អានតួអត្ថបទ

នៅប៉ារីស ភេរវកម្ម​វាយប្រហារ​ដោយ​កាំបិត​ ស្លាប់​មនុស្ស​ម្នាក់ របួស​ពីរនាក់

នៅប្រទេស​បារាំង មាន​​ភេរវកម្ម​វាយប្រហារ​ដោយ​កាំបិត​ ​បណ្តាល​ឲ្យ​​មនុស្ស​ម្នាក់​ស្លាប់ ហើយ​ពីរនាក់ទៀត​​រងរបួស​ នា​យប់​ថ្ងៃ​​សៅរ៍ ទី​២ធ្នូ ។ ហេតុការ​ណ៍នេះ ​​កើត​ឡើង​នៅ​ម៉ោង​ប្រហែល​ ៩ យប់ នៅកណ្តាល​​រដ្ឋធានី​ប៉ារីស។ នគរបាលស៊ើបអង្កេត​​បារាំង បាន​ប្រាប់សារព័ត៌មាន​ក្នុងស្រុក​​ថា ភេរវជនម្នាក់​ដែល​ចាប់ខ្លួន​បាននោះ គឺ ជា​មនុស្ស​មាន​បញ្ហា​ផ្លូវចិត្ត និង​ឈ្លក់​ងប់​ងុល​នឹង​សាសនាអ៊ីស្លាម​ជ្រុល​និយម។

នៅប៉ារីស ​ភេរវកម្ម​វាយប្រហារ​ដោយ​កាំបិត​ ស្លាប់​មនុស្ស​ម្នាក់ របួស​ពីរនាក់​ នៅយប់​ថ្ងៃទី​២ធ្នូ។​
នៅប៉ារីស ​ភេរវកម្ម​វាយប្រហារ​ដោយ​កាំបិត​ ស្លាប់​មនុស្ស​ម្នាក់ របួស​ពីរនាក់​ នៅយប់​ថ្ងៃទី​២ធ្នូ។​ REUTERS - STEPHANIE LECOCQ
ផ្សាយពាណិជ្ជកម្ម

​​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ​ពី​រមណីយដ្ឋាន​ទេសចរណ៍ Tour Eiffel  អ្នក​ទេស​ចរម្នាក់ ​ ត្រូវ​ស្លាប់​ដោយសារតែ​ភេរវជន​ចាក់​នឹង​កាំបិត​​។ ជន​រងគ្រោះ ជាយុវជន​ វ័យ ២៣ ឆ្នាំ  មាន​សញ្ជាតិ​ពីរ អាល្លឺម៉ង់ ហ្វីលីពីន។ រូប​គេ​មកប៉ារីស​ ក្នុង​បំណង​ដើរ​លេង​ជាមួយ​សង្សារ ​តែ​ត្រូវ​បាត់​បង់​ជីវិត នៅ​ចំពោះ​មុខ​គូស្នេហ៍​ទៅវិញ​។

បើតាម​ប្រភព​ពី​ប៉ូលិស​ស៊ើប​អង្កេត​បារាំង គឺ បុរស​ភេរវជន Armand Rajabpour-Miyandoab ជាមនុស្ស​ងប់​នឹង​សាសនា​អ៊ីស្លាម​ជ្រុល​និយម ហើយ​និងមាន​បញ្ហា​ផ្លូវ​ចិត្ត​ផង។ រូប​គេក៏បាន​ធ្វើ​ឲ្យ​របួស​ មនុស្សចាស់ ​២ នាក់ទៀតដែរ។​ ម្នាក់​ជាតិ​អង់គ្លេស​ អាយុ​៦៦ឆ្នាំ និង ម្នាក់ទៀត ជាតិ​បារាំង អាយុ​៦០ឆ្នាំ​។

យោងតាម​អយ្យការ​រដ្ឋអាជ្ញាបារាំង​​ប្រឆាំង​អំពើ​ភេរកម្ម​ គឺ​ ខ្មាន់​កាំបិត ជា​ជនជាតិ​បារាំង​ដើម​កំណើត​អ៊ីរ៉ង់ កើត​​នៅ​ប៉ារីស​ ក្នុង​ឆ្នាំ​១៩៩៧​​។ បុរស​បាត់ដៃប្រឡាក់ឈាម​​នេះ មាន​ជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​នគរបាល​បារាំង «Fichier S» ដែល​ឋិត​ក្នុង​ក្រុម​នុស្ស​ត្រូវ​តាម​រក​ចាប់ខ្លួន និង​ក្រោម​ការ​ត្រួត​ពិនិត្យតាម​ដាន​របស់​ប៉ូលិស​។ រូប​គេធ្លាប់​​បាន​ត្រូវ​តុលាការ​បារាំង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ៥ ឆ្នាំ និងបាន​ដេក​គុក​ ៤ ឆ្នាំ​រួ​ច​ហើយ តែ​​ត្រូវ​ដោះលែង​វិញ ​នៅឆ្នាំ២០២០​។​ ក្រោយ​ហេតុការណ៍សម្លាប់​មនុស្ស​​នៅ​យប់​ថ្ងៃសៅរ៍​ គឺ​ ខ្មាន់​កាំបិតរូបនេះ​ ក៏​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​បាន​ភ្លា​ម​​ដែរ​។​

រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​ លោក Gérald Darmanin  ​បាន​ទៅដល់​កន្លែង​កើត​ហេតុទាំង​យប់​ និង​ ​ប្រាប់​អ្នក​កាសែត​ថា នៅពេល​ធ្វើ​សកម្មភាព​ ជនដៃដល់​បាន​ស្រែក អាឡោះ អាក់បារ (ព្រះជាម្ចាស់ ធំ)។ ខ្មាន់កាំបិត ក៏បាន​សារភាព​ប្រាប់​ប៉ូលិសថា រូប​គេ​​មិន​ចង់​ឃើញ​អ្នកកាន់​សាសនាអ៊ីស្លាម​ ស្លាប់បន្តបន្ទាប់ទៀតទេ​​ ទាំងនៅ​អាហ្វហ្កានីស្ថាន ក៏ដូចជា​នៅ​តំបន់​កាហ្កា។​ បើតាម​រដ្ឋមន្ត្រី​មហាផ្ទៃបារាំង​ដដែល ខ្មាន់​កាំបិត ជា​អ្នកគាំទ្រ​ជន​ជាតិ​ប៉ាឡេស្ទីន ដែល​កំពុង​មាន​​សង្គ្រាម​ជាមួយ​អ៊ីស្រាអែល ហើយ ខ្មាន់​កាំបិត ក៏​​បាន​ចោទ​រដ្ឋបារាំង ថា​​គាំទ្រ​កាន់​ជើង​ខាង​អ៊ីស្រាអែល​។​

ព្រឹត្តិការណ៍ភេរវកម្ម​​នេះ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បារាំង​ពង្រឹង​សន្តិសុខបន្ថែម​ ហើយ​អ្នក​នយោបាយ​បារាំង តាំង​ពី​ប្រមុខ​រដ្ឋ នាយករដ្ឋមន្ត្រី ប្រធានសភា និង​ថ្នាក់ដឹកនាំ​នយោបាយ​បក្ស​ផ្សេងៗគ្នា ដែល​មាន​និន្នាការ​ប្រឆាំងក្តី​​ ​បាន​ចូលរួម​​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​និង​ជន​រងគ្រោះ ហើយ​ក៏​នាំ​គ្នា​ពោលពាក្យ​កោត​សរសើរ​ដល់​ក្រុម​ប៉ូលិសបារាំង​​ដែល​ក្លាហាន​ និង​បាន​ប្រតិបត្តិ​ការ​ចាប់​ខ្លួន​ជន​ដៃដល់​បាន​ភ្លាមៗ ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ