អានតួអត្ថបទ
ស្លូវ៉ាគី-អឺរ៉ុប

ស្លូវ៉ាគី៖ គណបក្សមានទំនោរគាំទ្ររុស្ស៊ី ឈ្នះឆ្នោត ឈានទៅបង្កើតរដ្ឋាភិបាលចម្រុះ

ថ្ងៃចន្ទទី​២តុលា បណ្តាសារព័ត៌មានអឺរ៉ុប​បានចុះផ្សាយ​ព្រោងព្រាត ដោយ​បង្ហាញការព្រួយបារម្ភទាក់ទិនប្រទេសស្លូវ៉ាគី ដែលអាចនឹងធ្លាក់ចូលទៅក្នុងដៃគ្រប់គ្រងអំណាច របស់​ក្រុមស្តាំនិយមជ្រុល ដែលមានទំនោរ​​គាំទ្ររុស្ស៊ី ហើយ​ប្រឆាំងនឹងអឺរ៉ុប។ យោងតាម​លទ្ធផល​បណ្តោះអាសន្ន នៃការបោះឆ្នោតសភាមុនអាណត្តិ កាលពីថ្ងៃអាទិត្យទី១តុលា គឺគណបក្ស​ស្តាំនិយមជ្រុល​របស់​លោក Robert Fico បានទទួលសំឡេងឆ្នោតនាំមុខគេ ប្រមាណ​២៣% ខណៈគណបក្ស​កណ្តាលសេរីនិយមស្លូវ៉ាគី​ បានទទួលត្រឹម​១៨%។​

ប្រធានគណបក្ស Smer-Social Democracy party លោក Robert Fico (កណ្តាល​) ធ្វើសុន្ទរកថា ក្រោយ​ដឹងលទ្ធផល​ឆ្នោតថាបានឈ្នះនាំមុខ។ ទីក្រុងប្រាទីស្លាវ៉ា ថ្ងៃអាទិត្យ ទិ​១តុលា ២០២៣
ប្រធានគណបក្ស Smer-Social Democracy party លោក Robert Fico (កណ្តាល​) ធ្វើសុន្ទរកថា ក្រោយ​ដឹងលទ្ធផល​ឆ្នោតថាបានឈ្នះនាំមុខ។ ទីក្រុងប្រាទីស្លាវ៉ា ថ្ងៃអាទិត្យ ទិ​១តុលា ២០២៣ AP - Darko Bandic
ផ្សាយពាណិជ្ជកម្ម

យោងតាមលទ្ធផល​នេះ គណបក្ស Smer-SD របស់​លោក Robert Fico ដែលគេស្គាល់ថាជាអ្នកគោរពស្រឡាញ់លោកពូទីន​នោះ បាន​ទទួលអា​សនៈចំនួន ៤២ ក្នុងចំណោម​១៥០​នៃសភា​ជាតិ​ស្លូវ៉ាគី ខណៈបក្សកណ្តាលសេរីនិយម ទំនោរទៅខាងអឺរ៉ុបបានទទួល៣​២អាសនៈ​។ លោកស្រី Suzana Caputova ប្រធានាធិបតីស្លូវ៉ាគី បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យថា លោកស្រីនឹង​ប្រគល់តួនាទី​ជូន​លោក Robert Fico ដើម្បី​រៀបចំ បង្កើត​រដ្ឋាភិបាលចម្រុះ​ ដោយគោរពទៅតាមរដ្ឋធម្មនុញ្ញ។​

សូមបញ្ជាក់ថា លោក Robert Fico មានអាយុ៥៩ឆ្នាំ ធ្លាប់ជាអតីតនាយករដ្ឋមន្ត្រីស្លូវ៉ាគី គឺជាអ្នកនយោបាយ​មាត់ឆៅរិះគន់អឺរ៉ុបមិនសំចៃមាត់។ ក្រៅពីមានទំនោរ​គាំទ្រលោកពូទីន និងរុស្ស៊ី លោកម្នាក់នេះ ធ្លាប់បាន​ប្រកាសថា នៅពេលលោក​ត្រលប់មកកាន់អំណាចវិញ លោក​នឹងបញ្ឈប់​​​មិន​ឲ្យ​ស្លូវ៉ាគី បញ្ជូន​គ្រាប់​កាំភ្លើងទៅជួយអ៊ុយក្រែន​​ សូម្បីតែមួយគ្រាប់​​​។ លោក​ Robert Fico អះអាងថា ស្លូវ៉ាគីមាន​បញ្ហាធំៗផ្សេងទៀត ដែល​ត្រូវដោះស្រាយ​ សំខាន់ជាងរឿងសង្គ្រាមនៅអ៊ុយក្រែន​។

គួរបញ្ជាក់ថា ផ្អែកតាមការវិភាគ​ជាច្រើន បាន​ឲ្យដឹងថា រដ្ឋាភិបាលថ្មីដែលនឹងដឹកនាំដោយ លោក Robert Fico នឹងធ្វើឲ្យ​ប្រែប្រួលទាំងស្រុង ដល់​គោលនយោបាយ​ការបរទេសរបស់ស្លូវ៉ាគី។ ពោលគឺស្លូវ៉ាគី អាចដឹងឈានក្លាយដូចហុងគ្រី ដែល​មានជំហរប្រឆាំងនឹង​សមាហរណ្ណកម្មរួម​ក្នុងសហភាពអឺរ៉ុប។ ការសម្រេចនានាក្នុងក្របខណ្ឌអឺរ៉ុប ដែលត្រូវការ​សំឡេង​ជាឯកច្ឆ័ន្ទ តួយ៉ាងនៅក្នុងផែនការជួយ​ទំនុកបំរុងអ៊ុយក្រែន​ជាដើមនោះ​ គឺ​នឹងត្រូវរាំងស្ទះជាក់ជាមិនខាន ដោយសារតែគោលជំហររឹងរូសរបស់រដ្ឋាភិបាលថ្មីស្លូវ៉ាគី​ ​។

យ៉ាងណាក៏ដោយ នៅថ្ងៃចន្ទ ទី២តុលា លោក​ ឌីមីទ្រី​ គូឡេបា ប្រមុខការទូតអ៊ុយក្រែន​​ បាន​លើកឡើងថា អ៊ុយក្រែន​​គោរព​ការសម្រេចចិត្ត​របស់​ប្រជាជនស្លូវ៉ាគី ដែលបានសំដែងមតិ​តាមសន្លឹកឆ្នោត ជ្រើសរើសគណបក្ស​ស្តាំនិយមជ្រុលរបស់​លោក Robert Fico។ តែយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីការបរទសអ៊ុយក្រែន បាន​បញ្ជាក់ថា សម្រាប់ពេលនេះ គេត្រូវរងចាំមើល​សមាសភាពជាក់ស្តែង នៃរដ្ឋាភិបាលចម្រុះស្លូវ៉ាគីជាមុនសិន​​ ដើម្បីអាចប៉ាន់ស្មានបាន ថាវាជះឥទ្ធិពលអាក្រក់កម្រិតណា មកលើអ៊ុយក្រែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ