អានតួអត្ថបទ
សុខភាព-ជំងឺកុមារ

OMS/WHO សម្រេច​អនុញ្ញាត វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់​ មួយប្រភេទទៀតសម្រាប់​កុមារ

អង្គការសុខភាពពិភពលោក ទើបតែបាន​សម្រេចអនុញ្ញាត ឲ្យ​ផលិត​លក់និងចែកចាយ វ៉ាក់សាំងបង្ការមួយប្រភេទទៀត ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ សម្រាប់ចាក់ទៅលើកុមារ។ វ៉ាក់សាំងប្រភេទថ្មីនេះ មានឈ្មោះថា R21/Matrix-M ដែលត្រូវបានក្រុមអ្នកជំនាញ​ឱសថនៃ​អង្គការសុខភាពពិភពលោក ទទួលស្គាល់ថា មាន​ប្រសិទ្ធភាពខ្ពស់ និងគួរឲ្យទុកចិត្ត​បំផុត​។

កុមារម៉ាឡាវី កំពុងទទួលថ្នាំបង្ការជំងឺគ្រុនចាញ់ នៅក្នុង​ដំណាក់​ការសាកល្បងរបស់អង្គការសុខភាពពិភពលោក​ ។ ម៉ាឡាវី ថ្ងៃទី​១១ ធ្នូ ២០១៩​
កុមារម៉ាឡាវី កំពុងទទួលថ្នាំបង្ការជំងឺគ្រុនចាញ់ នៅក្នុង​ដំណាក់​ការសាកល្បងរបស់អង្គការសុខភាពពិភពលោក​ ។ ម៉ាឡាវី ថ្ងៃទី​១១ ធ្នូ ២០១៩​ AP - Jerome Delay
ផ្សាយពាណិជ្ជកម្ម

លោកប្រធានអង្គការសុខភាពពិភពលោក​ បានថ្លែងទៅកាន់​អ្នកកាសែតថា ក្នុងនាម​លោក​ជាអ្នក​ស្រាវជ្រាវម្នាក់ជំនាញ​ជំងឺគ្រុនចាញ់ លោក​ធ្លាប់សុបិនជាយូរមកហើយ ចង់​បាន​នូវ​ថ្នាំ​វ៉ាក់សាំង​បង្ការ​មួយ ដែល​​មាន​ប្រសិទ្ធភាព​និងគួរជាទីទុកចិត្ត ដើម្បីជួយស្រោចស្រង់ជីវិតកុមារ​។​ ឥឡូវពេលនេះ សុបិនក្លាយជាការពិតហើយ ហើយ​មិនមែនវ៉ាក់សាំងតែ​មួយទេ គឺមានដល់ទៅ​២។

ផ្អែកតាម​ក្រុមជំនាញ​ផ្នែក​វ៉ាក់សាំង និង​ក្រុម​ប្រឹក្សា​គោលនយោបាយ​ប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់​ នៃអង្គការសុខភាពពិភពលោក គឺ​គេផ្តល់អនុសាសាន៍​ឲ្យ​ចាក់វ៉ាក់សាំង​ប្រភេទទី២នេះ ទៅលើកុមារ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ប្រឈមនឹង​ការឆ្លងជំងឺគ្រុនចាញ់​។ លោកស្រីវេជ្ជបណ្ឌិត​ Kate O’Brien ប្រធាន​ផ្នែក​វ៉ាក់សាំងនៃអង្គការសុខភាពពិភពលោក បញ្ជាក់ថា អ្នកជំនាញមួយក្រុមទៀត កំពុងតែធ្វើការ​វាយតម្លៃ​ លើ​ដំណើរការ​ផលិត​ និង​បទដ្ឋាន​ស្តង់ដារ នៃវ៉ាក់សាំងថ្មីនេះ​។ នៅពេលរួចរាល់ហើយ អង្គការ​Unicef និង​ សម្ព័ន្ធភាព​វ៉ាក់សាំង (GAVI) អាចនឹងចាប់ផ្តើម​ប្រើប្រាស់វ៉ាក់សាំងនេះទៅលើកុមារ។ ចំណែក​​ការផលិត​វ៉ាក់សាំង នឹងត្រូវប្រគល់ទៅឲ្យ Serum Institute of India។ យ៉ាងណាមិញ អាជ្ញាធរ​សុខាភិបាល​​ហ្កាណា នីហ្សេរីយ៉ា និងបួគីណាហ្វាសូ បាន​អនុញ្ញាត​ប្រើប្រាស់វ៉ាក់សាំងថ្មីនេះ​រួចរាល់ហើយ​

សូម​បញ្ជាក់ដែរថា កាលពីឆ្នាំ​២០២១ អង្គការសុខភាពពិភពលោក​បាន​ផ្តល់ការអនុញ្ញាត វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់លើកដំបូងគេបង្អស់ ឈ្មោះ RTS.S ដែល​ផលិត​ដោយ​សហគ្រាសអង់គ្លេស GSK។ ចាប់ពីឆ្នាំ​២០១៩មក គេបានចាក់វ៉ាក់សាំង RTS.S ចំនួន១លាន​៧សែនដូស នៅប្រទេស៣នៅអាហ្វ្រិក គឺហ្កាណា កេនយ៉ា និង​ម៉ាឡាវី​។​

ផ្អែក​តាម​អ្នកជំនាញ វ៉ាក់សាំងទាំង២នេះ មានប្រសិទ្ធភាព​ប្រហាក់​ប្រហែលគ្នា ពោលគឺខ្ទង់ ៧៥% ប្រសិនបើគេប្រើ​ប្រាស់វា​ក្នុងលក្ខខណ្ឌដូចគ្នា​។ វ៉ាក់សាំងប្រភេទថ្មី មាន​តម្លៃប្រមាណ ២ ទៅ​ ៤ដុល្លារ ក្នុងមួយដូស។ អង្គការ​សុខភាពពិភពលោក​ បានថ្លែងអបអរចំពោះការបោះជំហានទៅមុខ​គួរជាទីត្រេកអរ នៅក្នុងវិស័យនេះ ដោយគេរំពឹងថា ពីនេះដល់ឆ្នាំ​២០៣០ គេនឹង​អាចចាក់​វ៉ាក់សាំង​ប្រឆាំងជំងឺ​គ្រុនចាញ់ ឲ្យ​បាន​១០០លានដូសក្នុងមួយឆ្នាំ​។

រូបថតដោយ the U.S. Centers for Disease Control and Prevention បង្ហាញ​ឲ្យឃើញ​សត្វមូសញី ពូជ​ Anopheles gambiae mosquito ដែលកំពុងបឺតឈាម ។ សត្វមូលប្រភេទនេះ គឺជា​ភ្នាក់ងារចម្លង​ជំងឺ​គ្រុនចាញ់​។
រូបថតដោយ the U.S. Centers for Disease Control and Prevention បង្ហាញ​ឲ្យឃើញ​សត្វមូសញី ពូជ​ Anopheles gambiae mosquito ដែលកំពុងបឺតឈាម ។ សត្វមូលប្រភេទនេះ គឺជា​ភ្នាក់ងារចម្លង​ជំងឺ​គ្រុនចាញ់​។ AP - James Gathany

គួរបញ្ជាក់ថា ជំងឺគ្រុនចាញ់​ជាជំងឺដ៏ចំណាស់មួយ ចម្លងដោយសត្វមូស ដែលអាចបង្កឲ្យ​មានអាការក្តៅខ្លួនខ្លាំង ឈឺក្បាល និង​រងារស្រៀវស្រាញ​ អាចឈានទៅ​ដល់ករណីស្លាប់ ប្រសិនបើគ្មានការព្យាបាល​ទាន់ពេលវេលា។ ក្នុងឆ្នាំ​២០២១ ជំងឺគ្រុនចាញ់ បានផ្តាច់ជីវិតមនុស្ស​ យ៉ាងហោច ៦១៩០០០នាក់ នៅទូទាំងពិភពលោក​។ បើគិតពី​ឆ្នាំ​២០០០មក គឺចំនួន​មនុស្សស្លាប់ដោយ​ជំងឺគ្រុនចាញ់​បាន​ចុះថយពាក់​កណ្តាល។ តែយ៉ាងណា កុមារនៅអាហ្វ្រិក នៅតែ​ប្រឈមខ្លាំងជាង​គេដោយ​សារជំងឺឆ្លងនេះ​។ ផ្អែកតាម​លោកស្រីសាស្ត្រាចារ្យ Megan Greichar នៅសកលវិទ្យាល័យ​Cornell សហរដ្ឋអាមេរិក គឺគេមិនអាច​ប្រយុទ្ធយកឈ្នះ​ជំងឺគ្រុនចាញ់​បានដោយ​ងាយ​ទេ ព្រោះថាមេរោគនេះ​​ ​បានបំប្លែងខ្លួនជាប្រចាំ ធ្វើឲ្យថ្នាំព្យាបាល ឬវ៉ាក់សាំង មិនសូវមានប្រសិទ្ធភាព​។

ដោយឡែក ក្រៅពីវ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ប្រភេទថ្មីនេះ អង្គការសុខភាពពិភពលោក ក៏បាន​ទើបតែបាន​បើកភ្លើង​​ខៀវ អនុញ្ញាតវ៉ាក់សាំងមួយប្រភេទទៀត បង្ការជំងឺគ្រុនឈាម ឈ្មោះ Qdenga សម្រាប់​អាយុ ពី​៦ទៅ១៦ឆ្នាំ និង​វ៉ាក់សាំងបង្ការជំងឺរលាកស្រោមខួរក្បាល ឈ្មោះMen5CV  ដែលមានតួនាទី ទៅសម្លាប់បាក់តេរីទាំង​៥មុខ​ ដែលជាអ្នក​​បង្កឲ្យ​មានជំងឺរលាកស្រោមខួរក្បាល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ