អានតួអត្ថបទ
អង់គ្លេស-អន្តោប្រវេសន៍

អង់គ្លេងរងការរិះគន់ខ្លាំង ក្រោយ​សភា​អនុម័តច្បាប់ចាប់បញ្ជូន​អន្តោប្រវេសន៍​ខុសច្បាប់ទៅរវ៉ាន់ដា

សភាអង់គ្លេសបានបោះឆ្នោត​អនុម័តកាលពីយប់ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារ​ទី​២៣មេសា នូវច្បាប់ថ្មីដ៏ចម្រូងចម្រាស​មួយ ដែលបានស្នើដោយរដ្ឋាភិបាល​លោករីស៊ី ស៊ូណាក់។ ច្បាប់នេះ នឹងអនុញ្ញាតឲ្យអាជ្ញាធរ​អង់គ្លេស អាចចាប់បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់ យកទៅកាន់ប្រទេសរវ៉ាន់ដា។ ក្រោយដំណឹងនៃ​ការ​អនុម័តច្បាប់នេះ អង់គ្លេសបានរងនូវការរិះគន់ជាខ្លាំង ពីសំណាក់អង្គការសហប្រជាជាតិ ក្រុមប្រឹក្សាទ្វីបអឺរ៉ុប និង​អង្គការ​សិទ្ធិមនុស្សនានា​។

លោក​នាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់ ពេលធ្វើសន្និសីតកាសែត​ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមប្រធានាបទ "Stop the Boats"។ ទីក្រុងឡុងដ៍ ថ្ងៃទី​២២​មេសា២០២៤
លោក​នាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់ ពេលធ្វើសន្និសីតកាសែត​ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមប្រធានាបទ "Stop the Boats"។ ទីក្រុងឡុងដ៍ ថ្ងៃទី​២២​មេសា២០២៤ REUTERS - Toby Melville
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីរុញឲ្យគ្នាចុះឡើងច្រើនដង រវាង​សភាជាន់ទាបនិងសភាជាន់ខ្ពស់អង់គ្លេស ទីបំផុតសភាអង់គ្លេសបានបោះឆ្នោតអនុម័តលើច្បាប់គ្រប់គ្រងអន្តោប្រវេសន៍​ថ្មីមួយ ដែល​ច្បាប់នេះនឹងអនុញ្ញាតឲ្យអាជ្ញាធរអង់គ្លេស ចាប់បញ្ជូន​​ជនអន្តោប្រវេសន៍​ដែល​បានចូល​មកដល់​ទឹកដីអង់គ្លេសដោយ​ខុសច្បាប់ យកទៅកាន់ប្រទេសរវ៉ាន់ដា​។ ច្បាប់នេះ បាន​ចាត់ទុកថារវ៉ាន់ដា គឺជាប្រទេសដែលមានសុវត្ថិភាព​។​ តាមការគ្រោងទុក រដ្ឋាភិបាលអង់គ្លេសបាន​ត្រៀម​មនុស្ស​ជាច្រើនរយនាក់ ជាក់ស្តែងដូចជាចៅក្រមជាច្រើននាក់​ ដើម្បី​ពន្លឿន​​នីតិវិធី បិទសំណុំរឿងស្នើសុំ​សិទ្ធិជ្រកកោន របស់​ជនអន្តោប្រវេសន៍​ប្រមាណ​២២០០នាក់ ក្នុងតំណាក់​កាលដំបូង​។​

សូមបញ្ជាក់ថា រដ្ឋាភិបាល​អង់គ្លេស​បានចុះ​កិច្ចព្រមព្រៀងមួយ ជាមួយរវ៉ាន់ដា​ ដោយប្រទេសនេះ​ សុខចិត្តទទួលយកជនអន្តោប្រវេសន៍​​ខុសច្បាប់​ពីអង់គ្លេស ជាថ្នូរនឹងថវិកាដ៏ច្រើនសន្ធឹក​​។ យ៉ាងណាមិញ នៅព្រឹកថ្ងៃអង្គារទី​២៣មេសា​ រដ្ឋាភិបាល​រវ៉ាន់ដា​បានឲ្យដឹងថាខ្លួនសប្បាយចិត្តណាស់ ដែល​សភាអង់គ្លេសបានអនុម័តច្បាប់នេះ​។

កាលពីថ្ងៃចន្ទទី​២២មេសា លោករីស៊ី ស៊ូណាក់ នាយករដ្ឋមន្ត្រីអង់គ្លេសដែល​ជាអ្នក​ផ្តើម​គំនិតធ្វើច្បាប់នេះ បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​លោក​បានត្រៀមខ្លួនរួចហើយ នឹង​ចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ទៅកាន់រវ៉ាន់ដា ក្នុង​រវាង​១០ ទៅ​១២សប្តាហ៍ទៀត បន្ទាប់ពីច្បាប់ថ្មីចូលជាធរមាន​។ នៅចំពោះមុខអ្នកកាសែត លោករីស៊ី ស៊ូណាក់​បានអះអាងទៀតថា យន្តហោះ​​បានត្រៀមរួចរាល់អស់ហើយ​ ដោយគ្មាននរណាអាចមករារាំង​ប្រតិបត្តិការនេះបានទេ​។ តែយ៉ាងណា បើផ្អែកតាម​បណ្តាញ​ព័ត៌មានអង់គ្លេស​ខ្លះ គឺរដ្ឋាភិបាលលោក​​​ស៊ូណាក់ មានការលំបាក​ណាស់​ក្នុងការ​រក​ក្រុមហ៊ុនដឹកជញ្ជូនតាមយន្តហោះ។

គួរបញ្ជាក់ថា ការអនុម័តច្បាប់ថ្មីរបស់អង់គ្លេសនេះ បាន​បង្កឲ្យ​មានការរិះគន់ជាខ្លាំង​។ លោក​ Enver Salomon តំណាងអង្គការ Refugee Council បាន​លើកឡើងថា រដ្ឋាភិបាលអង់គ្លេស គួរណា​តែ​ចំណាយ​កម្លាំងនិងពេលវេលា ទៅពិនិត្យ​ពាក្យសុំសិទ្ធិជ្រកកោន​របស់ជនភៀសខ្លួន​ ឲ្យ​បានត្រឹមត្រូវយុត្តិធម៌វិញល្អជាង​។​ ឧត្តមស្នងការសិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ បានអំពាវនាវថាអង់គ្លេសត្រូវតែពិចារណាឡើងវិញ​ឲ្យ​បានច្បាស់ ព្រោះថាច្បាប់នេះ ដើរ​បញ្រ្ចាស​ ពី​គោលការគ្រិះនៃសិទ្ធិមនុស្ស​។ កាលពីថ្ងៃចន្ទ អ្នករាយការណ៍ពិសេសផ្នែក​ជួញដូរមនុស្ស​និងអន្តោប្រវេសន៍​​ នៃអង្គការសហប្រជាជាតិ បាន​និយាយបង្កាថាក្រុមហ៊ុនដឹកជញ្ជូនតាមយន្តហោះ ដែលចូលរួមដឹក​ជនអន្តោប្រទេសន៍​ទៅបំបរបង់ចោល​នៅរវ៉ាន់ដា អាចនឹងជាប់ទោសពីបទសមគំនិត បំពានសិទ្ធិមនុស្ស​។​

លោក Michael O’Flaherty ស្នងការសិទ្ធិមនុស្ស​​​នៃក្រុមប្រឹក្សា​ទ្វីបអឺរ៉ុប ដែល​អង់គ្លេសក៏ជាសមាជិកដែរនោះ បាន​លើកឡើងថា ច្បាប់ថ្មីរបស់អង់គ្លេសនេះ​ អនុញ្ញាតឲ្យ​មាន​​ការចាប់បញ្ជូន​​ជន​​អន្តោប្រវេសន៍ទៅកាន់​រវ៉ាន់ដា ទាំងដែល​សំណុំឯកសារពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគេ មិនត្រូវបាន​តុលាការអង់គ្លេសយកទៅពិនិត្យ​​។ លោក​បន្តថា យោងតាមមាត្រា៣ នៃ​សន្ធិសញ្ញាអឺរ៉ុបស្តីពី​សិទ្ធិមនុស្ស គឺ​អង់គ្លេសគ្មាន​សិទ្ធិ​បណ្តេញចេញ ឬចាប់បញ្ជូនអ្នកដាក់ពាក្យសុំសិទ្ធិជ្រកកោនជាជនភៀសខ្លួន ទៅកាន់ប្រទេសដើម ឬទៅកាន់ប្រទេសទី៣នោះទេ។ ជាងនេះទៀត ច្បាប់ថ្មីរបស់អង់គ្លេសនេះ ថែមទាំងបានបិទផ្លូវ មិន​ឲ្យ​តុលាការអង់គ្លេស ពិនិត្យ​ពិចារណាថាប្រទេសរវ៉ាន់ដា ពិតជាទីកន្លែងមានសុវត្ថិភាព​ឬក៏អត់ ហើយ​គ្មាន​យន្តការច្បាស់លាស់ណាមួយ ដែល​នឹងមក​ធានាអះអាងថា​ អាជ្ញាធររវ៉ាន់ដា នឹងមិនបណ្តេញ​ជនអន្តោប្រវេសន៍​ទាំងនោះ ទៅកាន់ប្រទេសផ្សេងទៀតឡើយ​។

គួររំលឹកថា ជាច្រើនឆ្នាំមកហើយ ដែល​ជនអន្តោប្រវេសន៍​មកពីស៊ីរី អាហ្វហ្កានីស្ថាន ប៉ាគីស្ថាន អ៊ីរ៉ាក់ និង​​​បណ្តាប្រទេសអាហ្វ្រិកច្រើនទៀត បានសំរុកទៅ​អង់គ្លេស ដោយ​បានផ្សងជីវិតជិះទូក​ពោងតូចៗ ឆ្លងសមុទ្រManche ពីបារាំងទៅអង់គ្លេស​។ ករណីលិចទូកស្លាប់​មនុស្ស ​តែងតែកើតមានជារឿយៗ ជាក់ស្តែងនៅថ្ងៃទី​២៤មេសានេះ គឺមានស្លាប់​៥នាក់ទៀត។ ឆ្នាំ​២០២២ ជនអន្តោប្រវេសន៍​ដែល​បានជិះទូក​ទៅដល់​អង់គ្លេស មាន​ចំនួន​ដល់​ទៅ​ជាង​៤៥០០០នាក់ មុននឹងធ្លាក់ចុះ​មកត្រឹម​ជិត​៣០០០០នាក់ នៅឆ្នាំ​២០២៣។ តែគិតពីដើមឆ្នាំ​២០២៤នេះ ចំនួនជន​អន្តោប្រវេសន៍​ជិះ​​ទូកពោងឆ្លងសមុទ្រManche បាន​កើនឡើងដល់ទៅ​២០%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ