី វេណេស៊ុយអេឡា និង​អ៊ីរ៉ង់ ដែល​ធ្លាប់​ត្រូវ​អង្គការ​សហប្រជាជាតិ និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​ ថ្កោលទោស​​ជា​ញឹកញយ​ពី​បទ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ ក៏​បាន​បន្ទោស​បារាំង​រឿង​ប៉ូលិស​ប្រើ​អំពើ​ហិង្សាដែរ ដោយ​យល់​ថា​បារាំង​ប្រើ​វិធានការ​តឹង​និង​ជួនហិង្សា​ក្នុង​ការ​បំបែកបាតុករសន្តិនិយម។

ពាក្យ​រិះគន់​ក៏​មាន​លាន់​ឮ​កាន់​តែ​ច្រើន​ដែរ​នៅ​ក្នុង​ប្រទេសជុំ​វិញ​ការ​ប្រើ​កម្លាំង​ហួសហេតុ​របស់​កងកម្លាំង​មាន​សមត្ថិកិច្ច​។ តំណាង​រដ្ឋាភិបាលតែង​អះអាង​ជា​និច្ច​ថា​ ការ​ប្រើ​កម្លាំង​ស្ថិត​ក្រោម​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់ចត់​បំផុត​ ឱ្យ​តែ​ខុស​នឹង​មាន​ការ​ពិន័យភ្លាម។ ប៉ុន្តែ​នៅ​ចំពោះ​មុខ​អង្គការ​សហប្រជាជាតិ ប្រតិភូ​បារាំង មិន​ឆ្លើយ​តប​ទៅ​​នឹង​ពាក្យ​រិះគន់​ទេ ​តែ​បាន​ប្រៀប​ប្រដូច ការ​រើសអើងពូជសាសន៍​និង​ការ​ស្អប់​ខ្ពើម​ពូជ​ជ្វីហ្វ ថា​ជា​ថ្នាំ​ពុល សម្រាប់​របប​សាធារណរដ្ឋ។

ក្រៅ​អំពី​រងការ​រិះគន់​ជុំ​វិញ​អំពើ​ហិង្សា​ប៉ូលិស រដ្ឋ​ជាច្រើន​ផ្សេង​ទៀត ក៏​បាន​ជំរុញ​ឱ្យ​បារាំង​គិត​គូរ​ការពារ​សិទ្ធិ​ស្ត្រី នៅ​ចំពោះ​មុខ​អំពើហិង្សា​ក្នុង​គ្រួសារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ