អានតួអត្ថបទ
បារាំង-ភេរវកម្ម

ការគំរាមកំហែងភេរវកម្ម៖ អាជ្ញាធរបារាំងសន្យាចាប់​មនុស្ស ដែលផ្ញើសារកុហកថាមានភេរវកម្មដាក់​​គ្រាប់បែក

ប៉ុន្មានថ្ងៃចុងក្រោយ​នេះ នៅបារាំង អាជ្ញាធរបាន​រឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ដោយខ្លាចក្រែងមានការវាយ​ប្រហារភេរវកម្ម​។ ទន្ទឹមគ្នានេះ មានការ​ផ្ញើសារ​បោកប្រាស់កុហកជាញឹកញាប់​ ពីជនអនាមិក ថាមាន​ការដាក់​គ្រាប់​បែកធ្វើភេរវកម្ម​ នៅតាម​ទីតាំង​មហាជន​នានា ជាក់ស្តែងដូចជានៅសារមន្ទីរ និងនៅព្រលានយន្តហោះជាដើម។ រដ្ឋាភិបាល​បារាំង បាន​សន្យាថានឹងចាប់ជនអគតិ​ម្ចាស់សារកុហកទាំងនោះ មកទទួលទោសដោយ​មិនបន្ធូរដៃឡើយ​។

សមត្ថកិច្ចបារាំង ឈរយាមនៅខាងមុខច្រកចូលព្រះបរមរាជវាំង​ Versailles បន្ទាប់ពីមានការប្រកាសអាសន្នថាមាន​ការប៉ុនប៉ងធ្វើភេរវកម្ម​។ Versailles ថ្ងៃទី ១៧តុលា ២០២៣
សមត្ថកិច្ចបារាំង ឈរយាមនៅខាងមុខច្រកចូលព្រះបរមរាជវាំង​ Versailles បន្ទាប់ពីមានការប្រកាសអាសន្នថាមាន​ការប៉ុនប៉ងធ្វើភេរវកម្ម​។ Versailles ថ្ងៃទី ១៧តុលា ២០២៣ REUTERS - CLOTAIRE ACHI
ផ្សាយពាណិជ្ជកម្ម

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំង បាន​ឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រទី២០តុលា សមត្ថកិច្ចបានបើក​ការស៊ើបអង្កេតចំនួន​២២ករណី ទាក់ទិននឹងការផ្ញើសារកុហកថាមានការដាក់គ្រាប់បែក ធ្វើភេរវកម្ម​ បង្កឲ្យ​ផ្អើលឈូឆរ។ លោកបាន​លើកឡើងថា ជនដែលជាអ្នក​បានផ្ញើសារកុហកទាំងអស់នេះ គឺជាមនុស្សដែលលេងសើចដោយគ្មានការទទួលខុសត្រូវ។ ការលេងសើចនេះ​ ធ្វើ​ឲ្យ​សង្គមមានបរិយាកាសភ័យចលាចល ហើយជាងនេះទៀត ធ្វើឲ្យរាំងស្ទះដល់​ដំណើរការការងារ ​របស់សេវាដឹកជញ្ជូនសាធារណៈ មិនថានៅ​ស្ថានីយ៍រថភ្លើង នៅព្រលានយន្តហោះ ព្រោះសមត្ថកិច្ចត្រូវ​​បិទខ្ទប់ជម្លៀសមនុស្សចេញដើម្បីការពារសុវត្ថិភាព មុននឹងដឹងការពិតថាវាជាការលេងសើច​។​

ដូចគ្នាដែរ លោករដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​បារាំង បាន​លើកឡើង កាលពីល្ងាចថ្ងៃសុក្រថា អាជ្ញាធរនឹងមិន​លេងសើច​ជាមួយ​ក្រុម​មនុស្សអគតិ ដែល​បានផ្ញើសារកុហកបោកប្រាស់ ថាមានការដាក់គ្រាប់បែកធ្វើភេរវកម្មទាំងនោះឡើយ​។ លោកអះអាងថា ម្ចាស់សារកុហកទាំងនោះ អាចប្រឈមនឹងទោសព្រហ្មទណ្ឌ ជាប់ពន្ធនាគារពី​ ២ទៅ​៣ឆ្នាំ ព្រមជាមួយទោសពិន័យជាប្រាក់ច្រើនម៉ឺនអឺរ៉ូថែមទៀត។

សូមបញ្ជាក់ ករណី​ប្រកាសអាសន្ន​ភេរវកម្មបានកើតឡើងជាច្រើនលើកច្រើនសារ ប៉ុន្មានថ្ងៃមកនេះ នៅតាមទីតាំង​ទេសចរណ៍ធំៗរបស់បារាំង ជាក់ស្តែងនៅព្រះបរមរាជវាំង Versailles និងនៅសារមន្ទីរ Louvre កណ្តាលក្រុងប៉ារីសជាដើម​។​ អាជ្ញាធរបានជម្លៀសមនុស្សចេញយ៉ាងតក់ក្រហល់ស្លន់ស្លោ មុននឹងដឹង​ថាជាដំណឹងបាន​មកពីការផ្តល់ព៏ត៌មាន​កុហកបោកប្រាស់ពីជនអនាមិក។​ ក្រៅពីទីតាំងទេសចរណ៍ ព្រលានយន្តហោះចំនួន​យ៉ាងហោច ១៨ នៅបារាំង ព្រមទាំងស្ថានីយ៍រថភ្លើងជាច្រើនផ្សេងទៀត ដែលបានរងគ្រោះដូចគ្នានេះ ធ្វើឲ្យរអាក់រអួលកកស្ទះដល់ការធ្វើដំណើររបស់មនុស្សរាប់ម៉ឺននាក់​។​

គួរបញ្ជាក់ដែរថា បរិយាកាសភ័យបារម្ភរឿងភេរវកម្មនៅបារាំងនេះ គឺបាន​កើតឡើងបន្ទាប់ពីមានករណី​ ជនជីហាតអ៊ីស្លាម​ម្នាក់ បានចូលទៅក្នុងវិទ្យាល័យមួយនៅក្រុង Arras ភាគខាងជើងប្រទេសបារាំង ហើយបានយកកាំបិតចាក់សម្លាប់​គ្រូបង្រៀន​ម្នាក់ និងធ្វើ​ឲ្យរបួសមនុស្ស​៣នាក់ទៀត កាលពីថ្ងៃទី​១៣តុលា​។ ការភ័យបារម្ភអំពីការវាយប្រហារភេរវកម្មនេះ គឺស្ថិតនៅក្នុងបរិបទដែលសង្គ្រាម​រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនបានផ្ទុះឡើង ប្រមាណសប្តាហ៍​មកនេះ​ ហើយដែលសមត្ថកិច្ចបារាំងបារម្ភថាជនជីហាតអ៊ីស្លាម អាចនឹងឆក់ឱកាស ចេញធ្វើសកម្មភាព​សម្លាប់​មនុស្ស​លើទឹកដីបារាំង ក្នុងអំឡុងពេលនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ