អានតួអត្ថបទ
វ៉ាក់សាំង-កុមារ

កម្រិតចំនួន​នៃការចាក់វ៉ាក់សាំងកុមារ បានកើនឡើងវិញ​​ក្នុងឆ្នាំ​២០២២ ក្រោយ​ចប់វិបត្តិកូវីដ​១៩

ការ​ចាក់វ៉ាក់សាំងកុមារ​ នៅទូទាំងពិភពលោក បានចាប់ផ្តើម​​​កើនឡើង ឡើងវិញហើយ។ នេះបើផ្អែកតាមតួលេខ ផ្សាយដោយ​អង្គការសុខភាពពិភពលោក នៅថ្ងៃអង្គារទី​១៨កក្កដានេះ។ បើប្រៀបធៀបទៅឆ្នាំ​២០២១ ក្នុងឆ្នាំ​២០២២កន្លងទៅ ចំនួន​កុមារដែលបានទទួល​ការចាក់វ៉ាក់សាំង បាន​កើនឡើងប្រមាណ​៤លាននាក់​។ តែយ៉ាងណា យោងតាមអ្នកជំនាញ កម្រិតកើនឡើងនៃការចាក់វ៉ាក់សាំងកុមារនេះ គឺមានគំលាយ​គ្នារវាងប្រទេសនីមួយៗ ហើយ​ក៏នៅមិនទាន់ដល់កម្រិតខ្ពស់ ស្មើនឹងពេល​​ មុន​មានវិបត្តិកូវីដ​១៩ដែរ។​

កុមារីញញឹម​មុនពេលទទួលបាន​ការចាក់វ៉ាក់សាំង ។ ក្រុង​ហារ៉ារ៉េ ប្រទេសហ្ស៊ីបាវ៉េ ថ្ងៃទី១៥ កញ្ញា ២០២២
កុមារីញញឹម​មុនពេលទទួលបាន​ការចាក់វ៉ាក់សាំង ។ ក្រុង​ហារ៉ារ៉េ ប្រទេសហ្ស៊ីបាវ៉េ ថ្ងៃទី១៥ កញ្ញា ២០២២ AP - Tsvangirayi Mukwazhi
ផ្សាយពាណិជ្ជកម្ម

លោកអគ្គលេខាធិការអង្គការសុខភាពពិភពលោក បានលើកឡើងថា តួលេខចុងក្រោយ​នេះ គួរជាទីត្រេកអរណាស់ ដែល​ការចាក់វ៉ាក់សាំងបង្ការនានា ទៅលើ​កុមារ​ បានមានសន្ទុះឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ​១៩​បានចប់​។ ឆ្នាំ​២០២១ យ៉ាងហោចណាស់ កុមារចំនួន២៤លាន៤សែននាក់ មិនបានទទួលការចាក់វ៉ាក់សាំងទេ។ តែនៅឆ្នាំ២០២២ ចំនួននេះ បានថយចុះ មកត្រឹម​២០លាន​៥សែននាក់។ មានន័យថា មានកុមារ​ចំនួន​ប្រមាណ​៤លាននាក់បន្ថែមទៀត ដែល​បានទទួលការចាក់វ៉ាក់សាំង។

លោកស្រី Kate O’Brien មន្ត្រីទទួលបន្ទុក​ផ្នែកវ៉ាក់សាំងបង្ការ នៃ​អង្គការសុខភាពពិភពលោក បាន​លើកឡើងថា តួលេខកើនឡើងនេះ គឺជាដំណឹងល្អ និង​ជំរុញទឹកចិត្ត​ឲ្យ​ប្រឹងប្រែងបន្ថែមទៀត នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកុមារ​។ តែយ៉ាងណា លោកស្រីទទួលស្គាល់ថា វានៅតែមាន​កម្រិត​ទាបជាងកម្រិតមុនមានវិបត្តិកូវីដ​១៩ ពោលគឺកាលពីមុនមានកូវីដ​១៩ ជាមធ្យម​មានកុមារ​ប្រមាណ​១៨លាន​៤សែននាក់ ដែល​មិន​បានទទួលការចាក់វ៉ាក់សាំង។

ជាងនេះទៀត ការស្ទុះឡើងវិញនៃការចាក់វ៉ាក់សាំងកុមារនេះ គឺមានភាពមិនស្មើគ្នាទេ នៅទូទាំងពិភពលោក។ លោកស្រីបញ្ជាក់ថា យោងតាមតួលេខ ប្រទេសអ្នកមានជាទូទៅ បានស្ទុះឡើងលឿនជាង​ប្រទេសក្រីក្រ នៅក្នុងការត្រលប់ទៅ​អនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកុមារវិញ បន្ទាប់ពីចប់​វិបត្តិកូវីដ​១៩​។ ដោយឡែក ប្រទេស​កំពុងអភិវឌ្ឍន៍ខ្លះ ដែលមាន​ផ្ទៃដី​ធំ និង​ប្រជាជនច្រើន តួយ៉ាង ដូចជាឥណ្ឌា និង​ឥណ្ឌូណេស៊ី ជាដើម ក៏បានចាប់ផ្តើម​ចាក់វ៉ាក់សាំងកុមារបានច្រើនឡើងវិញ​ដែរ ក្នុងឆ្នាំ​២០២២កន្លងទៅ។ ចំណុចវិជ្ជមាននេះ គឺដោយសារ​ រដ្ឋាភិបាល​ប្រទេសទាំងនេះ មាន​យន្តការ និង​​គោលនយោបាយ​ជាអាចិន្ត្រៃយ៍ ក្នុង​ការចាក់វ៉ាក់សាំងកុមារ តាំងតែពីមុន​មានវិបត្តិកូវីដ​១៩ម្លេះ តួយ៉ាង​ដូចជា​បង់​ក្លាដែស ណេប៉ាល់ និង​កេនយ៉ា ជាដើម។

ដោយឡែក លោកស្រី Kate O’Brien បានថ្លែងការបារម្ភថា មានចំណុចមួយដែលធ្វើឲ្យ​នៅតែភ័យព្រួយ គឺកម្រិត​ចំនួន​ចាក់វ៉ាក់សាំង​ជម្ងឺកញ្ជ្រិល ដែលហាក់ដូចជាមិនស្ទុះឡើងទាល់តែសោះ។ ជម្ងឺកញ្ជ្រិលគឺជាជម្ងឺឆ្លង ដ៏គ្រោះថ្នាក់បំផុត​សម្រាប់កុមារ។ ឆ្នាំ​២០១៩ កម្រិតចាក់វ៉ាក់សាំង​ជម្ងឺកញ្ជ្រិល មានចំនួន​៨៦% តែឆ្នាំ២០២១ បានធ្លាក់មកនៅ​​៨១% ហើយ​បានឡើងបន្តិចបណ្ណោះ នៅឆ្នាំ​២០២២ មកត្រឹម​៨៣%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ