អានតួអត្ថបទ

ក្រោយការចាក់សម្លាប់គ្រូបង្រៀនម្នាក់ បារាំងប្រកាសអាសន្នភេរវកម្ម

នៅ​ក្នុង​ប្រទេស​បារាំង រដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ភេរវកម្ម​ចាប់​ពី​ថ្ងៃ​សៅរ៍ ទី១៤ តុលា។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​យុវជន​ម្នាក់​បាន​ប្រើ​កាំបិត​ចាក់​សម្លាប់​គ្រូបង្រៀន​ម្នាក់​នៅ​ក្នុង​វិទ្យាល័យ​មួយ​នៃ​ខេត្ត Arras ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស​នា​ព្រឹក​ថ្ងៃ​សុក្រ ទី១៣ តុលា។ ប្រធានាធិបតី​លោក​ម៉ាក្រុង​ដែល​អម​ដំណើរ​ដោយ​រដ្ឋមន្រ្តី​មហាផ្ទៃ និង​អប់រំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​កើត​ហេតុ និង​បាន​ចាត់​ទុក​ទង្វើ​សម្លាប់​គ្រូបង្រៀន​ជា​អំពើ​ភេរវកម្ម​អ៊ីស្លាមជ្រុលនិយម។

ក្រោយការចាក់សម្លាប់គ្រូបង្រៀនម្នាក់ បារាំងប្រកាសអាសន្នភេរវកម្ម។
ក្រោយការចាក់សម្លាប់គ្រូបង្រៀនម្នាក់ បារាំងប្រកាសអាសន្នភេរវកម្ម។ REUTERS - PASCAL ROSSIGNOL
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ភេរវកម្ម រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​កម្លាំង​ទាហាន​រហូត​ដល់ ៧ ០០០នាក់​នៅ​ទូទាំង​ប្រទេស នេះ​ជា​ការ​ប្រកាស​របស់​វិមាន​ប្រធានាធិបតី​អេលីហ្សេ​ក្នុង​ថ្ងៃ​សៅរ៍ ទី១៤ តុលា។ តាម​វិមាន​អេលីហ្សេ ការ​ដាក់​ពង្រាយ​កម្លាំង​ទាហាន​នេះ​នឹង​ចាប់​ផ្តើម​ពី​ពេល​នេះ​រហូត​ដល់​យប់​ថ្ងៃ​ចន្ទ ទី១៦ តុលា និង​រហូត​ដល់​មាន​ការ​ចេញ​សេចក្តី​ជូនដំណឹង​ថ្មី។ គួរ​បញ្ជាក់​ថា កម្លាំង​ទាហាន ឬ​ហៅ​កម្លាំង​សង់ទីនែល​នេះ​ជា​កម្លាំង​ប្រឆាំង​ភេរវនិយម​ដែល​បារាំង​តែង​ដាក់​ពង្រាយ​នៅ​ពេល​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​ភេរវកម្ម។

ការ​ពង្រាយ​កម្លាំង​សង់ទីនែល​ជា​ថ្មី​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​យុវជន​ម្នាក់​បាន​ប្រើ​កាំបិត​ចាក់​សម្លាប់​គ្រូបង្រៀន​ម្នាក់​ឈ្មោះ Dominique Bernard និង​ធ្វើ​ឲ្យ​របួស ២នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​គ្រូបង្រៀន និង​ម្នាក់​ទៀត​ជា​ភ្នាក់ងារ​សន្តិសុខ​ក្នុង​ថ្ងៃ​សុក្រ ទី១៣ តុលា។ មាន​អាយុ ៥៧ឆ្នាំ លោក Dominique Bernard ជា​គ្រូបង្រៀន​ភាសា​បារាំង​នៅ​វិទ្យាល័យ Gambetta-Carnot ក្នុង​ខេត្ត Arras ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស។ ចំណែក​ខ្មាន់កាំបិត​ជា​យុវជន​ឈ្មោះ Mohammed Mogouchkov កើត​ក្នុង ២០០៣ នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ឃាតករ​រូប​នេះ​បាន​មក​រស់នៅ​ក្នុង​ប្រទេស​បារាំង​ជាមួយ​គ្រួសារ​ចាប់​តាំង​ពី​ឆ្នាំ ២០០៨។

មួយ​វិញ​ទៀត វិទ្យាល័យ​ដែល Mohammed Mogouchkov បាន​ចូល​ចាក់​គ្រូបង្រៀន​ជា​វិទ្យាល័យ​ដែល​រូប​គេ​ធ្លាប់​បាន​រៀនសូត្រ។ កំណត់សម្គាល់​មួយ​ទៀត ឈ្មោះ​ជន Mohammed Mogouchkov មាន​នៅ​ក្នុង​បញ្ជី​ប៉ូលិស​ជា​ជនអ៊ីស្លាមជ្រុលនិយម​ដែល​ស្ថិត​ក្រោម​ការ​តាមដាន និង​ឃ្លាំមើល​របស់​ស្ថាប័ន​ស៊ើបការសម្ងាត់។ ប្រធានាធិបតី​លោក​ម៉ាក្រុង​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​កើតហេតុ​ក្នុង​ថ្ងៃ​សុក្រ ទី១៣ តុលា​បាន​ចាត់​ទុក​ទង្វើ​សម្លាប់​គ្រូបង្រៀន​ជា​អំពើ​ភេរវកម្ម​អ៊ីស្លាមជ្រុលនិយម។ ចំណែក​រដ្ឋមន្រ្តី​មហាផ្ទៃ​លោក Gérald Darmanin បាន​គូសបញ្ជាក់​ថា ទង្វើ​របស់ Mohammed Mogouchkov អាច​មាន​ជាប់​ទាក់ទង​នឹង​អ្វី​ដែល​កំពុង​កើត​មាន​នៅ​មជ្ឈិបូព៌ា។

ចំណែក​រដ្ឋមន្រ្តី​អប់រំ​លោក Gabriel Attal បាន​ប្រកាស​ពី​ការ​ដាក់​ពង្រាយ​បុគ្គលិក​សន្តិសុខ​ចំនួន ១ ០០០នាក់​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ទាំង​អស់ និង​បញ្ជាក់​ថា គ្រឹះស្ថានអប់រំ​ទាំង ៥០០កន្លែង​នៅ​ទូទាំង​ប្រទេស​បើក​ទ្វារ​ក្នុង​ថ្ងៃ​សៅរ៍ ទី១៤ តុលា។ តាម​លោក Attal ពិធី​ជួបជុំ និង​គោរព​វិញ្ញាណក្ខន្ទ​នឹង​រៀបចំ​នៅ​ថ្ងៃ​ចន្ទ ទី១៦ តុលា។ គួរ​រម្លឹក​ថា​ការ​ពី ៣ឆ្នាំ​មុន ពោល​ក្នុង​ថ្ងៃទី១៦ តុលា ២០២០ មាន​គ្រូបង្រៀន​ប្រវត្តិសាស្រ្ត​ម្នាក់​ឈ្មោះ Samuel Paty វ័យ ៤៧ឆ្នាំ​ត្រូវ​បាន​ជនអ៊ីស្លាមជ្រុលនិយម​ឈ្មោះ Abdoullakh Anzorov វ័យ ១៨ឆ្នាំ​សម្លាប់​ដោយ​កាត់ក្បាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ